គន្លឹះ​ស្វែងយល់​ ពី​ផ្លូវចិត្ត​ម្តាយ

ទិវា​អ្នក​ម្តាយ​កំពុង​ខិតជិត​មកដល់​ហើយ   គឺ​នៅ​ថ្ងៃអាទិត្យ ទី៨ ខែ​ឧសភា នេះ​ជា​ឱកាស​ដែល​កូនៗ មិនគួរ​មើល​រំលង ក្នុង​ការ​បង្ហាញ​ការ​យកចិត្តទុកដាក់ កតញ្ញុតា ចំពោះ​អ្នក​ម្ដាយ​ដែល​មាន​គុណ​បីបាច់​ថែរក្សា​ខ្លួន​តាំងពី​តូច​ក្រូចឆ្មារ​មករ​ហូត​ដល់​ធំ​ពេញវ័យ ។
 
យើង​សង្កេតឃើញ​ថា ​ម្ដាយ​កាន់តែ​ចម្រើន​វ័យ ភាគច្រើន​ផ្លូវចិត្ត​ក៏​កាន់តែ​ស្មុគស្មាញ   ពិបាក​តម្រូវ​ចិត្ត ឬ ពាក្យ​សាមញ្ញ​ដែល​គេ​និយម​និយាយ គឺ «ចិត្តច្រើន«  ។ អញ្ចឹង​តើ​កូនៗ​គួរ​ស្វែងយល់​ពី​ផ្លូវចិត្ត​អ្នក​ម្ដាយ​របស់​ខ្លួន​ដោយ​របៀប​ណាខ្លះ ដើម្បី​ធ្វើ​ឲ្យ​លោក​សប្បាយចិត្ត ធូរស្រាល​អារម្មណ៍ និង​មាន​សុខភាព​ល្អ?
 
អ្នករាយការណ៍​ព័ត៌មាន SABAY បាន​សម្ភាសន៍​ជាមួយ លោក ឃីម សុខ​ហេង នាយក​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ  និង ជា​អ្នក​ជំនាញ​ម្នាក់​ក្នុង​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ជុំវិញ​បញ្ហា​ថា “តើ​កូន​គួរ​ស្វែង​យល់​ពី​ផ្លូវចិត្ត​អ្នក​ម្ដាយ​ដោយ​របៀប​ណា? ” ៖
 
 

គន្លឹះ​ស្វែងយល់​ ពី​ផ្លូវចិត្ត​ម្តាយ

 

សំណួរ ១   ៖    ជា​ដំបូង​សូម​លោក​ពន្យល់  តើ​ដូចម្ដេច​ជា​ការ​ស្វែងយល់​ផ្លូវចិត្ត​អ្នក​ម្ដាយ?
 

ចម្លើយ       ៖          ការ​ស្វែងយល់​ផ្លូវចិត្ត​អ្នក​ម្ដាយ គឺជា​ការ​ចង់ដឹង ចង់​យល់​ពី​ជម្រៅ​ចិត្ត​អ្នក​ម្តាយ ថា​តើ​អ្នក​ម្តាយ​សុខទុក្ខ​យ៉ាងណា តូចចិត្ត​ឬ​អត់ មាន​អារម្មណ៍ ឯក​កោរ   រីករាយ កក់ក្តៅ​ក្នុង​ចិត្ត​ទេ? ។ល។
 

សំណួរ ២   ៖   លោក​យល់ថា ផ្លូវចិត្ត​ម្ដាយ ងាយស្រួល ឬ​ពិបាក​ស្វែងយល់​សម្រាប់កូនៗ ? ហេតុអ្វី    ?
 
ចម្លើយ       ៖          ផ្លូវចិត្ត​ម្ដាយ​ងាយស្រួល​ស្វែងយល់​សម្រាប់​កូន ពីព្រោះ​អ្នក​ម្ដាយ​ជាទូទៅ​តែងតែ​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ចំពោះ​កូនៗ ហើយ​អ្នក​ម្ដាយ​បាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​កូន​តាម​ពាក្យ​សម្ដី​ និង​កាយវិការ ដើម្បី​បង្ហាញ​ពី​អារម្មណ៍ និង​ទឹកចិត្ត​របស់​គាត់ ។
 
សំណួរ  ៣ ៖    តើ​ហេតុអ្វី កូន​ត្រូវ​ចំណាយ​ពេល​ស្វែងយល់​ពី​ផ្លូវ​អ្នក​ម្ដាយ?  
 

