អង្គការ​AHF​ រួម​នឹង​អង្គការ​២៧​ អំពាវនាវ​ដល់​ប្រទេស​មហាអំណាច​ពិភពលោក ​ជួយ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​

អង្គការ​AHF​ រួម​នឹង​អង្គការ​២៧​ អំពាវនាវ​ដល់​ប្រទេស​មហាអំណាច​ពិភពលោក ​ជួយ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​



ភ្នំពេញ ​៖ ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF) រួម​នឹង​អង្គការ​ក្នុងស្រុក​ចំនួន​២៧​កាលពី​ថ្ងៃ​ទី​០៥​ ខែ​ឧសភា ​ឆ្នាំ​២០១៦​ បាន​បើក​យុទ្ធនាការ​«FUND the FUN»​ ដើម្បី​អំពាវនាវ​ដល់​ប្រទេស​មហាអំណាច​ពិភពលោក​ចំនួន​៣​ គឺ​ជប៉ុន ចិន និង​ប្រទេស​អាល្លឺម៉ង់​ និង​ប្រទេស​អ្នកមាន​ដទៃ​ទៀត​ជួយ​ផ្ដល់​ថវិកា​បន្ថែម​ដល់​មូលនិធិ​សាកល​នៅ​ជុំ​ទី​៥​ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង​គ្រុនចាញ់​ ដើម្បី​ឲ្យ​មូលនិធិ​នេះ​យក​ថវិកា​ទាំង​នោះ​មក​បែងចែក​ជួយ​ដល់​ប្រទេស​នានា ​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​អេដស៍​មាន​ប្រទេស​កម្ពុជា​ជាដើម។

លោក​វេជ្ជបណ្ឌិត ​ស្រី​ វណ្ណ​ធួន ​ប្រធាន​អង្គការ​AHF ​ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​សណ្ឋាគារ​ភ្នំពេញ​ថា យុទ្ធនាការ​«FUND the FUN»​នេះ គឺជា​ការ​រួម​គ្នា​រវាង​អង្គការ​AHF​ ជាមួយ​អង្គការ​ដែល​ធ្វើ​ការងារ​អេដស៍​ចំនួន​២៧​ ដើម្បី​អំពាវនាវ​ដល់​ប្រទេស​ដែល​មាន​អំណាច​សេដ្ឋកិច្ច​ខ្លាំង​ជួយ​ផ្តល់​ថវិកា​បន្ថែម​ទៀត​ ដល់​មូលនិធិ​សកល​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ របេង​ និង​គ្រុនចាញ់​ និង​បង្ហាញ​ដល់​ប្រទេស​ទាំងនោះ​ថា​ ប្រសិនបើ​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ទេ វា​នឹង​បង្ក​ផលវិបាក​ដល់​សង្គម​ធ្ងន់ធ្ងរ​ ពោល​គឺ​ជំងឺ​អេដស៍​ នឹង​មាន​ការ​រីក​រាលដាល​ឡើងវិញ​។

លោក​បាន​បន្ត​ថា ​កាលពី​ជុំ​ទី​៤ ​មូលនិធិ​សកល​បាន​ស្នើ​សុំ​ថវិកា​ប្រមាណ​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​ទាំង​៣​ខាងលើ តែ​ចុង​ក្រោយ ​ទទួល​បាន​ថវិកា​ពី​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​តែ​១២​ពាន​លាន​ដុល្លារ​ទេ​ ហើយ​នៅ​ជុំ​ទី​៥​នេះ​ នឹង​ស្នើសុំ​ឲ្យ​ប្រទេស​មហាអំណាច​ជួយ​ផ្តល់​ជំនួយ​ប្រមាណ​ជា​១៣​ពាន់​លាន​ដុល្លារ​ដល់​មូលនិធិ​សកល​។

​លោក​បាន​បន្ថែម​ថា ​«​អញ្ចឹង​ នៅ​ជុំ​ទី​៥​នេះ​ យើង​សង្ឃឹម​ថា​ ប្រទេស​មហាអំណាច​ដូចជា ​ចិន ជប៉ុន ​និង​ប្រទេស​អាល្លឺម៉ង់ នឹង​ជួយ​ផ្ដល់​ថវិកា​បន្ថែម​ដល់​មូលនិធិ​សកល​ ដើម្បី​ឲ្យ​មូលនិធិ​នេះ​ យក​ថវិកា​ទាំងនោះ​ បែងចែក​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​មាន​បញ្ហា​ជំងឺ​អេដស៍ ​គ្រុនចាញ់​ និង​របេង​»។

លោក ​ស៊ន ​សុធា​រិ​ទ្ធ​ អ្នក​សម្របសម្រួល​ថ្នាក់​ជាតិ​ នៃ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ក្នុង​សន្និសីទ​នា​ឱកាស​នោះ​ដែរ​ថា ​តាម​គម្រោង​ជុំ​ទី​៤​ នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧​ខាងមុខ​នេះ​ហើយ ​នៅ​ខែ​តុលា ​ឆ្នាំ​២០១៦​នេះ​ ប្រទេស​នីមួយៗ​ត្រូវ​ធ្វើការ​ស្នើសុំ​ថវិកា​ពី​មូលនិធិ​សកល ​ដើម្បី​បន្ត​នៅ​ជុំ​ទី​៥​ទៀត​។​

លោក​បន្ត​ថា​ ជា​ធម្មតា​ ប្រទេស​ដែល​ស្នើសុំ​នោះ​ ត្រូវ​ចូលរួម​បរិច្ចាគ​ថវិកា​ប្រមាណ​ជិត​៤​លាន​ដុល្លារ​ ភ្ជាប់​ទៅជា​មួយ​សំណើ​នោះ​ ដើម្បី​ទទួល​បាន​ថវិកា​ តែ​ប្រសិនបើ​មិន​មាន​ថវិកា​ភ្ជាប់​ទៅ​ទេ​មូលនិធិ​សកល​ប្រហែលជា​មិន​ផ្តល់​ឲ្យ​ទេ​ ដោយសារតែ​គេ​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន​ច្រើន​ហើយ។

លោក​វេជ្ជបណ្ឌិត ​ឈឹម ​សារ៉ាត់​ ប្រធាន​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​(AHF)​ប្រចាំ​អាស៊ី​បាន​មានប្រសាសន៍ថា​ យុទ្ធនាការ​នេះ​ ប្រទេស​ចំនួន​៣៦​ទៀត ​ដែល​ជា​សមាជិក​របស់​អង្គការ​ ក៏​ធ្វើ​យុទ្ធនាការ​ដូចគ្នា​ដែរ​ ព្រោះថា​ថវិកា​ដែល​មូលនិធិ​សកល​ជួយ​ដល់​បណ្ដា​ប្រទេស​ដែល​មាន​បញ្ហា​អេដស៍​នេះ ​គឺជា​ថវិកា​មួយ​សម្រាប់​បំពេញ​ការ​ចន្លោះប្រហោង​របស់​ប្រទេស​ទាំងនោះ​រួម​មាន​ ប្រទេស​កម្ពុជា​ផង​។

​ដូចនេះ ​ថវិកា​របស់​មូលនិធិ​សកល​នេះ​ ពិត​ជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។

លោក​បាន​បន្ត​ថា​ បន្ទាប់​ពី​ធ្វើ​ពិធី​បើក​យុទ្ធនាការ​នេះ​រួច​ទៅ​ អង្គការ​ អេ អេ​ច អេ​ហ្វ​ រួម​នឹង​អង្គការ​ចំនួន​២៧​ក្នុងស្រុក​ នឹង​រៀបចំ​ញាតិ​ចំនួន​៣​ ដើម្បី​យក​ទៅ​ដាក់​នៅ​តាម​បណ្ដា​ស្ថាន​ទូត​ទាំង​៣​រួមមាន​ ស្ថាន​ទូត​ចិន ជប៉ុន ​និង​ប្រទេស​អាល្លឺម៉ង់​ នៅ​ថ្ងៃ​ទី​១៩​ ខែ​ឧសភា ​ឆ្នាំ​២០១៦​។

