បទល្មើស​ដឹកឈើ​គ្រញូង​ឆ្លងកាត់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ នៅតែ​បន្ត​កើតមាន​យ៉ាង​រាលដាល​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​តំបែរ ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ឈ្មួញ​នៅតែ​ប្រើ​រថយន្ត​ទំនើបៗ​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​យកទៅលក់​នៅ​ស្រុក​យួន​ដូច​មុន​ដដែល​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ទ្រង់ទ្រាយ​ធំ​ដែល​ចាប់ផ្ដើម​កាលពី​អំឡុង​ចុងខែ​មករា ឆ្នាំ​២០១៦​នេះ ពុំមាន​ប្រសិទ្ធភាព​ទេ ព្រោះ​ឈ្មួញ​មិន​ខ្លាច​ចំណាត់ការ​នោះឡើយ​។ ជាមួយគ្នានេះ​សមត្ថកិច្ច​ពាក់ព័ន្ធ​បង្ក្រាប​តែ​ឈ្មួញ​ដឹកឈើ​ទាំងឡាយណា​ដែល​មិន​ផ្ដល់​ផលប្រយោជន៍​ឲ្យ​ពួកគេ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដែលមាន​ទំនាក់ទំនង​ល្អ​គឺអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។

កាលពី​វេលា​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​ស្នាក់ការ​លេខ​៧០១ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ពញាក្រែក និង​មេព្រៃ​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ ចាប់បាន​រថយន្ត​ដឹកឈើ​គ្រញូង​១​គ្រឿង​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​រឹបអូស​បាន​ឈើ​គ្រញូង​ជាច្រើន​ដុំ​ផងដែរ ប៉ុន្តែ​ពុំមាន​សេចក្ដីរាយការណ៍​ពី​រឿង​ឃាត់ខ្លួន​ជនល្មើស​ដែលជា​ម្ចាស់​រថយន្ត​ដឹកឈើ​នៅឡើយ​ទេ​។ មានការ​រិះគន់ថា មកពី​ម្ចាស់​រថយន្ត​ដឹកឈើ​គ្រញូង​មិន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ការកំណត់ ទើបត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យក​ស្នាដៃ រីឯ​ឈ្មួញ​ដែល​ចេះ​រត់ការ​សម្របសម្រួល​អាច​ដឹកជញ្ជូន​ឈើ​គ្រញូង​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ដល់​ច្រកព្រំដែន ឬ​ច្រករបៀង ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​រិះគន់ថា​រហូតមកដល់​ពេលនេះ​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ជាដើម មិន​បង្ក្រាប​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​ឲ្យ​ស្របទៅតាម​បទបញ្ជា​លោក ហ៊ុន សែន នោះទេ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​មួយចំនួន​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល គ្រាន់តែ​គេ​មិន​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​ដូច​កាលពីមុន​។ ចំណែក​ឈ្មួញ​ធំៗ​ដែល​រត់ពន្ធ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​នាពេល​កន្លងមក​ដូចជា ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា វ័ន ប៊ុន​ថៃ ជាដើម​នៅតែ​អាច​គេច​ផុតពី​វិធានការ​ច្បាប់​យ៉ាង​ក្រអឺតក្រទម​៕

13140891_1551245125171064_895134568_n 13162426_1551245115171065_2028283588_n 13180985_1551245128504397_666747628_n 13181154_1551245121837731_1111123134_n