បក្ស​កាន់​អំណាច​តួ​ក​គី​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​ពេល​មានការ​បែកបាក់​គ្នា​រវាង​ប្រធានាធិបតី និង​នាយក​រដ្ឋមន្ត្រី

តំណែង​នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក AHMET DAVUTOGLU ហាក់ដូចជា​ត្រូវ​ផ្អាក​សម្រាប់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ AKP កំពុង​កាន់​អំណាច ខណៈ​កំពុង​មានការ​បែកបាក់​គ្នា​ខ្លាំង​ជាមួយ​ប្រធានាធិបតី​លោក​រី​សេ​ប តៃ​យី​ប អ័​រ​ដូ​ហ្គា​ន ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​កាលពី​យប់​ថ្ងៃ​ទី​៤ ឧសភា ថា គណបក្ស AKP នឹង​រៀបចំ​ធ្វើ​នា​បណ្តា​ស​ប្តា​ហ៍​ខាង​មុខ​នូវ​សមាជ​វិសាមញ្ញ​មួយ​។ លក្ខន្តិកៈ​របស់​គណបក្ស​នេះ​គ្រោង​ថា ប្រមុខ​រដ្ឋាភិបាល​ជា​ប្រធាន​គណបក្ស​នឹង​បាត់បង់​តំណែង​នាយក​រដ្ឋមន្ត្រី ប្រសិនបើ​ពុំ​អាច​រក្សា​តំណែង​ប្រមុខ​គណបក្ស​ទេ​នោះ ។

អ​ស្ថេ​រ​ភាព​ក្នុង​ផ្ទៃ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋ​តួ​ក​គី​នឹង​នាំ​ឱ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នានា ខណៈ​តួ​ក​គី​ជា​ដៃគូ​គន្លឹះ​របស់​អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​អន្តោប្រវេសន៍ ព្រមទាំង​កំពុង​ទប់ទល់​នឹង​ការ​ប្រឈម​ជា​ច្រើន​ដូច​ការ​គំរាមកំហែង​របស់​ជី​ហា​ដ ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជម្លោះ​ឃើ​ត និង​សង្គ្រាម​នៅ​ស៊ី​រី​ជាដើម ។

សញ្ញា​គួរ​ឱ្យ​ព្រួយបារម្ភ​ទាក់ទិន​នឹង​សភាពការណ៍​នយោបាយ​នៅ​តួ​ក​គី​រហូត​ដល់​មានការ​វាយតប់​គ្នា​នៅ​ក្នុង​សភា ។ ចំណែក​ប្រាក់​លី​ហ្វ្រ​របស់​តួ​ក​គី​កាលពី​យប់​ថ្ងៃ​ទី​៤ ឧសភា ធ្លាក់​ថ្លៃ​ដល់​៣,៧% ទល់​នឹង​ប្រាក់​ដុល្លារ​គឺ​២,៩៥​លី​ហ្វ្រ​ទល់​នឹង​១​ដុល្លារ ។

លោក DAVUTOGLU កាលពី​យប់​ថ្ងៃ​ទី​៤ ឧសភា បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​លោក​អ័​រ​ដូ​ហ្គា រយៈពេល​ជាង​មួយ​ម៉ោង​កន្លះ ជា​ការ​ជួប​គ្នា​សំខាន់​ខណៈ​ការ​ខ្វែងគំនិត​គ្នា​នានា​លេចឡើង​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ រវាង​មេដឹកនាំ​ទាំង​២​ដែល​ដឹកនាំ​តួ​ក​គី​ចាប់តាំងពី​ជាង​មួយ​ឆ្នាំ​កន្លះ​មក​ហើយ ៕