លាក់ ម៉ាឡែន៖ បេះដូងក្រោមពន្លឺព្រះចន្ទ (វគ្គ ៣/៤)

វគ្គ៣ បេះដូងក្រោមពន្លឺព្រះចន្ទ

ប្រាំមួយឆ្នាំក្រោយមក

ប្រទេសណរវែសន៍

យុវតីស្រស់ស្អាត មានទឹកមុខស្រស់ថ្លា អង្គុយមុខកុំព្យូទ័រញញឹមតែម្នាក់ឯង នាងរអ៊ូតិចៗ៖”បងថា ខ្ញុំល្ងង់ តែបងទេដែលល្ងង់នោះ ខ្ញុំអាចមើលឃើញបង តែបងបែរជាមើលមិនឃើញខ្ញុំទៅវិញ”។

-បងស្រី!

-គឺឯងទេអ្ហេ!

ខេវិនគឺជាប្អូនប្រុសបង្កើត ឪពុកទីទៃរបស់ចន្រ្ទា។ ថ្វីត្បិតតែកូននេះ មានឪពុកជាជនជាតិណរវែសន៍ ហើយកើតនៅបរទេសក៏ពិតមែន ប៉ុន្តែយុវជនគឺចេះភាសាកំណើតរបស់ខ្លួនច្បាស់ណាស់។ នេះមកពីការព្យាយាមរបស់អ្នកស្រីស៊ីណា ក្នុងការចិញ្ចឹមបីបាច់កូនមិនឲ្យភ្លេចកំណើតរបស់ខ្លួន។ ពិតមែនហើយ ដោយសារតែកូនប្រុសនេះហើយ ទើបធ្វើឲ្យអ្នកស្រីស៊ីណា ក្លាយជាម្ចាស់ផ្សារទំនើបមួយកន្លែងនៅប្រទេសណរវែសន៍ ដែលផ្សារទំនើបនេះ គឺជាកេរមរតករបស់ប្តីគាត់។

ចន្រ្ទាប្រឡងជាប់សញ្ញាបត្រទុតិយភូមិហើយ ហើយនៅខែក្រោយនេះ នាងមានគម្រោងមកលេងស្រុកកំណើតវិញ។

ថ្លែងពីយុវជនកំលោះឈ្មោះវិសិទ្ធិ ការពិតនាយមានរូបរាងសង្ហារណាស់ ខ្ពស់ស្រឡះតែម្តង។ បន្ទាប់ពីរៀនចប់ ហើយប្រឡងជាប់ក្របខណ្ឌរដ្ឋមក នាយក៏ត្រឡប់មកធ្វើការនៅស្រុកកំណើតវិញ។ យុវជនធ្វើការនៅមន្ទីរពេទ្យបង្អែក ផ្នែកឱសថជិតមួយឆ្នាំហើយ ហើយពេលនេះ កំពុងត្រៀមបើកគម្រោងអាជីវកម្មមួយថែមទៀតផង។ អ្នកស្រីចរិយាបន្លឺ៖

-កូនគិតបើកកន្លែងលក់ថ្នាំពេទ្យមែនអ្ហេ?

-ម៉ាក់ប៉ាត្រូវតែចូលហ៊ុនជាមួយខ្ញុំ

-ចុះឯងមានប្រាក់ប៉ុន្មានដែរ?

-ប៉ាមើលទៅ! (យុវជនហុចសៀវភៅធនាគារទៅប៉ារបស់ខ្លួន)

-សាមសិបលានរៀល

-បងថាម៉េច? ឲ្យអូនមើលវិញ.........តើកូនបានប្រាក់ច្រើនយ៉ាងនេះមកពីណា?

-ក្រែងម៉ាក់ដឹងហើយតើ ថាខ្ញុំធ្វើការ បូកផ្សំនឹងប្រាក់ ដែលប៉ាម៉ាក់ផ្ញើទៅឲ្យខ្ញុំផងនោះ ឬប៉ាម៉ាក់មិនជឿលើសមត្ថភាពកូនខ្លូនឯងទេ?

-មិនគួរឲ្យជឿទេ ថាកូនម៉ាក់ចេះសន្សំប្រាក់យ៉ាងនេះ

-តើប៉ាព្រមបណ្តាក់ទុនជាមួយខ្ញុំទេ?

-បាន!

នៅទីបំផុតហាងឱសថស្ថានដ៏តូចមួយបានកើតឡើង។ តើហាងឱសថស្ថាន

នេះមានឈ្មោះអ្វីដែរ? យុវជនឈរសម្លឹងមើលផ្លាកហាងរបស់ខ្លួន ហើយញញឹមតិចៗ ក្នុងចិត្តដូចជាស្កប់ស្កល់ណាស់។ ហាងដ៏តូចល្មមនេះ មានបុគ្គលិកពីរនាក់ជាអ្នកលក់ថ្នាំ អ្នកស្រីចរិយានៅក្នុងហាងជាប្រចាំជំនួសកូនប្រុស។ នៅពេលចេញពីធ្វើការនៅពេលថ្ងៃត្រង់ និងល្ងាច ទើបវិសិទ្ធិមកដូរម្តាយឲ្យត្រឡប់ទៅផ្ទះវិញ។  

ម៉ោងប្រាំកន្លះ បុគ្គលិកតែងតែត្រឡប់ទៅផ្ទះវិញ ចំណែកអ្នកស្រីចរិយាត្រឡប់មកធ្វើម្ហូបនៅផ្ទះ យុវជនក៏ក្លាយជាអ្នកលក់ថ្នាំវិញម្តង។ យប់នេះ ហាក់ដូចជាជ្រុលម៉ោងបន្តិចហើយ វិសិទ្ធិនៅអង្គុយមុខកុំព្យូទ័រលេងឆាតនៅឡើយ។ តើនាយកំពុងឆាតជាមួយអ្នកណា?

-តើឯងមិនចង់មកលេងកម្ពុជាទេអ្ហេ?

-ខ្ញុំក៏ចង់ដែរបង តែម៉ាក់និងបងស្រីខ្ញុំ គាត់មិនឲ្យខ្ញុំមកទេ គាត់ថា ចាំឲ្យខ្ញុំប្រឡងជាប់សិន

-អ៊ីចឹង ត្រូវប្រឹងប្រឡងឲ្យជាប់ណា មើលទៅម៉ាក់ និងបងស្រីឯង ប្រហែលជាស្រលាញ់ឯងណាស់ហើយមើលទៅ?

