កម្ពុជា​ ធ្វើ​ម្ចាស់ផ្ទះ​សមាជ​លើក​ទី​១៩ ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​

កម្ពុជា​ ធ្វើ​ម្ចាស់ផ្ទះ​សមាជ​លើក​ទី​១៩ ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​



ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ឯកឧត្ដម​បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សមាជ​លើក​ទី​១៩ របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន ក្រោម​ប្រធានបទ «​អាស៊ាន​តែមួយ ស្តង់ដារ​វាយតម្លៃ​តែមួយ​» ដែល​បាន​រៀបចំឡើង​ដោយ​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA) ក្នុងនាម​ជា​ប្រធាន​ប្ដូរ​វេន​របស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​(AVA) និង​ជា​ម្ចាស់ផ្ទះ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ផង​ដែរ។

គោលបំណង ​នៃ​អង្គ​សមាជ​លើក​ទី​១៩​នេះ គឺ​ដើម្បី​ផ្ដល់​នូវ​យន្ដកាល​ នៃ​ការ​ចែក​រំលែក​ព័ត៌មាន និង​បទពិសោធន៍​ពី​គ្នា​ទៅវិញទៅមក ក្នុងចំណោម​តំណាង​មកពី​វិស័យ​សាធារណៈ ឯកជន ស្ថាប័ន​វិជ្ជាជីវៈ អ្នកស្រាវជ្រាវ មជ្ឈដ្ឋាន​សិក្សា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត ដើម្បី​ធ្វើការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម ដែល​ពាក់ព័ន្ធ​នឹង​ការវាយតម្លៃ លើ​ប្រធាន «​អាស៊ាន​តែមួយ ស្តង់ដារ​វាយតម្លៃ​តែមួយ​»​។

អង្គ​សមាជ​នេះ អាច​ប្រព្រឹត្ត​ទៅ​បាន​ក្រោយ​រយៈពេល​៥​ឆ្នាំ គិត​ចាប់​តាំងពី​ប្រទេស​កម្ពុជា រៀប​ចំ​បុ​រេ​សមាជ​លើក​ទី​១៧ របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន ឆ្នាំ​២០១១ នៅ​ខេត្ត​សៀមរាប​។

ក្នុង​រយៈកាល​នេះ សមាជិក​របស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន​ទាំងអស់ មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​វិជ្ជាជីវៈ​វាយតម្លៃ ក្នុង​នោះ​ដែរ មាន​សមាជិក​មួយ​ចំនួន បាន​ឈាន​ដល់​កម្រិត​មួយ នៃ​ការ​វិវត្តន៍​កាន់​ស្តង់ដារ​អន្តរជាតិ។ ប្រធានបទ «​អាស៊ាន​តែមួយ ស្តង់ដារ​វាយតម្លៃ​តែមួយ​» ឆ្លុះបញ្ចាំង​អំពី​ទស្សនៈ​វិស័យ​របស់​សមាគម​សេដ្ឋកិច្ច​អាស៊ាន​របស់​យើង គឺ«​ទស្សនៈ​វិស័យ​តែមួយ អត្ត​សញ្ញាណ​តែមួយ សហគមន៍​តែមួយ​»។

សមាគម​សេដ្ឋកិច្ច​អាស៊ាន គឺ​ស្ថាប័ន​សេដ្ឋកិច្ច និង​នយោបាយ ដែល​កំពុង​ស្ទុះ​ឡើង និង​ជា​កម្លាំង​ចលក​មួយ​យ៉ាង​សំខាន់ ក្នុង​បរិបទ​សេដ្ឋកិច្ច និង​នយោបាយ ដោយ​សមាគម​ទាំងមូល មាន​ប្រជាជន​សរុប​ទាំងអស់​ចំនួន​៦០០​លាន​នាក់ និង​ទំហំ​តម្លៃ​ទីផ្សារ​សរុប​មាន​ចំនួន​២,៦​ពាន់​លាន​ដុល្លារ​អាមេរិក និង​កំណើន​ជា​មធ្យម​ចំនួន​៤,៩%។

ជា​ការ​រំពឹង ​នៅ​ឆ្នាំ​២០១៦​នេះ សមាគម​អាស៊ាន គឺជា​ទីផ្សារ​ដែល​កំពុង​ងើបឡើង និង​ទាក់​ទាញ​ការ​វិនិយោគ​ជា​សាកល និង​ដើរ​តួនាទី​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​យ៉ាង​សំខាន់ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​អាស៊ី។ ការ​បង្កើត​ស្តង់ដារ​វាយតម្លៃ​អាស៊ាន ពុំ​មែន​ជា​កិច្ចការ​ដ៏​ងាយស្រួល​ឡើយ ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ទាំង​ពេលវេលា និង​កម្លាំងចិត្ត ដើម្បី​ឈាន​ទៅ​ដល់​កិច្ច​ព្រមព្រៀង អនុវត្ត​ជា​សាកល​សម្រាប់​សមាជិក​អាស៊ាន​ទាំងអស់ ដែល​ស្ថិតនៅក្នុង​ដំណាក់កាល​ផ្សេងគ្នា ទាំង​ការអភិវឌ្ឍន៍​ក្នុង​គ្រប់​ខណ្ឌ​ច្បាប់ និង​បទបញ្ញត្តិ​។ អង្គ​សមាជ​លើក​ទី​១៩​នេះ នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ក្នុងចំណោម​សមាជិក​ទាំងអស់ ក្នុង​ការ​រួមគ្នា​អភិវឌ្ឍន៍​វិជ្ជាជីវៈ នៅក្នុង​វិស័យ​វាយតម្លៃ ក៏ដូចជា​ការលើកកម្ពស់​សមាគម​អ្នកវាយតម្លៃ​អាស៊ាន​ឲ្យ​ក្លាយទៅជា សមាគម​តែមួយ នៅ​ក្នុង​តំបន់ និង​ឆាក​អន្តរជាតិ​៕

កម្ពុជា​ ធ្វើ​ម្ចាស់ផ្ទះ​សមាជ​លើក​ទី​១៩ ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​

កម្ពុជា​ ធ្វើ​ម្ចាស់ផ្ទះ​សមាជ​លើក​ទី​១៩ ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​

កម្ពុជា​ ធ្វើ​ម្ចាស់ផ្ទះ​សមាជ​លើក​ទី​១៩ ​របស់​សមាគម​អ្នក​វាយតម្លៃ​អាស៊ាន​