លោក​សង្ឃឹម​ថា ស្ថានទូត​ទាំង​បី​ នឹង​សហការ​ជាមួយ​អង្គការ​របស់​យើង​ នឹង​យក​សំណើ​ទាំង​នេះ​ទៅ​ដាក់​ជួន​ប្រទេស​របស់​គេ​រៀងៗ​ខ្លួន​។​

លោក​បាន​បន្ថែម​ថា​ ក្នុង​ករណី​ប្រទេស​ទាំងនោះ​មិន​អនុវត្ត​តាម​ការ​ស្នើ​សូម​ទេ​ យើង​នឹង​នៅ​តែ​បន្ត​តស៊ូ​មតិ​រហូតដល់​ប្រទេស​ទាំងនោះ​ផ្ដល់​តាម​អ្វី​ដែល​យើង​បាន​ស្នើ​សុំ​។​

ក្រៅពី​នេះ​ យើង​ក៏​ធ្វើ​ការ​តស៊ូ​មតិ​ដល់​រដ្ឋាភិបាល​ប្រទេស​មួយៗ​ផងដែរ​ ព្រោះថា​គម្រោង​ជួយ​ជំងឺ​អេដស៍​នេះ​មិនអាច​បញ្ចប់​ ឬ​ត្រូវ​បន្ធូរដៃ​នោះ​ទេ​ ព្រោះថា​បច្ចុប្បន្ន​នេះ​ពិភពលោក​នៅ​មិន​ទាន់​មាន​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នោះ​ឲ្យ​ជាសះស្បើយ​នៅឡើយ​ទេ​។

លោក​បញ្ជាក់​ថា​ «​បើកាលណា​ពិភពលោក​នៅ​មិនទាន់មាន​ថ្នាំ​ព្យាបាល​ជា​ទេ​ ថវិកា​សម្រាប់​ថែទាំ​ និង​ការពារ​ជំងឺ​អេដស៍​នៅតែ​ត្រូវការ​ជា​ចាំបាច់​។​ ឧទាហរណ៍ ​ប្រទេស​កម្ពុជា​បាន​អនុវត្ត​ដោយ​ជោគជ័យ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ ​តែ​ប្រសិនបើ​កម្ពុជា​បន្ធូរដៃ​ និង​ខ្វះ​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​នោះ​ កម្ពុជា​នឹង​ទទួល​បរាជ័យ​វិញ ​ដោយសារ​ជំងឺ​អេដស៍​ នឹង​រីកសាយ​ផាយ​ឡើងវិញ​»​។​

លោក​ ស៊ន​ សុធា​រិ​ទ្ធ​ អ្នក​សម្របសម្រួល​ថ្នាក់​ជាតិ ​នៃ​បណ្ដាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យល់ស្រប​ដែរ​ថា​ កម្ពុជា​ នឹង​រីក​រាលដាល​ជំងឺ​អេដស៍​ឡើងវិញ​ ប្រសិនបើ​មិន​មាន​ថវិកា​ធ្វើការ​នៅ​ការងារ​នេះ​ទេ​ ព្រោះថា​បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អ្នក​រស់​នៅ​ជាមួយ​មេរោគ​អេដស៍​ប្រមាណ​៧៤.០០០​នាក់ ​ក្នុង​នោះ​មាន​អ្នក​ព្យាបាល​ដោយ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ប្រមាណ​៦០.០០០​នាក់​។​ នៅសល់​១​ម៉ឺន​នាក់​ទៀត​កំពុង​ស្រាវជ្រាវ​រក។

បើ​តាម​លោក​វេជ្ជបណ្ឌិត​ ទា​ ផល្លា​ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​ឲ្យ​ដឹង​ថា​ ចាប់ពី​កម្ពុជា​បាន​ប្រយុទ្ធ​នឹង​ជំ​អេដស៍​រហូតមកដល់​ឆ្នាំ​២០១៥​ កម្ពុជា​បាន​ទទួល​ជំនួយ​បាន​ចំនួន​ជាង​៦០០​លាន​ដុល្លារ ក្នុង​នោះ​ថវិកា​ជំនួយ​៩០​ភាគរយ​ និង​ថវិកា​រដ្ឋ​១០​ភាគរយ​៕​