-ពិតណាស់បង ពួកគាត់ស្រលាញ់ខ្ញុំ ជាពិសេស បងស្រីដ៏ល្ងង់របស់ខ្ញុំ

-ហេតុអីក៏ឯងថាឲ្យបងស្រីអ៊ីចឹង?

-ខ្ញុំនិយាយលេងទេ ថ្វីត្បិតតែគាត់មើលទៅដូចល្ងង់បន្តិចមែន តែគាត់ស្រលាញ់ខ្ញុំណាស់ ហើយខ្ញុំក៏ស្រលាញ់គាត់ដែរ ពេលដែលគាត់ទៅកម្ពុជា ខ្ញុំប្រហែលជាអផ្សុកណាស់ហើយមើលទៅ តើបងមានបងស្រីទេ?

-បងគ្មានទេ! តែបងធ្លាប់មានប្អូនស្រីល្ងង់ម្នាក់ដែរ

-ធ្លាប់មាន!

-ត្រូវហើយ! ពេលនេះ នាងមិននៅជាមួយបងទេ នាងទៅរស់នៅប្រទេសណរវែសន៍ជាមួយម្តាយនាងបាត់ហើយ

-បានន័យថា បងនិងនាងមានប៉ាតែមួយ ម៉ាក់ផ្សេងគ្នាមែនទេ?

-មិនមែនទេ! ការពិតបងនិងនាង មិនមែនជាបងប្អូនបង្កើតទេ ប៉ុន្តែបងធ្លាប់រស់នៅជាមួយនាងអស់រយៈពេលដប់បីឆ្នាំ ពួកយើងស្រលាញ់គ្នាដូចជាបងប្អូនបង្កើតអ៊ីចឹង

-ចុះពេលនេះ បងនឹកគាត់ទេ?

-បងនឹកនាងណាស់! បងបានស្វែងរកនាងលើទំព័រface bookដែរ ព្រោះចង់ដឹងថា តើនាងធំប៉ុនណាហើយ ប៉ុន្តែបងរកនាងមិនឃើញសោះ

-ចុះនាងមានតេទៅបងទេ?

-នាងមិនដែលតេមកទេ

-គាត់ប្រហែលជាមានការរវល់ហើយមើលទៅ បើខ្ញុំបានជួបគាត់នៅទីនេះ ខ្ញុំនឹងប្រាប់គាត់ថា បងនឹកគាត់

-អរគុណហើយ!

-ចុះពេលនេះ បងមានសង្សារហើយនៅ?

-អាល្អិតឯងនេះ ម៉េចក៏សួរបងពីរឿងនេះ?

-ខ្ញុំចង់ដឹង! បងប្រហែលជាមិនទាន់មានទេមែនទេ?

-ត្រូវហើយ!

-ចុះបងធ្លាប់មានទេ?

-មិនធ្លាប់ទេ!

-ខ្ញុំប្រាប់បងណា ថ្វីត្បិតតែខ្ញុំមានអាយុតិចជាងបង តែខ្ញុំធ្លាប់មានសង្សារច្រើននាក់ហើយ ហើយពេលនេះ ខ្ញុំកំពុងតែទាក់ទងជាមួយនារីម្នាក់ទៀត ដូចនេះ ខ្ញុំមានបទពិសោធន៍ស្នេហាច្រើនជាងបង បងស្រលាញ់ប្អូនស្រីបងមែនទេ?

-ត្រូវហើយ! បងស្រលាញ់នាងតើ

-ជាស្នេហាមែនទេ?

-មិនមែនទេ!

-មែន! មួយរយភាគរយ អារម្មណ៍របស់បងជាមួយប្អូនស្រីបង គឺស្នេហា គ្រាន់តែបងមិនបានចាប់អារម្មណ៍ មកពីបងនិងគាត់រស់នៅជាមួយគ្នា

-តែពេលនេះ បងមិនបានរស់នៅជាមួយនាងឯណា?

-តែបងបានចងចាំរឿងគ្រប់យ៉ាងដែលទាក់ទងនឹងគាត់ មែនទេ? សូម្បីតែហាងឱសថរបស់បង ក៏បង្ហាញពីអារម្មណ៍របស់បងចំពោះគាត់ដែរ បើបងមិនជឿ បងសាកល្បងគិតឡើងវិញទៅ ថាអារម្មណ៍របស់បងកន្លងមកជាស្នេហា ឬជាបងប្អូន?

-អាល្អិតឯងនេះ!

-ខាងអ្វីផ្សេងខ្ញុំមិនដឹងទេ តែបើនិយាយពីស្នេហា មួយរយភាគរយ ខ្ញុំនិយាយខុសតែមួយភាគរយប៉ុណ្ណោះ បងសំណាងហើយ ដែលបានស្គាល់ខ្ញុំនោះ

-អរគុណឯងហើយ!

-កុំអរគុណខ្ញុំអី គួរតែអរគុណFace book ដែលធ្វើឲ្យពួកយើងស្គាល់គ្នា បងកុំ ភ្លេចសំដីខ្ញុំ បងស្រីខ្ញុំហៅខ្ញុំហើយ ជួបគ្នាលើកក្រោយណាបង!

-សុខសប្បាយ!

-លេងឆាតជាមួយមនុស្សស្រីទៀតហើយមែនទេ?

-មានឯណា?

-បងមិនជឿទេ! ឲ្យបងមើលបន្តិចមើល

-បិទហើយហ្នឹង!

-អាល្អិតឯងនេះ!..............នែ! ឯងធ្វើអី?

-ខ្ញុំចង់ថើបបង! 

ខេវិនចាប់ឱបបងស្រីជាប់ ហើយក៏ថើបនាងមួយខ្សឺត រួចរត់ចេញទៅក្រៅបាត់ ចំណែកយុវតីក្នក់ខ្នាញ់ណាស់ ក៏ស្ទុះរត់ចេញទៅជួបនឹងម្តាយល្មម៖

-មានរឿងអីកូន?

-អាល្អិតនោះ វាថើបខ្ញុំទៀតហើយណាម៉ាក់

-បានហើយ! ថ្ងៃក្រោយបើប្អូនថើបឯង ឯងថើបវាវិញទៅ ឱ្យវារួចគ្នា

-ម៉ាក់!

