ម៉ែ​ៗ​គាត់​ទំនេរ អត់​ការងារ​ធ្វើ លេង​តិចតួច​ទៅ !

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​ទាំង​ចាស់ ទាំង​ក្មេង ទាំងប្រុស ទាំងស្រី នាំ​គ្នា​លេងល្បែង​បៀរ អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង ទាំង​នៅ​តាម​ផ្ទះ និង​តាម​ផ្លូវ​សាធារណៈ ស្ទើរ​គ្រប់​ទីកន្លែង​ក្នុងស្រុក​មេ​សាង ហាក់ដូចជា​គ្មាន​ខ្លាចញញើត​សមត្ថកិច្ច​អ្វី​បន្តិច​ទាល់តែ​សោះ​។

ជាក់ស្តែង​នៅ​ភូមិ​បឹង ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង គេ​ឃើញ​ប្រជាពលរដ្ឋ​ទាំងប្រុស ទាំងស្រី កំពុង​តែ​សប្បាយ​រីករាយ​នឹង​ការ​ជុំ​គ្នា​លេងបៀរ និង​ខ្លា​ឃ្លោក​នៅ​តាម​ផ្ទះ​របស់​ពួក​គេ​ជា​រៀងរាល់ថ្ងៃ ម្នាក់​ៗ​មិន​គិត​ខ្វល់ខ្វាយ​រឿង​ធ្វើការ​រកស៊ី​អ្វី​ទាល់តែ​សោះ​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ចំណុចដើម​ពោធិ៍ ព្រំប្រទល់​ឃុំ​ស្វាយ​ជ្រំ ឃុំ​ព្រៃ​ទទឹង និង​ឃុំ​ច្រេស គេ​ឃើញ​ប្រជាពលរដ្ឋ​ជុំ​គ្នា​លេង​អាប៉ោង​យ៉ាង​បើកចំហ​នៅ​កណ្តាលវាល​តែ​ម្តង និង​លេង​រៀងរាល់ថ្ងៃ​ថែម​ទៀត  ប៉ុន្តែ​គេ​មិនឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​ទៅ​បង្ក្រាប​សោះឡើយ រហូត​ទាល់តែ​មាន​អ្នក​សារព័ត៌មាន​ចុះ​ទៅ​ថត​យក​រូបភាព ទើប​ក្រុម​អ្នក​វក់​នឹង​ល្បែង​ទាំងនោះ​ភ័យ​នាំ​គ្នា​រត់​ចែក​ជើង​គ្នា​។

ដោយឡែក​នៅ​ឯ​ភូមិ​ប្រ​ហ៊ូ​ត ឃុំ​ព្រៃ​រំដេក ស្រុក​មេ​សាង នេះ​ដែរ មាន​សមត្ថកិច្ច​មួយ​ចំនួន បាន​លួច​បង្ហើប​ប្រាប់​ថា មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​១ ដែល​គេ​បើក​លេង​១​អាទិត្យ​៣​ដង គឺ នៅ​ថ្ងៃ​ច័ន្ទ ថ្ងៃ​សុក្រ និង​ថ្ងៃអាទិត្យ និង​បើក​លេង​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សមត្ថកិច្ច​មិន​ដែល ចុះ​ទៅ​បង្ក្រាប​ទេ ដោយ​មេ​សង្វៀត​ប្រាប់​ថា ចាប់​អី គេ​បង់​ខែ​ឱ្យ​អស់ហើយ​។

ចំពោះ​ករណី​ល្បែង​កើត​ដូច​ផ្សិត​នេះ ត្រូវ​បាន​លោក​វរសេនីយ៍ទោ នៅ ហាច អធិការ​នគរ បាល​ស្រុក​មេ​សាង ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿង​អ្នកស្រុក​លេងបៀរ​នៅ​តាម​ផ្ទះ​នោះ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ គឺ​ម៉ែ​ៗ​ទាំងនោះ​គាត់​ទំនេរ​អត់​អ្វី​ធ្វើ ទើប​នាំ​គ្នា​លេង​១​រយ​២​រយ​កម្សាន្ត​ទៅ​។

រីឯ​អ្នកលេង​អាប៉ោង​នៅ​ក្រោម​ដើម​ពោធិ៍ ផ្លូវ​ប្រសព្វ​៣​ឃុំ​នោះ លោក​នឹង​សួរ​ទៅ​មន្ត្រី​របស់​លោក នឹង​ឱ្យ​បិទ​ជា​បន្ទាន់​។ ដោយឡែក​រឿង​សង្វៀន​បញ្ជល់មាន់​នោះ​លោក​មិន​បានដឹង​ទេ ចាំ​ឱ្យ​មន្ត្រី​សាកសួរ​មើល​សិន​៕