បាត់កូន​ច្រើនថ្ងៃ ពេលជួប​ស្លុតចិត្ត​​និយាយលែងរួច

ខេត្តកណ្តាល ៖ ​​សាក​សព​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ មាន​​សភាព​ហើយ​​​រលួយស្អុយអសោច៍ទៅហើយ​ និង​​អាក្រាត​​កាយផង ដែល​ករណី​នេះ​ស​ង្ស័យ​​ថា ​ត្រូវ​បាន​គេ​រំលោភ​សម្លាប់ជា​ច្រើន​ថ្ងៃ​ ក៏​ត្រូវ​​អ្នក​​ដើរ​​រក​ឃ្មុំ​ប្រទះ​ឃើញ​ បង្កឱ្យ​ភ្ញាក់​ផ្អើល កាលពី​ម៉ោង​០១ ​និង​១០​នាទីរសៀល​ថ្ងៃ​ទី​៤ ឧសភា ស្ថិតនៅ​ក្នុង​ព្រៃចំណុច​មាត់​ប្រឡាយ​ខាងលិច​​ផ្លូវជាតិ​​លេខ​៦ ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ ​​ក្នុង​ភូមិ​កណ្ដាល ឃុំ​ព្រែក​អញ្ចាញ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល ។ ​

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល​​ឱ្យ​ដឹង​ថា ​​ក្មេង​ស្រីរងគ្រោះ​​មាន​ឪពុក​ម្ដាយ​ ស្នាក់​នៅ​ធ្វើ​ជា​កម្មករ​ឡឥដ្ឋ​បាយ័ន ​ក្នុង​ភូមិ​ក្រោម ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ ។

មន្ត្រី​ដដែល​​​បន្ថែម​ទៀត​ថា ​កាលពី​វេលា​ម៉ោង៥​ និង​៣០នាទីល្ងាចថ្ងៃ​ទី​២២ មេ​សា ​កន្លងមក​ ក្មេង​ស្រី​រង​គ្រោះ​​បាន​បាត់​ពី​ផ្ទះ ​ដោយ​មិនដឹង​​មូលហេតុ ហើយ​ឪពុក​ម្ដាយ​​បាន​ពឹងពាក់​​ឱ្យ​អ្នក​ជិតខាង​​ជួយ​ដើរ​រក តែ​រក​មិនឃើញទេ ក៏​បាន​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍ ព្រែក​អញ្ចាញ  ។

កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ទៅ​ជួយ​រក តែ​នៅរក​មិនឃើញ កម្លាំង​បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ  រហូត​លុះ​ដល់​ថ្ងៃ​ទី​៤ ឧសភា ​វេលា​ម៉ោង​​០១ ​និង​៣០នាទី​រសៀល​ ក៏មាន​អ្នក​ដើរ​រក​ឃ្មុំ​​​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​រង​គ្រោះ​​នៅ​ក្នុង​ព្រៃ​ក្បែ​ប្រឡាយ ចម្ងាយ​ពី​ផ្លូវជាតិ ប្រមាណ​៣០០​ម៉ែត្រ ក៏​បាន​មក​ប្រាប់​អ្នក​ភូមិ​​ផ្អើល​ឆោឡោ ។ 

ភ្លាម​នោះ ​លោក​អធិកា​រ​បាន​បញ្ជា​ឱ្យ​​កម្លាំង​ប៉ុស្តិ៍​ និង​ស្រុក ​ចុះ​ទៅ​កន្លែង​កើតហេតុ​ ដើម្បី​ធ្វើការ​ហ៊ុម​ព័ទ្ធការពារ​កន្លែង​កើតហេតុ រង់ចាំ​កម្លាំង​ជំនាញ​ខេត្ត​ចុះ​មក​ពិនិត្យ​សាកសព​។​