-ម៉ាក់និយាយលេងទេ តោះ ទៅញ៉ាំបាយទៅ

ថ្លែងពីណាវី នាងកំពុងនៅមុខកុំព្យូទ័រដូចគ្នានៅឡើយ ហើយក៏បើកភ្នែកធំៗ បន្លឺដោយការភ្ញាក់ផ្ញើល៖”ស្រីច្រម៉ក់ឯងនេះ ពេលនេះហើយទើបតែAddខ្ញុំ ឯងមិនដឹងថា ខ្ញុំនឹកឯងប៉ុណ្ណាទេអ្ហេ?”។ ណាវីរអ៊ូបណ្តើរយំបណ្តើរ វាសនាឃើញដូចនោះក៏ដើរចូលមក។ នាយបន្លឺ៖

-បេះដូងក្រោមពន្លឺព្រះចន្ទ! ចន្រ្ទាមែនទេ?

-ចាសបង គឺនាង!

-ពេលនេះនាងធំប៉ុនណាហើយ បើកមើលរូបថតនាងទៅ

-យ៉ាងម៉េចហ្នឹង សុទ្ធតែរូបនៅក្មេងទាំងអស់ហ្នឹងបង

-មើលទៅនាង ប្រហែលជាស្រលាញ់វ័យកុមារនាងណាស់ហើយមើលទៅ

-ពិតមែនហើយ! ពិសេសគឺបងប្រុសរបស់នាង...........បង! នេះរូបបង និងខ្ញុំតើ ការពិត នាងក៏នឹកពួកយើងដែរតើ ប៉ុន្តែហេតុអីក៏នាងមិនuploadរូបបច្ចុប្បន្នរបស់នាងអ៊ីចឹង........តើបងកើតអីមែនទេ?

-គ្មានទេ! បងទៅបន្ទប់ហើយ

-ការពិតបងនៅតែស្រលាញ់នាងទៀតអ្ហេ?................. តើបងវិសិទ្ធិដឹងពីprofile ចន្ទ្រាទេហ្ន៎ គួរតែrequestទៅឲ្យគាត់

ណាវីសប្បាយចិត្តណាស់ ព្រោះតែបានជួបមិត្តចាស់របស់ខ្លួនលើបណ្តាញInternet ប៉ុន្តែវាសនា បែរជាអស់សង្ឃឹមបន្ទាប់ពីបានឃើញprofileរបស់យុវតី។ នាយឈរសម្លឹងមើលព្រះចន្ទក្បែរបង្អួត ហើយគិតតែម្នាក់ឯង៖”ការពិតអ្នកដែលនាងស្រលាញ់គឺបងប្រុសរបស់នាង ទោះនាងទៅដល់ទីណា ក៏ពន្លឺព្រះចន្ទនេះ នៅតែតាមបំភ្លឺនាង ឲ្យមានរស្មីត្រចះត្រចង់ជានិច្ច។ ហេតុអ្វីក៏ខ្ញុំគ្មានវាសនា ធ្វើជាពន្លឺព្រះចន្ទបំភ្លឺបេះដូងរបស់នាង?”។ ហ៊ឺ!..........លួចស្រលាញ់មនុស្សម្នាក់ ពិតជាឯកាណាស់ហ្ន៎ ឱ! អ្នកកំលោះអើយ បើអ្នកដឹងហើយ យល់ហើយ អ្នកគួរតែកាត់ចិត្តទៅ ព្រោះនៅមិនទាន់លង់ជ្រៅនៅឡើយ។ ចំណែកឯអ្នកកំលោះវិសិទ្ធិវិញ បន្ទាប់ពីស្តាប់ពាក្យទូន្មាន របស់កំលោះតូចតាមបណ្តាញInternetរួចមក ហាក់ដូចជាយោលយោគ និងរសាប់រសល់ខ្លាំងណាស់។ តើអារម្មណ៍ដែលមានកន្លងមក ជាស្នេហាឬជាបងប្អូន? ត្រឹមត្រូវណាស់! សូម្បីតែឈ្មោះហាង ក៏រំលឹកដល់មនុស្សស្រីម្នាក់នោះដែរ តើមានអ្វីត្រូវសង្ស័យទៀត។ រឹតតែគិត រឹតតែវិលវល់ ប្រុសនិមលក៏លើកកុំព្យូទ័រមក check Internetដើម្បីបំបាត់អារម្មណ៍រវើរវាយទាំងអស់នេះ។ តើមានអ្វីកើតឡើង? វិសិទ្ធិស្ទើរញញឹម ស្ទើរសើច ស្ទើរយំ មានអារម្មណ៍ក្តុកក្តួលណាស់ នាយរអ៊ូតិចៗ៖”ហេតុអីក៏បងមិននឹកឃើញពាក្យមួយឃ្លានេះ? ក្មេងល្ងង់ឯងនេះ តើឯងចង់លេងអីជាមួយបងមែនទេ ទើបមិនAddបង? ហេតុអីក៏កំណាញ់យ៉ាងនេះ សូម្បីតែរូបថតបច្ចុប្បន្នមួយសន្លឹកក៏ឯងមិនuploadដែរ។ បាន! បងAddឯងមុន”។ ចន្រ្ទាភ្ញាក់ព្រើត៖”បង! ក្មេងស្រីល្ងង់ដូចជាឯងអ៊ីចឹង ហ៊ានលេងជាមួយបងផងអ្ហេ? បងថាឲ្យខ្ញុំផងអ្ហេ!”។ ចន្រ្ទាaceptហើយក៏តបតទៅបងតាមchat៖

-បងស្តីឲ្យខ្ញុំទៀតហើយណា!

-យ៉ាងម៉េច! បងជាបង ថាឲ្យឯងមិនបានអ្ហេ?

-បានតើ! តើប៉ាម៉ាក់សុខសប្បាយទេ?

-ពួកគាត់សុខសប្បាយទេ តែនឹកអូនខ្លាំងណាស់ដឹងទេ?

-ខ្ញុំក៏នឹកពួកគាត់ដែរ បងប្រាប់គាត់ផងណា ថាខ្ញុំសុខសប្បាយទេ ពេលនេះ ខ្ញុំកំពុងត្រៀមចូលមហាវិទ្យាល័យហើយ

-តើរៀនពិបាកទេ?

-បងបារម្ភពីខ្ញុំមែនទេ? ខ្ញុំមិនល្ងង់ទេ បងកុំភ័យ

-ល្អណាស់អ៊ីចឹង! ចុះអ្នកមីង និងប្អូនប្រុសអូនសុខសប្បាយទេ?

-ពួកគាត់សុខសប្បាយទេ

-ចុះឯងវិញ?

