រមាំង​ឈ្មោល​មួយ​ក្បាល​ភ័យខ្លាច​ព្រានព្រៃ​សម្លាប់​ ​ប្រឹង​រត់​ចូល​ភូមិ​ឲ្យ​មនុស្ស​ជួយ​

រមាំង​ឈ្មោល​មួយ​ក្បាល​ភ័យខ្លាច​ព្រានព្រៃ​សម្លាប់​ ​ប្រឹង​រត់​ចូល​ភូមិ​ឲ្យ​មនុស្ស​ជួយ​



ព្រះវិហារ​ ៖ ​សត្វ​រមាំង​មួយ​ក្បាល​ សង្ស័យ​ភ័យ​ខ្លាច​ព្រានព្រៃ ​ក៏​ប្រឹង​រត់​គេច​ចេញពី​ព្រៃ​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ចិន​ស្ថិត​នៅ​ភូមិ​ឆែប​កើត ​ឃុំ​ឆែប​១​ ស្រុក​ឆែប​ ខេត្ត​ព្រះវិហារ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤​ ខែ​ឧសភា ឆ្នាំ​​២០១៦ ​ចូល​ទីរួមស្រុក​ឆែប ​ដើម្បីឲ្យ​អ្នកភូមិ​ជួយ​ការពារ​ជីវិត​ ​បាន​រស់រាន​បន្ត​ទៀត។

សេចក្ដី​រាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​ រួម​ទាំង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆែប​ និង​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ស្រឡៅ​ ម្លូ​​ព្រៃ ​​ ​ព័ទ្ធ​ចាប់​សត្វ​រមាំង​នោះ ​បាន​ នៅ​ក្រោយ​សាលាស្រុក​ឆែប ​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ប៉ុណ្ណោះ។

ប្រជាពលរដ្ឋ​រាយការណ៍​ឲ្យ​ដឹង​ថា ​កាលពី​នៅ​សម្បូរ​ព្រៃឈើ​គ្មាន​សត្វព្រៃ​ណាមួយ​រត់គេច​ចេញពី​ព្រៃ​មក​ឲ្យ​មនុស្ស​ជួយ​នោះ​ទេ ​ប៉ុន្តែ​មកដល់​សម័យនេះ​ព្រៃឈើ​ ដែល​ជា​ជម្រក​ដ៏​សុខសាន្ត​របស់​វា​ត្រូវ​បាន​មនុស្ស​ឈូស​ឆាយ​សម្អាត​ព្រៃឈើ​ ដើម្បី​យក​ផ្ទៃដី​វិនិយោគ​ដាំ​អំពៅ​អស់​រាប់​ម៉ឺន​ហិកតា​ ធ្វើឲ្យ​សត្វព្រៃ​ទាំង​អស់​កំពុង​ខ្វះ​ទីជម្រក​ជ្រកកោន​ និង​ឈាន​ទៅ​ផុត​ពូជ​អស់​ថែមទៀត។

លោក​វង្ស​វិសិដ្ឋ​ នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៥​ ខែ​ឧសភា​២០១៦​ថា​ សត្វ​រមាំង​ឈ្មោល​មួយ​ក្បាល​នេះ ​ទម្ងន់​ប្រមាណ​៤០​គីឡូក្រាម​ វា​រត់​ចេញពី​ដី​ព្រៃ​ដាំ​អំពៅ​ស្ថិត​នៅ​ភូមិ​ឆែប​កើត ​ចូល​ក្នុង​ភូមិ​ ឲ្យ​មនុស្ស​ជួយ​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៤​ខែ​ឧសភា ឆ្នាំ​២០១៦។

ពេល​អ្នកភូមិ​ចាប់​វា​ទុក​យូរ​ម៉ោង​ហើយ​ដោះលែង​វា​វិញ​ គឺ​វា​មិន​ព្រម​រត់​ចូល​ព្រៃ​វិញ​ទេ​ សង្ស័យ​វា​ភ័យខ្លាច​ ហើយ​ប្រឹង​រត់គេច​ពី​មនុស្ស​ដែល​ចង់​សម្លាប់​វា។ លោក​បន្ត​ថា​ សត្វ​រមាំង​ដើរ​ទៅ​ណា​តែងតែ​មាន​ញី​ឈ្មោល​ ហើយ​រមាំង​ញី​សង្ស័យ​មនុស្ស​សម្លាប់​វា​បាត់​ទៅ​ហើយ​ ទើប​អា​ឈ្មោល​វា​រត់គេច​ចូល​ភូមិ​ឲ្យ​មនុស្ស​ជួយ។ រមាំង​ឈ្មោល​ខាង​លើ ​​​បាន​ត្រូវ​របួស​គ្រាំ​ខ្លួន​ងើប​ដើរ​មិន​រួច​ទេ ហើយ​នៅ​វេលា​ម៉ោង​៣​និង​៣០នាទី​​​​រសៀល​ថ្ងៃ​ទី​​៥​ ខែ​ឧសភា​នេះ ​វា​បាន​ងាប់​បាត់​ទៅ​ហើយ ដោយសារ​នៅ​ខេត្ត​ព្រះ​វិហារ​ពុំ​មាន​ពេទ្យ​សត្វ​ឡើយ ​​គឺ​ត្រូវ​ស្វែងរក​ការ​ជួយ​ពី​ពេទ្យ​សត្វ​មក​ពី​ខេត្ត​កំពង់ធំ។ តែ​ជា​អកុសល ​ក្រុម​ពេទ្យ​សត្វ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ​រមាំង​នោះ​ក៏​ងាប់​តែម្ដង។

មុន​នឹង​សត្វ​រមាំង​នោះ​ងាប់, ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆែប​ និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ​ បាន​ឯកភាព​គ្នា​​​ប្រគល់​​​រមាំង​មួយ​ក្បាល​នេះ​ទៅ​ឲ្យ​ម្ចាស់​សួនសត្វ​ភ្នំ​តាម៉ៅ​នៅ​ ខេត្ត​តាកែវ​ដើម្បី​ជួយ​យក​ចិត្ត​ទុកដាក់​ចិញ្ចឹម​ថែរក្សា​​ឲ្យបាន​ល្អ។ តែ​ឥឡូវ​វា​បាន​ងាប់​បាត់​ទៅហើយ៕

​ ​
រមាំង​ឈ្មោល​មួយ​ក្បាល​ភ័យខ្លាច​ព្រានព្រៃ​សម្លាប់​ ​ប្រឹង​រត់​ចូល​ភូមិ​ឲ្យ​មនុស្ស​ជួយ​