ទៅ​មុខ​មិនរួច​ មានតែ​ដេក​សិន… កន្លែងណាក៏ដេកដែរ​

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤​កន្លះ ​ចេញពី​ផឹកស៊ី​ស្រវឹង​ជោកជាំ​បើករថយន្ត​ទៅ​មុខ​លែង​រួច​ បាន​ឈប់​រថយន្ត​ដេក​លង់លក់​​នៅ​មុខ​របង​វត្ត​ឧណ្ណាលោម តាម​បណ្តោយ​ផ្លូវ​សុធារស សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី​៥ ​ឧសភា ២០១៦ ។

​ប្រភពឱ្យ​ដឹង​ថា ​​គេ​​បានឃើញ​បុរស​ម្នាក់​ជាមន្ត្រី​នគរបាល​ពាក់​ស័ក្តិ​៤​កន្លះ មិនដឹង​ថា​ គាត់​ទើបនឹង​ចេញ​មកពីណា​នោះ​ទេ​ ជិះ​រថ​យន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-7776 បើក​​តាម​បណ្តោយ​ផ្លូវ​សុធារស​ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​
ជើង ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​មុខ​វត្ត​ឧណ្ណាលោម ​គាត់​បាន​ឈប់​រថយន្ត ​ហើយ​ដេក​នៅ​ក្នុង​រថយន្ត​ ដោយ​មិន​បាន​ចា​ក់ឡុក​សោ​​ទេ ធ្វើ​​ឱ្យ​ជន​ឆ្លៀត​ឱ​​កាស​បាន​បើកទ្វារ​រថយន្ត​របស់​គាត់​បម្រុង​​លួច​យក​របស់របរ តែ​សំណាងល្អ​ មាន​លោកពូ​ម្នាក់​ជា​អ្នក​រត់​ម៉ូតូឌុប​​បានឃើញ​ទាន់​ស្រែក​ឆោឡោ​ថា ​ចោរ​ៗ​ទើប​ជន​នោះ​​រត់គេច​ខ្លួន​បាត់​ស្រមោល​ ។ េះក្រោយ​ពេល​កើតហេតុ ​លោកនាយ​ប៉ុស្តិ៍​​ជ័យ​ជំនះ ​បាន​មក​ដល់​កន្លែង​កើតហេតុ​ ​និងបាន​ដាស់​គាត់​​ឱ្យ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ចាត់ទុក​ថា គាត់​ចេះ​ដឹង​គ្រាន់បើ ។ បើទៅ​មុខ​មិន​រួច​ទេ មាន​តែ​ដេក​មួយភ្លែត​សិន អាណាលួចអីលួចទៅ អញ​ដេក​សិនហើយ ម៉ែ​វា​អើយ... ។