-ខ្ញុំក៏សុខសប្បាយដែរ ចុះបង?

-បងមិនសុខទេ ព្រោះនឹកប្អូនស្រីល្ងង់ដូចជាអូននេះ បងបានស្វែងរកអូន តែមិននឹកស្មានថា អូនប្តូរឈ្មោះទៅជាបេះដូងក្រោមពន្លឺព្រះចន្ទសោះ

-បេះដូងនៅក្រោមពន្លឺព្រះចន្ទ គឺជាបេះដូងដែលមានសេចក្តីសុខបំផុត អូនបានប្រាប់បងហើយ តើមែនទេ?

-ពិតមែនហើយ! ម្តងនេះ គឺអូនឆ្លាត តែបងទេ ដែលល្ងង់ សូមទោសណា!

-មិនអីទេ នរណាឲ្យបង ជាបងប្រុសរបស់អូន បងដឹងទេ? បងសង្ហារគួរឲ្យស្រលាញ់ណាស់ តើបងខ្ពស់ជាងមុនមែនទេ?

-ប្រាកដហើយ! បើសិនជាបងឃើញអូន តើបងចំណាំអូនបានទេ?

-បើអូនស្អាតជាងមុន អ៊ីចឹងបងប្រហែលជាមើលអូនមិនស្គាល់ទេ

-បងចង់និយាយថា កាលនៅតូចអូនមិនស្អាតមែនទេ?

-ប្រហែលហើយ! បើមិនជឿ ចាំសួរប្អូនប្រុសអូនទៅ

-ឈប់និយាយជាមួយបងហើយ

-នែ! កូនក្មេងនៅតែក្មេងដដែលហ្នឹង 

-អូនធំហើយ!

-ធំឯណា បើរូបនៅក្នុងprofileសុទ្ធតែកូនក្មេងហ្នឹង

-ឈប់និយាយជាមួយបងហើយ

-នែ!.........ស្រីច្រម៉ក់នេះ ចង់បិទក៏បិទភ្លាម

ចន្រ្ទាហាក់សប្បាយចិត្តណាស់ បន្ទាប់ពីchatជាមួយបងប្រុស ឃើញដូចនោះ ខេវិនបន្លឺ៖

-តើchatជាមួយអ្នកណា ហេតុអីក៏សប្បាយចិត្តម្ល៉េះ?

-ជាមួយអ្នកណាមានទាក់ទងអីហ្នឹងឯង

-បើខ្ញុំស្មានមិនខុសទេ ប្រហែលជាមួយបងប្រុសហើយមែនទេ?

-ត្រូវហើយ!

-ក្រែងគាត់មិនស្គាល់ឈ្មោះបងលើface bookទេអ្ហ៊ៃ?

-តែពេលនេះ ស្គាល់ហើយ យ៉ាងម៉េច?

-មើលទៅបងសប្បាយចិត្តជាងខ្ញុំchatជាមួយសង្សារទៀត បងនិយាយទៅ បងស្រលាញ់គាត់ជាស្នេហាមែនទេ?

-ឯងនិយាយអី?

-ខ្ញុំក៏មានមិត្តម្នាក់នៅកម្ពុជា មានរឿងរ៉ាវប្រហាក់ប្រហែលនឹងបងដែរ តែខ្ញុំយល់ថា វាជាស្នេហា មិនមែនបងប្អូនទេ?

-ខួរក្បាលឯងមានតែរឿងមួយនេះទេអ្ហេ? ឲ្យខំរៀនមិនខំទេ បងឈប់និយាយជាមួយឯងហើយ

-ខ្ញុំនិយាយហើយមួយរយភាគរយ ខ្ញុំថាខុសតែមួយភាគរយទេ

បន្ទាប់ពីឆ្លងឆ្លើយជាមួយប្អូនស្រីហើយ បែរជាមានកម្លាំង ហើយគេងលក់ស្កប់ស្កល់ទៀតផង។

នៅក្នុងហាងឱសថ សំឡេងអតិថិជនម្នាក់បន្លឺឡើង៖

-តើអ្នកលក់ទៅណាបាត់ហើយ?

-អូ! សូមទោស ..............តើអ្នកនាងទិញថ្នាំអីដែរ?

វិសិទ្ធិដើរចេញមក។ មកដល់ជិតគ្នា ទាំងពីរនាក់ហាក់ដូចជាភាំងមួយស្របក់ ណាវីបន្លឺ៖

-គឺបងវិសិទ្ធិមែនទេ?

-នាងគឺ.............

-ខ្ញុំណាវីណាបង

-ត្រូវហើយ! បងស្ទើរចាំឯងមិនបាន មើលរូបថតឯង ស្មានតែឯងតូចល្អិតតើ?

-ខ្ញុំខ្ពស់ពេកមែនទេបង?

-អត់ទេ! សមល្មមហើយ អរគុណហើយ ដែលឯងrequestចន្រ្ទាទៅឲ្យបង

-ចាស! ...........តើនេះជាហាងរបស់បងមែនទេ?

-ត្រូវហើយ! យ៉ាងម៉េចដែរ?

-មិនធំតែក៏មិនតូចដែរ អនាគតប្រហែលជាធំជាងនេះ មែនទេបង?

-ប្រហែលហើយ ត្រូវហើយ! តើឯងត្រូវការទិញថ្នាំអីដែរ?

-នេះវិជ្ជបញ្ជាបង

-ចាំបងមួយភ្លែត

-ចន្រ្ទាដឹងទេ ថាបងបើកហាងឱសថនេះ?

-បងមិនបានប្រាប់នាងទេ? តើឯងទិញថ្នាំទៅឲ្យអ្នកណា?

-គឺបងប្រុសខ្ញុំ!

-វាសនាមែនទេ?

-បងនៅចាំគាត់ដែរអ្ហេ?

-នៅចាំតើ តែបងភ្លេចមុខគេហើយ តើគេឈឺយូរហើយអ្ហេ?

-ពីរបីថ្ងៃហើយ ផ្លូវកាយមិនប៉ុន្មានទេបង តែប្រហែលជាផ្លូវចិត្ត

-យ៉ាងម៉េចហ្នឹង!

-គាត់នឹកប្អូនស្រីបងហ្នឹងណា

-គេនៅមិនទាន់ភ្លេចចន្រ្ទាទៀតអ្ហេ?

