ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​

ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​



បាត់ដំបង ៖ គ្រឿង​ចក្រ​១​គ្រឿង ដែល​បាន​លប​លួច​ចូល​ទៅ​កាយ​ដី​ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​ក្នុង​តំបន់​ហាមឃាត់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​ហ្លួង ​ចុះ​ធ្វើការ​ហាមឃាត់​ដើម្បី​យក​មក​ប្រគល់​ឲ្យ​ខាង​អាជ្ញាធរ​ស្រុក ខណៈ​ដែល​គ្រឿងចក្រ​នេះ​កំពុងតែ​ធ្វើ​សកម្មភាព​កាយ​ដី​នៅ​ក្នុង​តំបន់​ដែល​ត្រូវ​ហាម​ឃាត់។

ក្នុង​កិច្ចប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​លោក​ លៀម ចន្ថា នាយរង​ប៉ុស្តិ៍​ព្រែក​ហ្លួង កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ គឺ​បាន​ចុះទៅ​កាន់​ចំណុច​ភូមិ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង​ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដោយ​កម្លាំង​បាន​ឃាត់​យក​គ្រឿងចក្រ​១​គ្រឿង ​ដែល​កំពុង​លួច​ធ្វើ​សកម្មភាព​កាយ​ដី​គ្មាន​ច្បាប់​អនុញ្ញាត​នៅ​ក្នុង​តំបន់​ហាមឃាត់ ព្រោះ​ទីតាំង​ខាងលើ​គឺជា​ដី​របស់​រដ្ឋ ហើយក៏​គ្មាន​អ្នក​ណា​ម្នាក់​មាន​សិទ្ធិ​ទៅ​ទន្ទ្រាន និង​ធ្វើ​ការ​កាយ​ជា​រណ្ដៅ​ ដើម្បី​ធ្វើ​អ្វីមួយ​ក្នុង​ការ​ទាញ​យក​ផល​ជា​ដាច់ខាត។

លោក លៀម ចន្ថា នាយរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ហ្លួង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ក្រោយពី​ទទួល​បាន​ព័ត៌មាន​ថា​ មាន​គ្រឿងចក្រ​១​គ្រឿង​កំពុង​លួច​ធ្វើ​សកម្មភាព​កាយ​ដី​គ្មាន​ច្បាប់​ក្នុង​តំបន់​ហាមឃាត់ គឺ​តំបន់​អភិរក្ស​ពូជ​ត្រី និង​ព្រៃ​លិច​ទឹក​អា​កី ក្នុង​សហគមន៍​នេសាទ​បាក់រទេះ ហើយ​ភ្លាមៗ​នោះ​ដែរ លោក​ក៏បាន​ទទួលបញ្ជា​ពី​អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ដើម្បី​ដឹកនាំ​កម្លាំង​ចុះ​ដល់​ទី​តាំង​ និង​ធ្វើ​ការ​ឃាត់​បញ្ជូន​ទៅ​ស្រុក​តែម្ដង។
លោក​ លៀម ចន្ថា បាន​បន្ត​ថា ម្ចាស់​គ្រឿងចក្រ​ដែល​លប​លួច​កាយ​ដី​គ្មាន​ច្បាប់​ក្នុង​តំបន់​ហាមឃាត់​នោះ​ មានឈ្មោះ ផល ចំរើន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្តី​លើ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង។

លោក​ ផុន គឹ​ន ប្រធាន​សហគមន៍​ព្រែក​ហ្លួង​បាន​ប្រាប់​ផង​ដែរ​ថា ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​លើក​ឡើង​ថា ​មិន​មាន​ទឹក​ប្រើប្រាស់​ និង​ស្រោចស្រព​ផលដំណាំ​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ផង​នោះ លោក​ក៏បាន​អនុញ្ញាត​ឲ្យ​គ្រឿងចក្រ​ចូល​កាយ​តែម្ដង ​ដោយ​ឲ្យ​ខាង​ម្ចាស់​គ្រឿងចក្រ​ជា​អ្នក​រត់​ច្បាប់។

បើ​យោង​តាម​ប្រភព​ពី​ពលរដ្ឋ​មួយ​ចំនួន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​ការ​លួច​កាយ​ដី​គ្មាន​ច្បាប់​ក្នុង​តំបន់​ហាមឃាត់​ខាង​លើ​នេះ ​មិនមែន​ទើបតែ​កើត​ឡើងជា​លើកទីមួយ​នោះ​ទេ គឺ​កើតមាន​ឡើងជា​រៀងរាល់​ឆ្នាំ​ ដើម្បី​ធ្វើ​ស្រះ​ទាញ​យក​ផល​ត្រី ប៉ុន្តែ​ដោយសារតែ​ឆ្នាំនេះ នៅ​គ្រប់​ទីកន្លែង​កំពុង​ជួប​នឹង​គ្រោះ​រាំងស្ងួត​ផង​ ក៏​ប្រើ​រូបភាព​នេះ​ជា​ល្បិច​ដើម្បី​កាយ​ស្រះ​ជាច្រើន​ក្នុង​តំបន់​ហាមឃាត់​តែម្ដង។​

បច្ចុប្បន្ន​ ជនល្មើស​ច្បាប់​នឹង​គ្រឿងចក្រ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បញ្ជូន​ទៅកាន់​សាលា​ស្រុក​ឯក​ភ្នំ​ហើយ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ប៉ុន្តែ​គេ​មិនបាន​ដឹង​ថា​ លោក​អភិបាលស្រុក​​ធ្វើការ​ដោះស្រាយ​ដោយ​ខ្លួនឯង ឬក៏​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ខាង​អង្គភាព​ជំនាញ​នោះ​ទេ៕
ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​
ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​

ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​

ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​

ការ​ឃាត់​គ្រឿងចក្រ​ដែល​បំពាន​ចូល​កាយ​ដី ​ក្នុង​តំបន់​ហាម​ឃាត់​