ខឹង​ម្តាយ​មិន​ឱ្យ​រៀប​ការតរុណី​លេបថ្នាំ​ប្រល័យ​សង្ខារមាតា​ចង​.​ក​ប៉ង​ធ្វើ​អត្តឃាត

ខឹង​ម្តាយ​មិន​ឱ្យ​រៀប​ការតរុណី​លេបថ្នាំ​ប្រល័យ​សង្ខារមាតា​ចង​.​ក​ប៉ង​ធ្វើ​អត្តឃាត



ខេត្ត​ត្បូងឃ្មុំ ៖ នាង​ក្រមុំ​ជនបទ​ម្នាក់​ឈ្មោះ អឿ​ន ស្រី​ម៉ាច អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ  ដែល​ស្រឡាញ់​អតីត​គូ​ដណ្តឹង​និង​គ្រោង​រៀប​ការ​ក្នុង​ខែឧសភា នេះ​នៅផ្ទះ​ខាង​ប្រុស​ឯ​ស្រុក​ក្រូចឆ្មារ តែ​ត្រូវ​បាន​ម្តាយបង្កើត​និង​ម្តាយមីង​ជំទាស់ ដោយ​និយាយ​ថា នឹង​មិន​ទៅ​ចូលរួម​ការ​ទេ ទើប​ធ្វើ​ឲ្យ​នាង​ខឹង​និង​តូចចិត្ត​ពេក​ក៏​សម្រេចចិត្ត​គិត​ខ្លី​លេបថ្នាំ​សម្លាប់​ខ្លួន​នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២​ឧសភា បណ្ដាល​ឱ្យ​ស្លាប់​ដូច​បំណង​ទោះបី​គ្រូពេទ្យ​ខំ​ជួយ​សង្គ្រោះ​ក្ដី ។ ចំណែក​ម្តាយ​វិញ​ពេល​ឃើញ​កូនស្រី​ធ្វើ​បែប​នេះ ក៏​បាន រត់​ទៅ​ចងក​ប៉ង​ធ្វើ​អត្តឃាត​ដែរ តែ​ត្រូវ​បាន​សាច់ញាតិ​ជួយ​ទាន់ ។ លុះ​មក​ដល់​ថ្ងៃ​ទី​៣​ឧសភា សព​នាង​ត្រូវ​បាន​សាច់ញាតិ​នាំ​យក​ទៅ​បញ្ចុះ​តាម​ប្រពៃណី និង​តាម​ឃ្លាំមើល​ស្ត្រី​ជា​ម្តាយ​ជាប់​ដោយសារ​ខ្លាច​គាត់​ចងក​សម្លាប់​ខ្លួន​ទៀត​។

លោក សេង មិ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំ បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​រូប​នេះ​ធ្លាប់​ភ្ជាប់ពាក្យ​ជាមួយ​គូ​ដណ្ដឹង​ដែល​ជាប់សាច់​ញាតិ​នៅ​ស្រុក​ក្រូចឆ្មារ​កាលពី​ឆ្នាំ​២០១៥​កន្លង​ទៅ​តែ​ក្រោយមក​ដោយសារ​គូ​ដណ្ដឹង​ខ្វះ​ប្រាក់​ក៏​បាន​ផ្តាច់​ពាក្យ​ចោល​វិញ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២ ឧសភា នាង​ស្រី​ម៉ាច បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ឆ្ពោះទៅ​កាន់​ស្រុក​ក្រូចឆ្មារ​ជាមួយនឹង​ម្តាយមីង​ម្នាក់​ទៅ​ផ្ទះ​អតីត​គូ​ដណ្តឹង​ដែល​ធ្លាប់​ផ្តាច់​ពាក្យ​នោះ ដោយ​បាន​ព្រមព្រៀង​គ្នា​រៀប​ការ​នៅ​ក្នុង​ខែឧសភា​នេះ តែ​មិន​ទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​។ ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​នាង​បាន​យក​រឿង​នេះ​ប្រាប់​ម្តាយ​ឲ្យ​បានដឹង ប៉ុន្តែ​ម្តាយ និង​ម្តាយមីង​របស់​នាង​បែរជា​ជំទាស់​ទៅ​វិញ ដោយ​លើក​ហេតុផល​ថា ផ្តាច់​ពាក្យ​ហើយ​មិន​អាច​យក​គ្នា​វិញ​បាន​ទេ ។

លោក សេង មិ បានឱ្យ​ដឹង​បន្ត​ថា ពេល​នោះ​នាង​អឿ​ន ស្រី​ម៉ាច តូចចិត្ត​យ៉ាង​ខ្លាំង ក៏​ចូល​ទៅ​សម្ងំ​លេបថ្នាំ​សរសៃប្រសាទ​ក្នុង​បន្ទប់ដេក​អស់​ជា​ច្រើន​គ្រាប់ រួច​ចេញ​មក​ក្រៅ​ប្រាប់​ម្តាយ​ថា បើ​មិន​ឲ្យ​នាង​រៀប​ការ​ទេ​នាង​នឹង​លេបថ្នាំ​សម្លាប់​ខ្លួន ។ ចំណែក​ម្តាយ​នាង​បាន​តប​វិញ​ថា បើ​កូន​លេបថ្នាំ ម្តាយ​នឹង​ចងក​ដែរ ។ បន្តិច​ក្រោយមក ពេល​កូនស្រី​ពុល​ប្រកាច់ប្រកិន ម្តាយ​បានរ​ត់ទៅ​ចងក​មែន តែ​ត្រូវ​បាន​ម្តាយមីង​និង​អ្នក​ជិតខាង​នាំ​គ្នា​មក​ជួយ​ឃាត់​ទាន់​និង​បាន​នាំ​នាង អឿ​ន ស្រី​ម៉ាច ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។ ជា​អកុសល ដោយសារ​ឥទ្ធិពល​ថ្នាំ​ជ្រាប​ចូល​ពេញ​ខ្លួនប្រាណ​អស់​ទៅ​ហើយ គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​បាន​នាង​ក៏​ស្លាប់​បាត់​ទៅ ។

លោក​អនុសេនីយ៍ឯក សេង មិ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រកា​ព​ប្រាំ បញ្ជាក់​ថា គ្រួសារ​នាង អឿ​ន ស្រី​ម៉ាច មាន​ជីវភាព​ក្រីក្រ ដោយ​ឪពុកចុង​ដើរ​ស៊ី​ឈ្មួ​ល​ចាក់​បាស់​ឲ្យ​គេ​នៅ​តាម​ភូមិ ចំណែក​ឪពុក​បង្កើត​វិញ​បាន​ស្លាប់​ចោល​នាង​កាលពី​ឆ្នាំ​២០១៥ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ។ នាង អឿ​ន ស្រី​ម៉ាច ក៏​មាន​ជំងឺផ្លូវចិត្ត​ផង​ដែរ​ដោយ​នាង​លេបថ្នាំ​សរសៃប្រសាទ​ជា​ប្រចាំ ៕