-ចាស! តែគាត់ដឹងហើយ ថាចន្រ្ទាមានមនុស្សដែលនាងស្រលាញ់ហើយ

-ពូទិញថ្នាំ! (អតិថិជនម្នាក់បន្លឺឡើង)

-បាទ! នេះថ្នាំឯង

-ចាស! នេះប្រាក់បង ខ្ញុំទៅវិញហើយ

-អរគុណ!

-អូនត្រូវការថ្នាំអី?

-ថ្នាំផ្តាសាយពូ

វិសិទ្ធិគិតសំដីណាវីឡើងវិញ ហើយក៏សួរខ្លួនឯង៖”អូនមានសង្សារហើយអ្ហេ! ហេតុអីក៏មិនប្រាប់បងផង? មើលទៅខ្ញុំប្រហែលជាជិតឆ្កួតហើយ”។ យុវជនអង្គុយស្លុង ស្រាប់តែសំឡេងសារchatបន្លឺឡើង៖

-សួស្តីបងប្រុស!

-សួស្តី!

-តើបងគិតយល់ហើយនៅ ថាជាស្នេហាឬបងប្អូន?

-ឯងនៅចងចាំដែរអ្ហេ?

-ប្រាកដហើយ!

-បងគិតថា ឯងប្រហែលជាគិតច្រើនពេកហើយ ពួកយើងគឺជាបងប្អូនប្រាកដណាស់ មិនអាចជាស្នេហាទេ 

-មនុស្សចាស់ដូចជាពួកបង តើកំពុងគិតអីហ្នឹង វាជាស្នេហាប្រាកដណាស់ នៅបដិសេធទៀត

-តែបងថា ក្មេងដូចជាឯងទេ ដែលគិតច្រើននោះ

-បងចាំមើលណា ខ្ញុំនឹងខំប្រឡងឲ្យជាប់ ដើម្បីទៅកម្ពុជាជួបបង ហើយខ្ញុំនឹងចាំមើលពួកបង តើជាស្នេហាឬមិនមែន?

-ឯងនិយាយលេងទេអ្ហេ ធ្វើម៉េចឯងនឹងអាចជួបពួកបងក្នុងពេលតែមួយនោះ បើពេលនេះ ប្អូនស្រីបងមិនទាន់ត្រឡប់មកវិញផង

-ចុះបើខ្ញុំអាចជួបពួកបងក្នុងពេលតែមួយ តើបងហ៊ានសារភាពស្នេហ៍ជាមួយប្អូនស្រីបងទេ?

-វាមិនអច្ឆរិយដល់ថ្នាក់ហ្នឹងទេ?

-តែខ្ញុំជាទេវតាស្នេហា ខ្ញុំអាចធ្វើឲ្យកើតមានរឿងអច្ឆរិយឡើង តើបងហ៊ានភ្នាល់ជាមួយខ្ញុំទេ?

-បើឯងអួតថា ឯងជាទេវតាស្នេហាហើយ អ៊ីចឹងបងភ្នាល់ជាមួយឯងចុះ ឯងនិយាយទៅ តើភ្នាល់យ៉ាងម៉េច?

-បើរវាងពួកបងពិតជាបងប្អូន មួយជាតិនេះ ខ្ញុំនឹងមិនញ៉ែស្រីទៀតទេ តែបើជាស្នេហា បងត្រូវថើបគាត់ចំពោះមុខខ្ញុំ

-ឯងលេងមែនទែនអ្ហេ?

-បងហ៊ានទេ?

-បាន! សង្ឃឹមថា ឯងប្រឡងជាប់ ហើយមកលេងកម្ពុជា

-រាត្រីសួស្តីបង!

ពិតជាគួរឲ្យអស់សំណើតណាស់។ យុវជនបន្លឺហួសចិត្តតែម្នាក់ឯង៖”ហេតុអីក៏អាល្អិតម្នាក់នេះ ចាប់អារម្មណ៍ពីរឿងខ្ញុំយ៉ាងនេះ? ហេតុអីក៏ខ្ញុំត្រូវភ្នាល់ពីអារម្មណ៍ខ្លួនឯងជាមួយនឹងគេ? តែវាក៏គួរឲ្យអស់សំណើចដែរ”។

ថ្លែងពីយុវតី នាងកំពុងរៀបចំអីវ៉ាន់យ៉ាងសប្បាយរីករាយ។ ខេវិនដើរចូលមក ហើយក៏លោតទៅលើគ្រែរបស់នាង ទើបស្រដី៖

-បានទៅកម្ពុជា បងសប្បាយចិត្តណាស់មែនទេ?

-ត្រូវហើយ!

-ប្អូនប្រុសបង្កើតមិននឹក បែរជាទៅនឹកបងប្រុសចិញ្ចឹមទៅវិញ

-ឯងចង់បានន័យថាម៉េច?

-បងដឹងខ្លួនឯងច្បាស់ហើយ ពិតមែនហើយ មនុស្សស្រីឲ្យតែមានស្នេហាហើយគឺប្រាកដជាភ្លេចអ្វីៗទាំងអស់

-ស្នេហាក្បាលឯងអី!

-ឈឺណាបង!

-ឯងឈប់និយាយផ្តេសផ្តាសទៀតទៅបានទេ?

-បង! បងចង់ឲ្យខ្ញុំឈប់ញ៉ែស្រី តើមែនទេ?

-យ៉ាងម៉េច! ឯងមានអារម្មណ៍ធុញទ្រាន់ហើយមែនទេ?

-អ្នកណាថា? បើបងចង់ឲ្យខ្ញុំឈប់ញ៉ែស្រី បងភ្នាល់ជាមួយខ្ញុំទៅ

-ឯងចង់លេងល្បិចអីទៀតហើយ?

-គ្មានទេ! តែខ្ញុំគ្រាន់តែចង់ភ្នាល់ជាមួយបង ឬបងមិនចាប់អារម្មណ៍ទេ ដែលប្អូនប្រុសរបស់បង ឈប់ញ៉ែស្រីនោះ?

-អ៊ីចឹងឯងនិយាយទៅ ចង់ភ្នាល់អី?

-ខ្ញុំគិតថា រវាងបងនិងបងប្រុស គឺស្នេហា បើមិនមែនជាស្នេហាទេ ខ្ញុំជាអ្នកចាញ់ តែបើជាស្នេហា បងត្រូវថើបបងប្រុសចំពោះមុខខ្ញុំ

-ឯងឆ្កួតទេអ្ហេ! រឿងបែបនេះក៏នឹកឃើញដែរ?

