គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៤​ឧសភា​ កើតឡើង​៨​លើក​

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​៤​ឧសភា​ កើតឡើង​៨​លើក​



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៨​លើក ក្នុង​នោះ​យប់​៤​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ (ប្រុស) រង​របួស​ធ្ងន់​៤​នាក់ (ប្រុស) និង​របួសស្រាល​៣​នាក់ (ស្រី​២​នាក់)។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៨​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត​សរុប ចំនួន​១៤​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៨​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​១​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន​៤​គ្រឿង យាន​ផ្សេងៗ ចំនួន​១​គ្រឿង និង​អ្នក​ថ្មើរជើង​១​នាក់។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន​៣​លើក (ស្លាប់២​នាក់) ,​បត់​គ្រោះថ្នាក់៣​លើក និង​ប្រជែង​គ្រោះ​ថ្នាក់​២​លើក (ស្លាប់​២​នាក់) ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៨​នាក់ ( យប់​៤​នាក់)។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​៦​លើក ផ្លូវ​ខេត្ត-ក្រុង ចំនួន​១​លើក និង​ផ្លូវលំ​ចំនួន ១​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​រួមមាន ម៉ូតូ​៣​លើក រថយន្ត​ធុន​តូច​២​លើក និង​រថយន្ត​ធុន​ធំ​៣​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត/រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​ក្រចេះ​១​លើក ស្លាប់​១​នាក់ (ស្រី) របួស​១​នាក់ (ស្រី​) ខេត្ត​តាកែវ​១​លើក ស្លាប់​១​នាក់ ខេត្ត​​កណ្ដាល​១​លើក ស្លាប់​១​នាក់ (ស្រី) និង​ខេត្ត​ព្រៃវែង​១​លើក ស្លាប់​១​នាក់។​

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៤.៣៤០​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន​២.០០៩​គ្រឿង និង​ពិន័យ​សរុប​២.៣៣១​គ្រឿង៕