លោក ប្រាក់ សុខុន ជួប​ទូត​បរទេស​ទាំង​អស់​ប្រចាំ​កម្ពុជា​

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេសទូត​បរទេស​ទាំងអស់ ប្រចាំ​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នៅ​រសៀល​ថ្ងៃទី​៥ ឧសភា​នេះ​។ គេ​មិនទាន់​ដឹង​ច្បាស់​ថា រដ្ឋមន្ត្រីការបរទេស​កម្ពុជា មាន​គោលបំណង​អ្វី​ក្នុង​ការជួបជុំ​ប្រមុខ​ការទូត​បរទេស​នោះទេ​។ -

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស សុំ​មិន​បកស្រាយ​ពី​បំណង​នៃ​កិច្ចប្រជុំ រវាង​លោក ប្រាក់ សុខុន ជាមួយ​ឯកអគ្គរាជទូត​និង​ឯកអគ្គរដ្ឋទូត ទាំងអស់ ដែល​ប្រចាំ​នៅ​កម្ពុជា​។ ជាងនេះទៀត លោក ជុំ សុន្ទរី ក៏​មិនទាន់​ហ៊ាន​អះអាងថា ជំនួប​ដ៏​ធំ​នេះ អាច​នឹង​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ដែល​កំពុងតែ​ឡើងក​ម្តៅ​នាពេល​បច្ចុប្បន្ន នោះដែរ​។  

អ្នកនាំពាក្យ​រូបនេះ បានត្រឹមតែ​បញ្ជាក់​យ៉ាងខ្លី​ថា លោក​អាច​ដឹង​លទ្ធផល និង​អាច​អត្ថាធិប្បាយ​ពី​ខ្លឹមសារ​នៃ​ជំនួប​នេះ នៅពេលដែល​កិច្ចប្រជុំ ត្រូវបាន​បញ្ចប់​ជាមុនសិន​។
យ៉ាងណាក៏ដោយ លោក ជុំ សុន្ទរី នៅតែ​បង្ហើប​ថា ការប្រជុំ​នេះ អាចជា​ឱកាស​សម្រាប់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​កម្ពុជា បានបង្ហាញ​ខ្លូន​នៅ​ចំពោះមុខ​ប្រធាន​ការទូត​បរទេស​ទាំងអស់ ដែល​ប្រចាំ​នៅ​កម្ពុជា​។

​លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជា​ទម្លាប់ នៅពេលដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថ្មី ឡើងកាន់ដំណែង គេ​តែងតែ​ធ្វើ​ពិធី​មួយ ដើម្បី​រដ្ឋមន្ត្រី​បាន​ជួបជុំ​និង​បង្ហាញមុខ ក្នុងចំណោម​ប្រធាន​ទូត​បរទេស​ទាំងអស់​នៅ​កម្ពុជា​»៕