ចម្លើយ       ៖          ដើម្បី​បង្កើត​សេចក្ដីខុស សុភមង្គល​ក្នុង​ជីវិត​និង​គ្រួសារ តាមរយៈ​ការ​បំពេញ​តម្រូវការ​ផ្លូវចិត្ត​របស់​អ្នក​ម្ដាយ ហើយ​អ្នក​ម្ដាយ​ត្រូវការ​ការយល់​ចិត្ត​ពីកូនៗ  ។  ការ​យកចិត្តទុកដាក់​របស់​កូន​ចំពោះ​អ្នក​ម្ដាយ គឺ​ពិតជា​សំខាន់​បំផុត​ដែល​មិន​អាច​កាត់ថ្លៃ​បាន ព្រោះថា​គ្មាន​អ្នក​ម្ដាយ គឺកូនៗ​មិន​អាច​មើល​ពិភពលោក​ឃើញ​នោះ​ទេ។
 

សំណួរ ៤    ៖   តើ​ត្រូវ​ស្វែងយល់​ទឹកចិត្ត​អ្នក​ម្ដាយ​ដោយ​របៀប​ណា?
 

ចម្លើយ       ៖        ១-បើសិនជា​គាត់​បើក​ចិត្ត កូនៗ​អាច​សុំ​សួរ​គាត់ តើ​កូន​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​ឲ្យ​អ្នក​ម្ដាយ​សប្បាយចិត្ត ស្ដាប់​ហើយ​កូន​ចាប់ផ្ដើម​ដាក់​អាទិភាព​ចំណុច​ណា​គួរ​ធ្វើ​មុន ហើយ​ចំណុច​ណា​បន្ទាប់។
២- បង្កើត​ភាព​ស្និត​ស្នាល លេងសើច​សប្បាយ សង្កេត​យក​ចំណុច​ដែល​អ្នក​ម្តាយ​ចូលចិត្ត រួច​ធ្វើ​រឿង​នោះ​ឲ្យ​បាន​ច្រើន​ដង​ជារឿយៗ
៣- កូន​ស្វែង​យល់ចិត្ត​អ្នក​ម្ដាយ តាមរយៈ​ការសាកសួរ​មនុស្ស​ដែល​អ្នក​ម្តាយ​ស្និទ្ធស្នាល​ជាមួយ ព្រោះ​គាត់​តែងតែ​ជជែក​ប្រាប់​នូវ​ពាក្យ​ក្នុង​ចិត្ត។
 
សំណួរ ៥   ៖    តើកូនៗគួរ​ធ្វើ​អ្វីខ្លះ​ចំពោះ អ្នក​ម្ដាយ ក្នុង​ឱកាស​ទិវា​អ្នក​ម្ដាយ​នេះ ?
 

ចម្លើយ       ៖          អ្វី​ដែល​កូនៗគួរ​ធ្វើ​ចំពោះ អ្នក​ម្ដាយ ក្នុង​ឱកាស​ទិវា​អ្នក​ម្ដាយ​នេះ គឺ ១.ថ្វាយបង្គំ​គាត់ ឱប​គាត់ ២.ពោល​ពាក្យ​ដឹងគុណ គោរព ស្រឡាញ់   ៣.រៀបចំ​ម្ហូបអាហារ​ជូន​គាត់   ៤.នាំ​គាត់​ដើរ​កម្សាន្ត ធ្វើបុណ្យ ដាក់​ទាន   ៥.សន្យា​ជាមួយ​គាត់​ធ្វើ​កូន​ល្អ ខំរៀន មានការ​ងារ​ល្អ លើកស្ទួយ​គ្រួសារ ។ល។
 
 
សំណួរ ៦   ៖    តើ​លោក​មាន​ពាក្យពេចន៍​អ្វី​ចង់​ផ្តាំផ្ញើ​ទៅកាន់​មិត្ត​អ្នកអាន ជុំវិញ​បញ្ហា​នេះ?
 

ចម្លើយ       ៖          សូម​កូនៗ​ស្វែងយល់​ចិត្ត​អ្នក​ម្ដាយ​ឲ្យ​បាន​ល្អ ធ្វើ​ឲ្យ​អ្នក​ម្តាយ​សប្បាយចិត្ត តាម​ពាក្យសម្ដី កាយវិការ​របស់​កូន ពិសេស​គឺ​ផ្តល់​ភាព​សំខាន់​ដល់​អ្នក​ម្ដាយ អ្នក​ម្តាយ​សំខាន់​ណាស់​សម្រាប់​ជីវិត​និង​អនាគត​កូន ចូរ​កូនៗគួរ​ចងចាំ​ថា អ្នក​ម្ដាយ​នេះ​ហើយ​ជា​អ្នក​ផ្តើម​ជីវិត​កូន មាន​អ្នក​ម្ដាយ​គឺមាន​ភ្នំ​នៃ​ក្តី​ស្រឡាញ់​សម្រាប់​បាំង​ព្យុះ​នៃ​សេចក្ដី​ភ័យខ្លាច​របស់​កូន កូន​មាន​ភាពកក់ក្តៅ​ពេល​នៅ​ជាមួយ​អ្នក​ម្តាយ ៕

 
 

អត្ថ​ប​ទ៖ លីដា
រូបថត៖ ផ្ដល់ឲ្យ