-ក្រែងបងជឿជាក់ ថាជាបងប្អូនអ្ហេ អ៊ីចឹងភ្នាល់ទៅ ឬមិនមែន...

-បាន! បងភ្នាល់ក៏ភ្នាល់

-សម្រេចអ៊ីចឹងចុះ...............ម្តងនេះ មិនត្រឹមតែបានទៅកម្ពុជាទេ នៅមានល្ខោនល្អមើលទៀតផង

-ប្រាកដថាប្រឡងជាប់ហើយអ្ហេ?

-ខ្ញុំទៅរៀនហើយ ខ្ញុំត្រូវប្រឡងឲ្យជាប់ ដើម្បីមើលបងស្រីខ្ញុំថើបមនុស្សប្រុស

-ឡប់សតិ!

............................................................................................................... 

 ខេត្តសៀមរាប

អ្នកស្រីចរិយាស្រដីទៅកាន់ស្វាមី៖

-បងមកដល់ល្មម តើបងមានត្រូវទៅណាទៀតទេ?

-ម៉ោងប្រាំពីរយប់នេះ បងមានណាត់ជាមួយមន្រ្តីពន្ធដារ

-អ៊ីចឹងមិនអីទេ អូនទៅផ្សារទិញបន្លែមួយភ្លែត

អ្នកស្រីចរិយាចេញផុត សំឡេងទូរស័ព្ទលោកវិបុត្របន្លឺឡើង៖

-អាឡូ!

-លោកប៉ាគឺអូនណា!

-ចន្រ្ទា គឺកូនមែនទេ?

-ចាស!

-កូនសុខសប្បាយទេ?

-អូនសុខសប្បាយទេ ប៉ា! ពេលនេះ អូននៅព្រលានយន្ត ប៉ាមកយកអូន បានទេ?

-ឈប់ៗ! តើកូននិយាយថាម៉េច កូននៅឯណា?

-ពេលនេះ អូននៅព្រលានយន្តហោះសៀមរាប ប៉ាមកយកអូនបានទេ?

-បានៗ! កូនចាំប៉ា ប៉ាចេញទៅហើយ

លោកវិបុត្រ ពិតជារំភើប និងត្រេកអរខ្លាំងណាស់ ក៏បើកឡានចេញទៅ ភ្លេចគិតថាគ្មាននរណានៅផ្ទះឡើយ។ លុះអ្នកស្រីចរិយាមកដល់ ឆ្ងល់ណាស់មិនឃើញស្វាមី ក៏តេទៅ៖

-អាឡូ!

-ក្រែងបងថា ទៅនៅម៉ោងប្រាំពីរអ្ហេ?

-បងមានការបន្ទាន់ អូនធ្វើម្ហូបថែមទៅ យប់នេះ មានភ្ញៀវម្នាក់ទៅផ្ទះរបស់យើងហើយ បានហើយ! បងកំពុងបើកឡាន

-តើមានភ្ញៀវមកពីណាហ្នឹង?

ទៅដល់ព្រលានយន្តហោះ លោកវិបុត្រឈរចាំកូនស្រីដោយអន្ទះសា ប៉ុន្តែគាត់មិនដឹងទេថា កូនស្រីកំពុងតែឈរក្បែរគាត់នោះទេ។ ការពិតចន្រ្ទាចង់ឱបប៉ាណាស់ តែនាងដឹងច្បាស់ ថាប៉ារបស់នាងចំណាំនាងមិនបានឡើយ ទើបនាងស្រដី៖

-សួស្តីលោកពូ តើលោកពូកំពុងចាំនរណាហ្នឹង?

-អូ! ខ្ញុំចាំកូនស្រីខ្ញុំ នាងតូចកំពុងតែចាំប៉ាម៉ាក់មែនទេ?

-ចាស! កូនស្រីអ៊ំមកពីណាដែរ

-នាងមកពីណរវែសន៍

-គាត់រស់នៅទីនោះមែនទេ?

-ត្រូវហើយ! នាងទៅរស់នៅទីនោះតាំងពីអាយុដប់បីឆ្នាំម្ល៉េះ គិតទៅអស់រយៈពេលប្រាំមួយឆ្នាំហើយ

-អ៊ីចឹង តើអ៊ំចំណាំគាត់បានទេ?

-ត្រូវហើយ! អ៊ំក៏មិនប្រាកដដែរ ពេលនេះ នាងប្រហែលជាពេញវ័យហើយ ហើយប្រហែលជាស្របាក់ស្របាលនឹងនាងតូចដែរ

-តើអ៊ំនឹកនាងទេ?

-អ៊ំពិតជានឹកនាងខ្លាំងណាស់

-អ៊ីចឹង! អ៊ំមើលមកខ្ញុំមើល.............ប៉ា!

លោកវិបុត្រសម្លឹងមើលកូនស្រីយ៉ាងយូរ ទើបដឹងថា នាងតូចនេះ គឺជាកូនស្រីរបស់ខ្លួន។ យុវតីឱបឪពុកដោយក្តីរលឹក ទឹកភ្នែកស្រក់ចុះ តែមិនបង្អង់យូរ ទាំងពីរនាក់ឪកូន ក៏ឡើងឡានត្រឡប់មកផ្ទះ។ គ្រាន់តែឮសូរឡាន អ្នកស្រីចរិយាក៏ដើរចេញមក។ អ្នកស្រីឃើញយុវតីចុះពីលើឡានមក ក៏ឈរស្ងៀមមួយសន្ទុះ ព្រោះគិតថា ប្រហែលជាភ្ញៀវរបស់ស្វាមី។ អ្នកស្រីញញឹមហើយក៏សម្លឹងទៅប្តី ដែលកំពុងញញឹមមិនព្រមស្រដីអ្វីសោះ។ ចន្រ្ទាស្ទុះរត់ទៅឱបម្តាយ ដោយបន្លឺឡើង៖”ម៉ាក់!”។ អ្នកស្រីចរិយាហាក់ដូចជាភាំងមួយស្របក់ ទើបនឹកឃើញបន្លឺឡើង៖

-គឺកូន........... កូនគឺចន្រ្ទាមែនទេ?

