ទូតអាមេរិក៖អាដហុកជាអង្គការដ៏ល្បីមួយ ដែលបង្កើតឡើងដោយអតីតអ្នកទោសនយោបាយ

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានចាត់ទុកសមាគមអាដហុកជាអង្គការដ៏ល្បីមួយ ដែលបង្កើតឡើងដោយអតីតអ្នកទោសនយោបាយមួយក្រុម។ ទូតអាមេរិក បានវាយតម្លៃចំពោះការងាររបស់មួយនេះថា អង្គការសង្គមស៊ីវិលឈានមុខគេមួយនៅកម្ពុជា ដោយមានកម្មវិធីនានាជាច្រើន ដែលជួយប្រជាជនកម្ពុជាអោយមានការយល់ដឹង និងការពារសិទ្ធិជាមូលដ្ឋានរបស់គេ។

ស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជានៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា សមាគមអភិវឌ្ឍន៍ និងសិទ្ធិមនុស្សកម្ពុជា ឬហៅថា អង្គការអាដហុក ជាអង្គការផ្នែកសិទ្ធិមនុស្សដ៏ល្បីមួយ ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកស្ទួយសេរីភាពជាមូលដ្ឋាន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសមធម៌នៅកម្ពុជា។

សាររបស់ស្ថានទូតអាមេរិកនេះ ហាក់ដូចការបង្ហាញនូវការគាំទ្រដោយប្រយោល ដល់ការងាររបស់បុគ្គលិកនៃអង្គការអាដហុកទាំង៤នាក់ ដែលកំពុងតែជាប់ពន្ធនាគារ ពាក់ពន្ធសំណុំរឿងរបស់ស្រីមុំ។

ទូតអាមេរិក៖អាដហុកជាអង្គការដ៏ល្បីមួយ ដែលបង្កើតឡើងដោយអតីតអ្នកទោសនយោបាយ

បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក បានរម្លឹកអំពីប្រវត្តិនៃការបង្កើតសមាគមអាដហុកថា ជាសមាគមមួយដែលត្រូវបានបង្កើតឡើងដោយអតីតអ្នកទោសនយោបាយមួយក្រុមនៅឆ្នាំ ១៩៩១។  ស្ថានទូតអាមេរិក បានសសើរថា ក្នុងរយៈពេលរាប់ឆ្នាំមក សមាគមនេះបានរីកធំ ស្ថិតក្នុងចំណោមអង្គការសង្គមស៊ីវិលឈានមុខគេមួយនៅកម្ពុជា ដោយមានកម្មវិធីនានាជាច្រើន ដែលជួយប្រជាជនកម្ពុជាអោយមានការយល់ដឹង និងការពារសិទ្ធិជាមូលដ្ឋានរបស់គេ។

ស្ថានទូតអាមេរិក បានបញ្ជាក់ថា សព្វថ្ងៃទីភ្នាក់ងារសហរដ្ឋអាមេរិក សំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងធ្វើជាដៃគូជាមួយអង្គការ ADHOC ដើម្បីលើកកំពស់អភិបាលកិច្ចមូលដ្ឋាន និងជួយដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ។

ការកោតសសើររបស់ស្ថានទូតអាមេរិកចំពោះសមាគមអាដហុកយ៉ាងដូច្នេះ បានធ្វើឡើងស្របពេលដែល មន្ត្រីអាដហុក៤ទាំងរូប និងអតីតបុគ្គលិករបស់អាដហុក គឺលោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរងគ.ជ.ប.ត្រូវបានតុលាការចោទប្រកាន់ ពីបទសូកប៉ាន់សាក្សី តាមមាត្រា៥៤៨នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានបញ្ជូនខ្លួនទៅកាន់ពន្ធនាគារ៕

ប្រភពៈ វាយោ