UN បាន​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ការ​ចោទ​ប្រកាន់​មន្ដ្រី​ខ្លួន​ក្នុង​ករណី​រឿង​ក្ដី​ស្នេហា​លោក កឹម សុខា​

អង្គការសហប្រជាជាតិ (UN) បានប្រាប់រដ្ឋាភិបាលកម្ពុជាថា បុគ្គលិកខ្មែរដែលធ្វើការឲ្យអង្គការសហប្រជាជាតិដែលជាប់ចោទថាពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហាផ្លូវភេទរវាងលោក កឹម សុខា និងជាងកាត់សក់ស្រីមុំនោះ គឺមានអភ័យឯកសិទ្ធិពីការប្ដឹងផ្ដល់ឡើងតុលាការ។

កាលពីថ្ងៃចន្ទសប្ដាហ៍នេះមន្ដ្រីអង្គការសហប្រជាជាតិលោក សឿន សាលី បានជាប់ចោទជាអ្នកសមគំនិតប៉ុនប៉ងសូកប៉ាន់ទាក់ទងនឹងរឿងចោទថាឲ្យស្រីមុំនិយាយកុហកអំពីទំនាក់ទំនងសេហ្នាជាមួយនឹងលោក កឹម សុខា។

លោក Stephane Dujarric អ្នកនាំពាក្យអង្គការសហប្រជាជាតិនិយាយថា អង្គការសហប្រជាជាតិបានពិភាក្សាជាមួយនឹងរដ្ឋាភិបាលខ្មែរហើយដើម្បីស្វែងរកដំណោះស្រាយសមរម្យលើករណីនេះ។

ក្រុមអង្គការសិទ្ធិមនុស្សនៅកម្ពុជានិយាយថា យន្ដការប្ដឹងផ្ដល់ឡើងតុលាការទាំងនេះ គឺជាការប៉ុនប៉ងចុងក្រោយរបស់នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដើម្បីបង្ក្រាបដល់កំណើនក្រុមអ្នកប្រឆាំងដែលព្យាយាមទម្លាក់លោកចេញពីអំណាចអស់ពេល៣១ឆ្នាំ។

លោក កឹម សុខា អនុប្រធានបក្សសង្គ្រោះជាតិដែលប្រធានរបស់ខ្លួនត្រូវខ្ទាតចេញពីកម្ពុជាទៅរស់នៅនិរទេសខ្លួននៅបរទេសនោះ បានរងការចោទប្រកាន់ថាមានទំនាក់ទំនងស្នេហាជាមួយនឹងជាងកាត់សក់ម្នាក់អាយុ២៥ឆ្នាំឈ្មោះស្រីមុំ។

កាលពីថ្ងៃពុធទី៤ឧសភាម្សិលមិញនេះគណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ថាតំណាងរាស្ដ្ររបស់ខ្លួន គឺលោក កឹម សុខា នឹងមិនឡើងតុលាការតាមដីកាកោះហៅរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឡើយ។ បក្សសង្គ្រោះជាតិនៅតែអះអាងថា តំណាងរាស្ដ្ររបស់ខ្លួនមានអភ័យឯកសិទ្ធិពេញលេញដែលមានចែងនៅក្នុងមាត្រា៨០នៃរដ្ឋធម្មនុញ្ញ។

ក្រោយពីបានទៅសុំជំនួយពីអង្គការការពារសិទ្ធិមនុស្ស ADHOC ស្រីមុំបានងាកទៅចោទអង្គការនេះថា បានណែនាំឲ្យនាងនិយាយកុហកអំពីទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា ហើយអង្គការ ADHOC បានបដិសេធដាច់អហង្ការថាខ្លួនមិនបានធ្វើខុសដូចការចោទរបស់នាងទេ ហើយថែមទាំងបានបញ្ចេញខ្សែអាត់វីដេអូឲ្យមហាជនដឹងនៅពេលសម្ភាសន៍នាងទៀតផង៕

UN បាន​ពិភាក្សា​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ការ​ចោទ​ប្រកាន់​មន្ដ្រី​ខ្លួន​ក្នុង​ករណី​រឿង​ក្ដី​ស្នេហា​លោក កឹម សុខា​លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ។ រូបថតពី UN Geneva (Credit: Audience Submitted)

ប្រភពៈ radioaustralia