-ចាស! គឺអូនណាម៉ាក់

-នេះកូនមកផ្ទះ ម៉េចមិនប្រាប់ម៉ាក់មុនអ៊ីចឹង

-អូនចង់ធ្វើឲ្យម៉ាក់ភ្ញាក់ផ្អើលហ្នឹងណា

-ពួកយើងចូលទៅក្នុងផ្ទះទៅ

-ប៉ាយកអីវ៉ាន់ ទៅដាក់បន្ទប់ឯងហើយ

អ្នកស្រីចរិយា ជួយរៀបទុកដាក់អីវ៉ាន់កូនបណ្តើរជជែកបណ្តើរ ចំណែកលោក វិបុត្រក៏អង្គុយក្បែរនោះដែរ ដោយញញឹមជាប់រហូត ចន្រ្ទាបន្លឺ៖

-ម៉ាក់មិនដឹងថាអូនមកទេ តែហេតុអីបន្ទប់អូនស្អាតដដែលម៉ាក់

-ម៉ាក់ឯងសម្អាតវាជាប្រចាំហ្នឹងណា

-ម៉ាក់គិតថា ថ្ងៃណាមួយកូននឹងត្រឡប់មកផ្ទះ ដូចនេះទើបម៉ាក់សម្អាតវាជាប្រចាំរង់ចាំកូនហ្នឹងណា

-អរគុណម៉ាក់!

-ក្រែងបងមានការណាត់ជួបយប់នេះអ្ហេ?

-ត្រូវហើយ! បងភ្លេច ប៉ាទៅសិនហើយចន្រ្ទា

-ចាស!

-មើលទៅប៉ាកូនសប្បាយចិត្តជាងម៉ាក់ទៅទៀត

-ប៉ានិងម៉ាក់ គឺសុទ្ធតែសប្បាយចិត្តនៅពេលជួបអូនមែនទេ?

-ប្រាកដហើយ! ត្រូវហើយ នៅពេលទៅយកកូននោះ តើប៉ាចំណាំកូនបានទេ?

-អត់ទេម៉ាក់! អូនឈរក្បែរគាត់យ៉ាងយូរ តែគាត់អត់ស្គាល់អូនផងហ្នឹង

-ត្រូវហើយ! បើកូនម៉ាក់ធំពេញវ័យ ហើយស្អាតយ៉ាងនេះនោះ

-អូនស្អាតជាងពីតូចមែនទេម៉ាក់?

-ស្អាត ហើយឆ្លាតទៀតផង

-អរគុណម៉ាក់!............ត្រូវហើយ! ពេលនេះបងនៅឯណាម៉ាក់

-ត្រូវហើយ! បងឯងប្រហែលជាចាំផ្លូវម៉ាក់ហើយ ម៉ាក់ទៅដួសបាយសិន.....

-អូនជួយម៉ាក់

-កូនប្រហែលមិនដឹងទេ ពេលនេះ បងកូនក្លាយជាម្ចាស់ហាងលក់ថ្នាំហើយ ម៉ាក់តែងតែទៅចាំហាងនៅពេលគេទៅធ្វើការ ពេលល្ងាច ម៉ាក់តែងតែខ្ចប់បាយទៅឲ្យគេ ហើយត្រឡប់មកវិញនៅម៉ោងប្រាំបួនជាមួយគ្នា និងពេលខ្លះ បងកូនគឺគេងនៅហាងតែម្តងហ្នឹង

-អ៊ីចឹងថ្ងៃនេះ អូនយកបាយទៅឲ្យគាត់ ម៉ាក់ឲ្យមកអូនមក

-នែ! ...............ចំមែនកូននេះ ថាហើយក៏ទៅភ្លាម...........តើទៅរកហាងឃើញ ទេ? 

ចន្រ្ទាសប្បាយចិត្តណាស់ ព្រោះនឹងបានជួបបងប្រុស តែពេលមកដល់ជិតផ្សារចាស់ដែលមានហាងថ្នាំបួនប្រាំ ទើបនាងបន្លឺឡើង៖”........ទូរស័ព្ទ វីវរហើយ! ទូរស័ព្ទនៅផ្ទះឯនោះ តើហាងឱសថបងឈ្មោះអីទៅហ្ន៎? ខ្ញុំមិនគិតថា ខ្ញុំរកមិនឃើញនោះទេ!”។ ចន្រ្ទាសម្លឹងមើលឈ្មោះហាងថ្នាំទាំងអស់នៅម្តុំផ្សារចាស់ លុះមកដល់ហាងថ្នាំមួយ ទើបនាងបន្លឺឡើង៖”ពន្លឺព្រះចន្ទ!..........ប្រាកដជាហាងនេះ........ការពិតបងនៅនឹកឃើញខ្ញុំ”។ យុវតីហាក់ដូចជាមានអារម្មណ៍ក្តុកក្តួល និងបុកពោះណាស់ នាងដើរចូលទៅក្នុងហាងថ្នាំ តែពុំឃើញមាននរណាទាល់តែសោះ មួយសន្ទុះទើបសំឡេងយុវជនបន្លឺឡើង ដើរចេញមក៖”ប្អូនទិញថ្នាំអ្ហេ?”។ ចន្រ្ទាសម្លឹងទៅបងប្រុសតាំងពីក្បាលដល់ចុងជើង ហើយក៏គិតតែម្នាក់ឯង៖”បងខ្ពស់ណាស់ ហើយសង្ហារជាងមុន តើផ្ទៃមុខបង ធំជាងមុនដែរអត់ហ្ន៎? ខ្ញុំចង់ស្ទាបមុខបងណាស់”។ យុវជនគិតស្លុង តែភ្ញាក់ព្រើត ពេលសំឡេងយុវជនបន្លឺឡើងសារជាថ្មី៖

-ប្អូនត្រូវការអី?

-អូ!..........ហេតុអីក៏ហាងនេះ មានឈ្មោះថាពន្លឺព្រះចន្ទ?

-សូមទោស.................

-លោកប្រហែលជាឆ្ងល់ហើយ ថាហេតុអីក៏ខ្ញុំសួរសំនួរនេះមែនទេ? បេះដូងក្រោមពន្លឺព្រះចន្ទ ហេតុអីពេលនេះ មានតែពន្លឺព្រះចន្ទ មិនឃើញបេះដូងអ៊ីចឹង?

-បេះដូងក្រោមពន្លឺព្រះចន្ទ

-បងល្ងង់ណាស់! ហេតុអីមើលអូនមិនស្គាល់អ៊ីចឹង?

-គឺអូន!.............ពិតជាអូនមែនអ្ហេ!

-បងលាងដៃហើយនៅ ស្ទាបមុខអូនអ៊ីចឹង មុខអូនប្រាកដជាចេញមុន

អ្នកកំលោះត្រេកអរខ្លាំងណាស់ មានអារម្មណ៍ថា ហាក់ដូចជារកឃើញបេះដូងរបស់ខ្លួនមកវិញ។ នាយឱបយុវតីឡើងជាប់ណែននឹងដើមទ្រូងដោយមិនព្រម ព្រលែងទាល់តែសោះ ចំណែកស្រីល្ងង់ម្នាក់នេះ ក៏ឱបតបបងប្រុសរបស់ខ្លួនវិញ ដោយឥតញញើតឡើយ ហើយក៏ចេះតែគិតតែម្នាក់ឯង៖”ពេលដែលខ្ញុំឱបបង គឺមានអារម្មណ៍កក់ក្តៅណាស់ តែខ្ញុំចាំ កាលពីប្រាំមួយឆ្នាំមុន បេះដូងខ្ញុំមិនលោតញាប់យ៉ាងនេះទេ តើមានរឿងអីកើតឡើងមែនទេ?”។ គិតមកដល់ចំណុចនេះ ទាំងពីរនាក់ក៏នឹកឃើញដល់សំដីមួយដូចគ្នា៖”បងគិតមើលទៅ ថារវាងពួកបង ជាស្នេហាឬបងប្អូន?”។ គ្រប់យ៉ាងប្រែប្រួលមួយរំពេច ទាំងពីរនាក់ ងាកចេញពីគ្នារៀងខ្លួន ដោយលែងស្តីអ្វីទាំងអស់។ មួយសន្ទុះស្រាប់តែសំឡេងទូរស័ព្ទបន្លឺឡើង៖

-អាឡូម៉ាក់!

-តើកូនមានឃើញប្អូនស្រីទៅដល់ហើយនៅ?

-បាទ! អូនមកដល់ហើយម៉ាក់

-អ៊ីចឹងបានហើយ

-ម៉ាក់តេមកអ្ហេ?

-អ៊ឺ!

-ត្រូវហើយ់! នេះខ្ញុំយកបាយមកឲ្យបង ទីនេះមានបន្ទប់ទឹកទេ?

-នៅខាងក្នុង អូនចូលទៅ

-ចាស!

យ៉ាងម៉េចហ្នឹង! ហេតុអីក៏ទាំងពីរនាក់បងប្អូននេះ ក៏ស្រាប់តែប្រែដូចជាអ្នកដទៃទៅហើយ? យុវតីចូលមកដល់ក្នុងបន្ទប់ទឹក ក៏បន្លឺឡើងនៅពីមុខកញ្ចក់៖”អាល្អិត!ឯងនេះ ហេតុអីក៏ធ្វើឲ្យបង មានអារម្មណ៍មិនស្រួលយ៉ាងនេះទៅវិញ? ក្រែងខ្ញុំនឹកគាត់អ្ហេ ចុះហេតុអី ក៏មិនហ៊ានមើលមុខគាត់អ៊ីចឹង? ត្រូវហើយ! គាត់ខ្ពស់យ៉ាងនេះ គឺពិតជាពិបាកហើយ ក្នុងការសម្លឹងមើលគាត់នោះ អ្ហឺយ! គួរតែត្រឡប់ទៅផ្ទះមុនគាត់ហើយ”។ ចន្រ្ទាចេះតែគិត ហើយនិយាយម្នាក់ឯងរហូតមិនឃើញចេញមកសោះ អ្នកកំលោះក៏ទៅគោះទ្វារ៖

-តើឯងធ្វើអីហ្នឹង ហេតុអីក៏យូរម្ល៉េះ?

-រួចហើយ!

-ឆាប់ចេញមកញ៉ាំបាយមក

-អូនគិតថា អូនចង់ត្រឡប់ទៅផ្ទះវិញ

-ញ៉ាំបាយសិនទៅ បន្តិចទៀតបងបិទហាងហើយ ចាំទៅទាំងអស់គ្នា

-តែ!

-បងមើលទៅអូន ដូចជាប្លែកជាងមុនច្រើនណាស់

-អូនប្លែកអ្ហេ!

-ត្រូវហើយ! មើលទៅមិនល្ងង់ដូចមុនទេ ហើយថែមទាំងចេះអៀនទៀតផង

-អ្នកណាអៀននោះ

-មិនមែនអ្ហេ! អ៊ីចឹងអង្គុយញ៉ាំបាយជាមួយបងមក

-ញ៉ាំក៏ញ៉ាំ

ពេញមួយល្ងាចនេះ វិសិទ្ធិញញឹមរហូតដល់ម៉ោងត្រឡប់ទៅផ្ទះវិញ។ បន្ទាប់ពីបិទហាងហើយ យុវជនក៏ទាញម៉ូតូចេញមក ដូចតាមទម្លាប់ យុវតីឡើងជិះពីក្រោយហើយក៏ឱបចង្កេះបងប្រុសជាប់។ អ្វីៗដូចជាពេលពីប្រាំមួយឆ្នាំមុនអ៊ីចឹង តែប្លែកម្យ៉ាងគឺអារម្មណ៍។ ចន្រ្ទានឹកឃើញសំដីប្អូនប្រុសទៀតហើយ នាងក៏ដកដៃយ៉ាងលឿនចេញពីយុវជន ស្រាប់តែម៉ូតូចាប់ហ្រ្វាងង៉ក់៖

-...................កំពុងគិតអី?...........

-គ្មានទេ!

-ឱបចង្កេះបង!

-បង! ខ្ញុំចង់ទៅលេងផ្ទះណាវីបានទេ?

-បងជូនឯងទៅ

គ្រាន់តែឃើញពីរនាក់បងប្អូនទៅដល់ ណាវីត្រេកអរឥតឧបមា ក៏ស្ទុះទៅទាញបងប្រុសឲ្យចេញមក៖

-បងមើលទៅ តើនរណាគេមកលេងនឹងពួកយើងហ្នឹង?

-បងវិសិទ្ធិ!

-សួស្តីបង! ខ្ញុំគឺចន្រ្ទាណា

-ចន្រ្ទា! ...............អូនត្រឡប់មកពីអង្កាល់ហ្នឹង?

វាសនាសប្បាយចិត្តមិនចាញ់វិសិទ្ធិឡើយ។ ពួកគេជជែកគ្នា ស្ទើរតែភ្លេចថា យប់ទៅហើយ។

សូមរងចាំវគ្គ ៤

ផ្ដល់សិទ្ធដោយអ្នកនិពន្ធ លាក់ ម៉ាឡែន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload