កំណាព្យ រឿងជីវិតខ្ញុំ

អារម្ភកថា

នេះកំណាព្យរឿងជីវិតខ្ញុំ និស្សិតទុក្ខធំព្រោះស្នេហា

ខុសព្រោះតែភ្លេចគុណមាតា ហត្ថទាំងទ្វេហាមិនបានសង។

នឹកឡើងឈឺចិត្តឥតឧបមា មិនគួរឡើយណាភ្លេចសំណង

ទោះចង់បកក្រោយត្រឡប់សង បានត្រឹមមួរហ្មងព្រោះហួសហើយ។

ចុងក្រោយបានត្រឹមខ្សឹកខ្សួលចិត្ត ទុក្ខនេះរួមរឹតមិនព្រមស្បើយ

កាលម៉ែនៅរស់មិនឆ្លងឆ្លើយ ពេលម៉ែស្លាប់ហើយទើបឆ្លើយឆ្លង។

វិប្បដិសារីដ៏សែនធំ ក្លាយជាទុក្ខធំក្នុងបេះដូង

ប្រៀបដូចភ្នំភ្លើងឆេះក្នុងទ្រូង ស្តាប់ហើយអ្នកផងពិចារណា។

សៀមរាប ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០០៧

លាក់ ម៉ាឡែន  

រឿងជីវិតខ្ញុំ

១. ស្រមោលអន្ធិកាខ្មៅងងឹត ក្រោមពន្លឺចិត្តអាប់រស្មី

ឱស្រមោលចន្ទឥតយល់ន័យ រស់ក្រោមទុក្ខភ័យនៃជីវិត ។

២. លើមេឃមានតែផ្កាយមួយដួង ស្រោចស្រង់ជួយលួងដល់ដួងចិត្ត

កុំមានះខឹងនឹងជីវិត កម្មពីអតីតនៃយើងទេ ។

៣. និស្សិតប៉ោឡែត្អែរត្អូញយំ បេះដូងក្រៀមក្រំយំនឹកម៉ែ

ស្តាយរឿងអតីតចិត្តដូចឆ្កែ ធ្វើបាបចិត្តម៉ែគ្មានលស់ថ្ងៃ ។

៤. ដល់ពេលភ្ញាក់ខ្លួនផ្ទួនទុក្ខទោស ភ្ញាក់ដឹងកំហុសម៉ែលែងវៃ

លង់លក់ទៅហើយឱម៉ែថ្លៃ ម៉ែទៅគ្មានថ្ងៃត្រឡប់ក្រោយ ។

៥. កូននឹកពេលមួយម៉ែទូន្មាន ម៉ែប្រដៅប្រៀនឱ្យកូនស្បើយ

កូនមិនខ្ចីស្តាប់ ធ្វើឫកឈ្លើយ បញ្ជោះម៉ែអើយ ស្ទើរក្អួតឈាម ។

៦. ដើរយប់ដើរថ្ងៃគ្មានថ្ងៃកែ គ្មានពេលនៅក្បែរ ម៉ែក្រំក្រៀម

ម៉ែស្លាប់ទៅហើយទើបកូនស្ងៀម ភ្ញាក់ខ្លួនក្អួតឈាម ស្រណោះម៉ែ ។

៧. កូនតាំងស្មារតីខំសិក្សា កម្រិតបរិញ្ញាឥតត្អូញត្អែរ

តែកូនស្តាយណាស់ប្រាស់ពីម៉ែ លែងស្គាល់ក្តីស្នេហ៍ ម៉ែធ្លាប់ផ្តល់ ។

៨. នេត្រាទាំងគូស្ទើររលេះ តែទឹកភ្នែកនេះគ្មានបានផល

កូនយំម្នាក់ឯងគ្មានអ្នកយល់ ក៏គ្មានអ្នកឆ្ងល់ដូចម៉ែឡើយ ។

៩. ដើមទ្រូងរញ្ជួយស្ទួយបេះដូង រាងកាយចិត្តកូន ស្ទើរសូន្យហើយ

តែកុំបារម្ភអ្នកម៉ែអើយ ប៉ោឡែឈប់ហើយ ត្រើយវិជ្ជា ។

១០. ពេលនេះលើកហត្ថ ចិត្តប្តេជ្ញា កូនសូមសច្ចាឥតរួញរា

នឹងខំសិក្សាយកវិជ្ជា ធ្វើជានាវានៃជីវិត ។

១១. ស្មារតីរឹងមាំខិតខំរៀន រូបម៉ែនៅមានជាប់ដួងចិត្ត

សម្តីម៉ែផ្តាំចាំជានិច្ច ចាំជាប់មិនភ្លេចបន្តិចឡើយ ។

១២. ជាប់ជានិស្សិតដ៏វៃឆ្លាត លទ្ធផលសង្វាតឥតស្តាយក្រោយ

អ្នកណាឃើញកូនក៏ដង្ហោយ កោតខ្លាចកូនហើយស្រលាញ់ទៀត ។

១៣. ស្នាមញញឹមកូនស្រស់ជានិច្ច ទុក្ខសោកជីវិតគេចចេញឃ្លាត

រឿងរ៉ាវចង្រៃធ្លាប់ចោលម្សៀត ទៅឆ្ងាយឥតបៀតជីវិតកូន ។

១៤. ឱ !ម៉ែកូនអើយនៅទីណា ? ម៉ែដឹងទេថាកូនមិនសូន្យ

បើម៉ែនៅរស់ដឹងថាកូន ខ្ពស់ឥតសាបសូន្យ ត្រេកអរណាស់ ។

១៥. ដើមឡើយមិនយល់ពីស្នេហ៍ម៉ែ មិនដែលប្រួលប្រែគេចក្រឡាស់

ចូលឆ្នាំទីបួនអារម្មណ៍ផ្លាស់ ម៉ែអើយស្នេហ៍ណាស់ន័យយ៉ាងណា ។

១៦. ហិចហោចផ្សាខ្លោចភាំងច្រឡំ បេះដូងងំៗមិនដឹងថា

ម៉ែអើយតើកូនសួរអ្នកណា ម្តេចការសិក្សាកូនធ្លាក់ចុះ ?។

១៧. ភ្នែកកូនស្រវាំងបាំងអក្សរ មើលមិនច្បាស់ល្អទាល់តែសោះ

តើមកពីភ្នែកមានទុក្ខទោស ហេតុនៃកំហុសមកពីណា ?។

១៨. ទោះកូនសញ្ជឹងប្រឹងឥតស្រាក ក៏ការលំបាកតាមស្នេហា

ទុក្ខទោសកំហុសមកពីណា ម្តេចក៏ឬស្យាសាហាវម៉្លេះ ?។

១៩. សៀវភៅរបូតធ្លាក់ពីដៃ ឯប៊ិចនេះនៃក៏របេះ

ដើមទ្រូងប្រៀបដូចជាភ្លើងឆេះ បេះដូងមួយនេះលោតញ័រញាប់ ។

២០. ម៉ែអើយកូនធ្លោយ ធ្លាក់បេះដូង ក្នុងជ្រោះជ្រលងគួររន្ធត់

ដើមហេតុនៃរឿងរ៉ាវមិនគាប់ បេះដូងកូនញាប់ព្រោះស្នេហា ។

២១. ី ធលេល នី ឡៀវេលើស្រីម្នាក់ ចិត្តស្អិតជំពាក់ភ្លេចសិក្សា

កូនវល់វង្វេងនឹងស្នេហា ពុលអស់ចិន្តា សិក្សាធ្លាក់ ។

២២. ពេលកូនលាក់ទុក្ខចុកណាស់ម៉ែ ទើបប្រកាសស្នេហ៍ដោយជឿជាក់

តែស្នេហ៍កូននេះឥតញ័រញាក់ ព្រោះនាងជឿជាក់ព្រមស្នេហ៍កូន ។

២៣. កូនរស់មានឈ្មោះសារជាថ្មី កូនមានស្មារតីខុសពីសូន្យ

អនុស្សាវរីយ៍បងនិងអូន ទោះបីធំក្បូនដាក់មិនអស់ ។

២៤. ពេលនេះយល់ហើយពីស្នេហា ទោះបីបព្វតាមិនស្មើសោះ

បេះដូងតែមួយពេញចិត្តស្មោះ បង់ភាពក្រៀមក្រោះអស់ពីចិត្ត ។

២៥. មិនថាថ្លៃលិចឬថ្ងៃរះ បងនិងវលក្ខណ៍ឈ្នះជីវិត

ទាំងគូត្រសងរមួតស្អិត ស្វាយមួយចំណិតចិតចែកគ្នា ។ 

២៦. ប្រាំងស្ងួតហួតហែងហួសផុតទៅ ផ្លាស់ប្តូររដូវចូលរងា

អាវមួយពីរនាក់ឥតរួញរា យើងប្តូរចែកគ្នាពាក់ម្តងម្នាក់ ។

២៧. អាវបងរហែកអូនប៉ះឱ្យ កាបូបធ្លាយធ្លោយក៏វលក្ខណ៍

ផ្ចិតផ្ចង់ប៉ះឱ្យដោយជឿជាក់ បងរឹតតែធ្លាក់អន្ទាក់ស្នេហ៍ ។

២៨. វេលាលឿនលយហោះលឿនណាស់ ពាក្យពេចន៍ចាំច្បាស់មិនគេចកែ

កម្រិតដុល្លាក្រាស់ហួសស្នេហ៍ ម៉ែអើយទុក្ខទ្វេលើកូនហើយ ។

២៩. ថ្ងៃកូនប្រឡងបញ្ចប់ឆ្នាំ នាងដើរមកផ្តាំថាដល់ត្រើយ

ដៃនាងទប់ទ្រូងឱ្យកូនស្បើយ រឿងយើងចប់ហើយដោយបរិបូរណ៍ ។

៣០. កូនស្រឡាំងកាំងភាំងស្មារតី បេះដូងធ្លាក់ដីទាំងជំហរ

ពោះវៀនសួតថ្លើមក៏ស្រែកថ្ងូរ ជើងទាំងពីរឈរស្ទើរមិនជាប់ ។

៣១. ស្តីហើយព្រងើយនាងដើរចេញ ឯចិត្តទោម្នេញនេះត្រូវស្លាប់

មិត្តឆ្ងល់គ្រប់គ្នាម្តេចមិនឆាប់ រួសរាន់ប្រញាប់ចូលប្រឡង ? ។

៣២. ម៉ែអើយឱ្យកូនធ្វើយ៉ាងណា ? ម្តេចក៏ស្នេហាសោកសៅហ្មង

ប្រេះឆាជួនគ្នាថ្ងៃប្រឡង អស់ហើយបំណងធ្លាប់ប៉ងទុក្ខ ។

៣៣. កម្លាំងចិត្តអើយស្បើយលែងមាន កូនចង់ដើរឈានឆ្ពោះទៅមុខ

តែកូនដួលគ្រឹបមុខបន្ទប់ មិត្តសម្លឹងមុខគ្រប់ៗគ្នា ។

៣៤. លោកគ្រូសួរកូនទ្រាំបានទេ ឬមួយត្រូវវេរ ចែកវេលា

ចាំប្រឡងសងពេលណាជា កុំឱ្យគ្រាំគ្រាជាទុក្ខធំ ។

៣៥. តែកូនមិនឱ្យធ្លោយបង់ខាត ចិត្តកូនមិនស្អាតក៏ត្រូវខំ

ថ្វីត្បិតពេលនេះបេះដូងយំ កូនត្រូវតែខំតស៊ូឈ្នះ ។

៣៦. កូនឈ្ងោកសរសេរទាំងក្តុកក្តួល ឈឺដោតចាក់អួលឈួលចង់ស្ទះ

ឯចិត្តសិក្សាថាយកឈ្នះ ចិត្តពីរមានះរះដូចថ្ងៃ ។

៣៧. ទឹកភ្នែកកូនស្រក់លើក្រដាស ត្រូវសុំគ្រូផ្លាស់ប្តូរជាថ្មី

គ្រូឆ្ងល់ហើយសួរនិស្សិតថ្លៃ តើបានទឹកអ្វីមកពីណា ?។

៣៨. កូនមិនបានឆ្លើយតបវិលវៃ ស្រាប់តែមនុស្សស្រីក្បែរហត្ថា

នាងឆ្លើយជំនួសថាគង្គា ទឹកខ្ញុំនេះណាខ្ទាតពីដប ។

៣៩. ទើបគ្រូប្តូរផ្លាស់ក្រដាសថ្មី ឯយុវតីមាត់ម្ហបៗ

កុំដូចជីវិតត្រីជាប់លប កុំត្រាំទុក្ខសោកក្នុងពេលនេះ ។

៤០. សង្គ្រាមសិក្សាត្រូវយកជ័យ តែបើស្មារតីឆេះរលេះ

ប្រយ័ត្នវេលាក្លាយជាផេះ ព្រោះតែថ្ងៃនេះបរាជ័យ ។

៤១. សង្គ្រាមស្នេហាចាញ់គេហើយ ប្រយ័ត្នថ្លោះធ្លោយអាប់រស្មី

ភ្លាត់ធ្លាក់ជីវិតកប់ក្នុងដី ប្រយ័ត្នអប្រិយមួយជីវិត ។

៤២. ម៉ែអើយនេះហើយសម្តីនាង ស្តីប្រដៅប្រៀនដាស់ដួងចិត្ត

ឬវិញាណម៉ែចូលសណ្ឋិត ឱ្យកូនតាំងចិត្តខំសិក្សា ? ។

៤៣. ឮភ្លាមឈាមកូនដើរជាថ្មី កូនមានស្មារតីយ៉ាងហានក្លា

កូនផ្ចង់អារម្មណ៍ផ្តុំចិន្តា គ្រវាសអក្ខរាលើក្រដាស ។

៤៤. ប្រាំថ្ងៃកូនបានប្រឡងចប់ តែចិត្តមិនស្ងប់រឿងរ៉ាវចាស់

កូនរត់រកនាងសួរឱ្យច្បាស់ ហេតុអ្វីក្រឡាស់ក្បត់ចិត្តខ្ញុំ ?។

៤៥. ភ័ក្ត្រាញញឹមប្រិមប្រិយឆ្លើយ កោតណាស់ម៉ែអើយឥតក្រៀមក្រំ

នាងថាបន្ទោសមកពីខ្ញុំ ឱ្យនាងក្រៀមក្រំមិនសប្បាយ ។

៤៦. ឥឡូវនាងជួបបុរសម្នាក់ ធ្វើឱ្យជំពាក់ទើបនឿយណាយ

ថាកូនមិនគ្រប់ចិត្តនិងកាយ យើងមិនអាចក្លាយជាគូឡើយ ។

៤៧. កូនសួរទាំងស្លុតចិត្តមន្ទិល តើយើងអាចវិលត្រឡប់ក្រោយ

នាងថាមិនអាចគឺចប់ហើយ និស្សិតថ្លៃអើយចប់ហើយស្នេហ៍ ។

៤៨. គ្រាន់តែស្តីចប់ឡានឈប់ភ្លាម នាងឥតលាក់លៀមនឹងកូនទេ

នាងស្ទុះរត់វឹងចូលឡានគេ លើកហត្ថទាំងទ្វេលាខ្ញុំទៀត ។

៤៩. ឱស្នេហាអើយឬស្យាម៉្លេះ បេះដូងមួយនេះម្តេចថោកទាប

ការពិតខ្លួនឯងគឺចោលម្សៀត ខ្វះទ្រព្យស៊កសៀតបេះដូងនាង ។ 

៥០. មិនអស់ចិត្តទេព្រោះនៅស្នេហ៍ ឱម៉ែអឺយម៉ែជួយនួននាង

បង្វិលចិត្តនាងឱ្យលម្អៀង ឱ្យស្រីនួននាងវិលត្រឡប់ ។

៥១. បេះដូងជាប់គុកគាំងស្ទើរក្ស័យ ដឹងថាគ្មានថ្ងៃអាចបញ្ឈប់

មិនអាចដង្ហោយឱ្យត្រឡប់ ជីវិតអភ័ព្វងាប់មិនប្រៀប ។

៥២. ព្រះអើយម្ចាស់ស្នេហ៍ស្រស់ចរណៃ គឺជាសេដ្ឋីដីសៀមរាប

អស់ក្តីសង្ឃឹមលែងជ្រួតជ្រាប ជីវិតថោកទាបបែបនេះសោះ ។

៥៣. ដាច់ទឹកដាច់បាយព្រោះឆ្ងាយស្រី ទោះបើស្រដីក៏ក្រៀមក្រោះ

ខំប្រឹងញញឹមទាំងខ្សត់ខ្សោះ ខ្លួនឈឺឥតលស់មួយថ្ងៃឡើយ ។

៥៤. ស្បែកជើងកាបូបគ្របទុកចោល ព្រោះម្ចាស់ស្រមោលទៅបាត់ហើយ

កូនចង់បិទភ្នែកចោលរូបកាយ តែមិនអាចឡើយស្តាយចិត្តណាស់ ។

៥៥. ទីមួយស្តាយស្នេហ៍ម៉ែធ្លាប់ផ្តល់ ស្លាប់ទាំងកង្វល់ខ្លាចកម្មក្រាស់

ទីពីរខ្លួនក្មេងមិនទាន់ចាស់ បើស្លាប់ស្តាយណាស់ខ្មាសសង្គម ។

៥៦. ទីបីមិនទាន់សងគុណជាតិ តាំងពីពេលកើតរហូតធំ

ទីបួនចិត្តផ្ទួនមានគំនុំ នឹងលិខិតព្រហ្មដែលប្តូរផ្លាស់ ។

៥៧. ស្ទុះពីកន្ទេលធ្លាប់ដេកដួល ចិត្តសល់កំសួលតិចតួចណាស់

កូនទាញខោអាវទៅប្តូរផ្លាស់ ហើយយ៉ាងរហ័សស្ទុះចេញទៅ ។

៥៨. លទ្ធផលប្រឡងឥតប្រល័យ កូនរះដូចថ្ងៃឥតសោកសៅ

ពិន្ទុល្អណាស់គ្មានដំបៅ តែមិត្តហ្មងសៅពេលឃើញកូន ។

៥៩. គ្រប់គ្នាឆ្ងល់ណាស់ថាកូនស្គម ជាមនុស្សសំគមស្ទើរតែសូន្យ

កើតអេដស៍ទេដឹងទើបស្រពោន សង្ស័យតែសូន្យឆាប់ៗនេះ ។

៦០. តែកូនមាំណាស់ណាម៉ែអើយ បេះដូងកូនស្បើយលែងរលេះ

ទោះបីសំដីមិត្តពេលនេះ កូនក៏មិនចេះខឹងតបឡើយ ។

៦១. កូនថានេះហើយស្នេហ៍ទន្ទ្រាន បេះដូងអ្នកមានគេឡកឡឺយ

មរតកស្នេហាបែបនេះហើយ ឱមិត្តថ្លៃអឺយអ្នកយល់ទេ ?។

៦២. តើខ្ញុំបានអេដស៍មកពីណា ខ្ញុំនិងកនិដ្ឋាមិនធ្លាប់ដែល

ស្និទ្ធស្នាលរួមរ័ក្សឱ្យហួសស្នេហ៍ ស្រលាញ់មាសមេ គោរពទៀត ។

៦៣. មួយឆ្នាំកន្លងហួសផុតទៅ ទុក្ខសោកដំបៅលែងស៊កសៀត

ម៉ែអឺយកូនម៉ែឥតចោលម្សៀត ឥឡូវកូនឆ្លៀតធ្វើការណាស់ ។

៦៤. កូនជា អនេរោល មានាងរេ ការងារកូនធ្វើសមរម្យណាស់

កូនអាចទាក់ទងមនុស្សក្មេងចាស់ មិនអន់ណាណាស់ទេម៉ែអើយ ។

៦៥. តើម៉ែស្តាប់កូនឮទេម៉ែ ? កូនឈរនៅក្បែរផ្នូរម៉ែហើយ

ពេលនេះកូនមាំខុសដើមឡើយ ទាំងចិត្តទាំងកាយគ្មានស្លាកស្នាម ។

៦៦. តែកូនស្តាយមួយក្នុងជីវិត គឺកូនខុសពិតទុក្ខស្អិតក្រាម

ធ្វើបាបចិត្តម៉ែឱ្យស្លាកស្នាម រហូតដល់ប្រាណលាចាកលោក ។ 

៦៧. កូនសូមលាងទោសមុខផ្នូរម៉ែ កូនសងក្តីស្នេហ៍ម៉ែធ្លាប់សោក

កូនយកក្បាលកូនទង្គិចបោក សងភាពសោយសោកជូនម៉ែវិញ ។

៦៨. ចុះសំឡេងអ្វីមកពីណា ? យំអួលឱរាទុក្ខទោម្នេញ

ឬសំឡេងម៉ែស្នេហ៍ពោរពេញ ទុក្ខម្នោទោម្នេញព្រោះតែកូន ។

៦៩. សំឡេងខ្សឹកខ្សួលរឹតតែខ្លាំង ម៉ែអើយកុំខឹងកុំស្រពោន

កូនលែងបោកក្បាលលែងចង់សូន្យ ម៉ែកុំស្រពោនយំសោកអី ។

៧០. ម៉ែឈប់យំហើយតើមែនទេ ចុះអ្នកណាគេទួញរីងរៃ ?

ខ្ញុំដើរទៅមើលប្រុងស្មារតី ម៉ែអើយមនុស្សស្រីសោយសោកា ។

៧១. ខ្ញុំដើរទៅជិតគិតស្រដី តែយុវតីបែរភ័ក្ត្រា

ទឹកភ្នែកដិតដាមជាប់នាសា ចំណែកហត្ថាលាឱបផ្នូរ ។

៧២. ច្បាស់ណាស់គឺម្ចាស់សំឡេងនោះ ធ្លាប់ផ្តល់ចិត្តស្មោះដោយអាសូរ

កាលថ្ងៃប្រឡងទឹកភ្នែកហូរ រូបនាងជាទរទ្រទឹកភ្នែក ។

៧៣. ចុះម្តេចហេតុអ្វីក្នុងពេលនេះ ទុក្ខសោករលេះគួរសង្វេគ

អ្នកណាធ្វើឱ្យនាងទឹកភ្នែក ម្តេចក៏យំស្រែកឈឺចាប់ម៉្លេះ ?។

៧៤. ខ្ញុំសួរនាងថាចាំខ្ញុំទេ នាងឆ្លើយថាទេគ្មានសល់សេស

ខំនឹកយ៉ាងណាអស់តម្រិះ ខួរក្បាលមួយនេះនៅមិនចាំ ។

៧៥. នាងស្ទុះងើបដើរបម្រុងចេញ ខ្ញុំថាឈប់សិនសូមចំណាំ

ម្តេចឡើយភ្លេចបានកាលមួយឆ្នាំ នាងធ្លាប់ខ្សឹបផ្តាំក្បែរត្រចៀក ។

៧៦. ទឹកភ្នែកខ្ញុំគឺជាទឹកសុទ្ធ ដែលនាងសន្មតថាវាខ្ទាត

នាងក៏ញញឹមទាំងគ្រោតគ្រាត ងាកភ័ក្ត្រម្តងទៀតមករកខ្ញុំ ។

៧៧. ខ្ញុំធ្លាប់គិតថាសំឡេងម៉ែ ពន្យល់ឱ្យប្រែស្គាល់សុខុម

ពេលនេះទឹកភ្នែកទួញស្រែកយំ ខ្ញុំនៅច្រឡំថាម៉ែទៀត ។

៧៨. ឬពិតជាម៉ែបណ្តាលចិត្ត ឱ្យរស់ជីវិតលែងចង្អៀត

ម៉ែឱ្យរូបនាងចូលប្រជ្រៀត សណ្ឋិតបៀនបៀតបេះដូងខ្ញុំ ។

៧៩. ខ្ញុំសួរនាងថាមូលហេតុអ្វី ទុក្ខសោកចង្រៃឱ្យនាងយំ

នាងមិនស្តីតបមើលមកខ្ញុំ ថានាងក្រៀមក្រំព្រោះអ្វីឡើយ ។

៨០. នាងក៏ចេញឆ្ងាយដើរហួសទៅ តែទុក្ខសោកសៅមិនព្រងើយ

ខ្ញុំដឹងច្បាស់ណាស់នាងមិនស្បើយ ទុក្ខមិនស្រាលឡើយក្នុងជីវិត ។

៨១. ម៉ែអើយពេលនេះកូនច្បាស់យល់ ពីទុក្ខអំពល់ក្នុងដួងចិត្ត

អ្នកណាក៏មានក្នុងជីវិត គ្មានអ្នកណាគេចរួចផុតទុក្ខ ។

៨២. កូនក្រាបលាម៉ែត្រឡប់វៃ សូមម៉ែជួយច្នៃឱ្យកូនសុខ

តែអារម្មណ៍កូនថាថ្ងៃមុខ កូនអាចជួបសុខម៉ែផ្តល់ឱ្យ ។

៨៣. ថ្ងៃនេះកូនចេញពីធ្វើការ កូនឃើញធីតាស្រស់ត្រាណត្រើយ

កំពុងប្រតប់យំឥតស្បើយ នៅលើផ្លូវជាយវាយប្រតប់ ។

៨៤. ម៉ែគិតឱ្យកូនធ្វើយ៉ាងណា ? ឬតាំងចិន្តានៅឱ្យស្ងប់

មនុស្សប្រុសចង្រៃដែលវាយតប់ នាងស្ទើរសន្លប់ជានរណា ?។

៨៥. ទ្រាំមិនបានឡើយចិត្តអើយថប់ បើចង់ធ្វើស្ងប់ស្ទះឱរា

ត្រូវតែលូកដៃចាប់ហត្ថា ប្រុសចិត្តជាខ្លានោះឱ្យជាប់ ។

៨៦. ម៉ែអើយគួរឱ្យរន្ធត់ណាស់ ប្រុសក្មេងមិនចាស់ហាក់មិនគាប់

វាសម្លឹងកូនចង់សម្លាប់ មាត់គំរាមញាប់ឱ្យកូនចៀស ។

៨៧. កូនយល់ឥតឆ្ងល់ឥតសោកា កូនលើកហត្ថាហើយគ្រវាស

ដាល់វាមួយដៃឱ្យវិនាស ហើយកូនដើរចៀសចេញពីវា ។

៨៨. ប៉ូលីសមកដល់ឥតឆ្ងល់សួរ មកហើយចាប់យួរឥតតវា

ដាក់ឡានបញ្ជូនទៅស្នងការ ឯស្រីកនិដ្ឋាសោកាស្លុត ។

៨៩. ម៉ែអើយយល់ហើយពីមូលហេតុ ធ្វើឱ្យនាងស្រែកយំរន្ធត់

បងប្រុសតិរច្ឆានហ៊ានសម្លុត គំរាមសម្លាប់ឥតអាសូរ ។

៩០. ព្រោះតែស្រាស្រីល្បែងពាលា កូនធ្លាប់វេទនាពេលយ៉ាងយូរ

កូនធ្លាប់ធ្វើឱ្យម៉ែថ្ងួចថ្ងូរ ពេលនេះកូនឈរមើលច្បាស់ហើយ ។

៩១. អាសូរនាងណាស់ស្ទើរស្ទះទ្រូង កូនស្ទុះបម្រុងទៅកៀកកើយ

ក្រៀកនាងឱ្យឈរលោមឱ្យស្បើយ ស្រាប់តែម៉ែអឺយចុះអ្នកណា ?។

៩២. ចូលមកក្រសោបឱបពាល់កាយ ទឹកមុខស្រស់ស្រាយរាងសង្ហារ

អរគុណញញឹមកូននេះណា ពេលចប់វាចាក៏ចេញបាត់ ។

៩៣. ម៉ែអើយតើម៉ែគិតយ៉ាងណា គួរម៉ែវាចាកុំស្ងៀមស្ងាត់

កូនដឹងថាម៉ែរៀបចំស្រេច គឺម៉ែសម្រេចឱ្យកូនជួប ។

៩៤. កូនមានអារម្មណ៍ប្លែកទៀតហើយ វេលាព្រងើយក៏វិលខួប

បេះដូងខ្សឹកខ្សួលអួលចង់ជួប ចង់មើលរបួសយ៉ាងណាហើយ ។

៩៥. តើម៉ែសំងំធ្វើអ្វីទៀត ? ម្តេចម៉ែមិនឆ្លៀតជួយកូនឱ្យ

បានជួបស្រស់ស្រីកែវត្រាណត្រើយ ឱស ឱម៉ែអើយជួយកូនផង ។

៩៦. ជួបហើយម៉ែអើយក្បែរផ្សារពោធិ៍ នាងកំពុងឈរក្បែររបង

តែគួរឱ្យស្តាយឆ្ងាយបំណង នាងដើរត្រសងចាកចេញទៅ ។

៩៧. មិនអាចទ្រាំចាំវាសនាទេ កូននេះត្រូវតែរិះរកផ្លូវ

ស៊ើបសួរឱ្យច្បាស់ពីពាលពៅ បើទាល់ចាល់ផ្លូវចាំគិតទៀត ។

៩៨. ម៉ែអើយចប់ហើយសម្រាប់កូន ព្រោះអីផ្លូវក្បូនសែនចង្អៀត

កូននេះមិនអាចជ្រកប្រជ្រៀត ធ្វើឱ្យវិវាទគូស្នេហ៍គេ ។

៩៩. ភ័ក្ត្រាស្រស់ស្រាយរាងសង្ហារ នោះហើយវាសនានៃក្តីស្នេហ៍

តែកូនមិនយល់ឆ្ងល់ពីម៉ែ ឱ្យខ្ញុំជួបគេធ្វើអ្វីទៅ ។

១០០. ចុះអ្នកណាគេដើរមុខខ្ញុំ សើចយ៉ាងសុខុមក្បែរដងផ្លូវ ?

វរហើយម៉ែអើយគួរឱ្យក្តៅ សង្ហារកប់ជ្រៅដោយកលល្បិច ។ 

១០១. ម៉ែគិតឱ្យកូនស្រាយយ៉ាងណា ? ប្រុសនេះសាវាមិនអន់តិច

ស្រណោះនួននាងដែលចាញ់ល្បិច ប្រៀបដូចថ្ងៃលិចសែនសោកសៅ ។

១០២. ឱស្រស់កនិដ្ឋាចិន្តាបង បំណងប្រៀបដូចពពកខ្មៅ

ម្តាយក៏ចាកឋានលាចាកទៅ ឯបងចិត្តខ្មៅជាប់គុកទៀត ។

១០៣. ឥឡូវត្រូវម្ចាស់បណ្តូលចិត្ត លបលួចក្បត់ផិតចិត្តចោលម្សៀត

របួសគ្រាំផ្ទួនជួនឥតឃ្លាត ឪចុងក៏ឆ្លៀតបំពានកាយ ។

១០៤. ម៉ែអើយយល់ហើយពីចិត្តម៉ែ កូននឹងខៃកែឥតនឿយណាយ

អម្រែកក្តីទុក្ខចុកមិនធ្លាយ កូននឹងជួយស្ពាយសម្រាលនាង ។

១០៥. កូនឃើញនាងរត់ទាំងក្តុកក្តួល កូនឃើញនាងដួលក្រោមសូរសៀង

ឪចុងទុរយសស្តោះស្តីនាង បំពានលើនាងទាំងកម្រោល ។

១០៦. មិនគួររស់នៅខ្លៅសង្គម មួយដំបងធំគ្មានស្រមោល

ម៉ែអើយនេះហើយភាពកម្រោល ដែលកូនត្រូវថ្កោលដាក់ទោសវា ។

១០៧. កូនលាហត្ថាឱ្យនាងចាប់ តែនាងរ៉ាយរ៉ាប់ថាសូមលា

អរគុណកូនជួយទាន់វេលា មានភ័ព្វជួបគ្នាវេលាក្រោយ ។

១០៨. កូនដឹងច្បាស់ណាស់ នាងអស់ផ្លូវ គ្មានកន្លែងទៅជាកោះត្រើយ

តែនាងទៅមុខឥតបកក្រោយ ម៉ែអើយឱ្យកូនធ្វើយ៉ាងណា ?

១០៩. ផ្លូវមួយផុតព្រួយនាងអាចទៅ គឺនៅកន្លែងនាងធ្វើការ

យប់យន់ទៅហើយធ្វើយ៉ាងណា គ្មានទីនិន្ទ្រាយ៉ាប់ធំហើយ ។

១១០. កូនរត់ពាំងផ្លូវឱ្យពៅឈប់ រាត្រីយន់យប់ហើយត្រាណត្រើយ

ទៅជាមួយខ្ញុំកុំព្រងើយ ចាំភ្លឺស្អែកហើយសឹមគិតទៀត ។

១១១. នាងឆ្លើយថាទេមិនរអៀស នាងឱ្យកូនចៀសកុំបៀនបៀត

តែកូននៅតែឃាំងនាងទៀត ឱ្យនាងចង្អៀតចិត្តក្រៃលែង ។

១១២. នេះក៏ព្រោះតែនាងភ័យខ្លាច នាងខ្លាចកូនឆ្លៀតបន្លំកេង

មិនធ្លាប់ស្គាល់សោះស្មោះក្រៃលែង ខ្លាចព្រួយចំបែងអាប់រស្មី ។

១១៣. នាងមិនធ្លាប់ស្គាល់ខ្វល់ក្នុងចិត្ត ប៉ុន្តែការពិតកូននេះនៃ

ស្គាល់នាងយ៉ាងច្បាស់ពេញដួងចៃ តាំងពីនៅថ្ងៃប្រឡងនោះ ។

១១៤. កូនប្រាប់ថានាងម្ចាស់សម្តី ជីវិតកូនជ័យឥតធ្លាយធ្លុះ

គឺព្រោះសម្តីនៅថ្ងៃនោះ ខ្ញុំមានចិត្តស្មោះជួយនាងមែន ។

១១៥. កូនដឹកដៃនាងចូលក្នុងឡាន លុះដល់វិមានកូនស្តីលេង

នាងខំញញឹមទាំងចំបែង កូនថាកុំក្រែងដើរចូលទៅ ។

១១៦. នាងឆ្ងល់ថាកូននៅម្នាក់ឯង ផ្ទះធំមិនក្រែងម្តេចហ៊ាននៅ

ម៉ែអើយពេលកូនឆ្លើយតបទៅ កូនឃើញនាងនៅមិនអស់ឆ្ងល់ ។

១១៧. ផ្ទះនេះខ្ញុំនៅពីរនាក់ម៉ែ ពេញដោយក្តីស្នេហ៍គ្មានកង្វល់

កូនចង្អុលរូបដែលតម្កល់ លើធឹងសេសសល់ឱ្យនាងមើល ។

១១៨. នាងសម្លឹងកូនទឹកមុខស្ងួត ខ្ញុំនេះមិនឆ្កួតកុំរអើល

ខ្ញុំធ្លាប់ធ្វើខុសកាលនៅព្រើល ម៉ែធ្លាប់ថែមើល ខ្ញុំជិះជាន់ ។

១១៩. កាលនោះច្រឡំឃើញស្នេហ៍មាស បង្វិលពង្វាសថាជាស្ពាន់

ស្មានតែស្កប់ស្កល់រស់គ្រប់គ្រាន់ តែពេលភ្ញាក់ទាន់ហួសពេលហើយ ។

១២០. យប់យន់ងងឹតរាត្រីកាល ខ្ញុំឈប់តំណាលនាងឈប់ឆ្លើយ

យើងក៏លង់លក់ទុក្ខអស់ស្បើយ ព្រឹកឡើងភ្ញាក់ហើយទៅធ្វើការ ។

១២១. ដល់ម៉ោងកូនទៅទទួលនាង ម៉ែអើយឥតល្អៀងច្បាស់នេត្រា

នាងកំពុងតបនឹងសង្សារ ទាំងកែវនេត្រាល្អក់កករ ។

១២២. កូនធ្មឹងឈរទ្រឹងក្បែរដងផ្លូវ មិនហ៊ានចូលទៅក្រែងមិនល្អ

តែកូនហាក់ស្ទះទ្រូងស្អិត ក ចិត្តមិនអំណរទាល់តែសោះ ។

១២៣. កូនឃើញនាងស្ទុះបម្រុងចេញ តែប្រុសនោះវិញហាក់មិនស្មោះ

នាយចាប់ដៃនាងទាំងកក្រោះ ចង់ប្រាប់ថាស្មោះនៅអាល័យ ។

១២៤. នួននាងមិនតបលបលួចយំ លើកហត្ថប៉ះចំគ្រវាសដៃ

ទើបឆ្លើយថាចប់អស់អាល័យ ក្តីស្មោះគ្មានថ្ងៃវិលដូចដើម ។

១២៥. បើតស៊ូនៅដំបៅចិត្ត ព្រោះស្នេហ៍មិនពិតដូចសន្សើម

រស់នៅធ្វើអ្វីបើដង្ហើម មិនដូចសន្សើមតែដូចភ្លៀង ។

១២៦. នាយនៅមិនសុខឆ្ពោះតាមស្រី ម្តេចអស់អាល័យឆាប់លម្អៀង

នាងថាម្តេចឡើយបន្ទោសនាង តើភាពលម្អៀងអ្នកណាសាង ។

១២៧. ចប់ហើយចៀសផ្លូវកុំនៅទៀត នាំតែចង្អេ្អ្អ្អ្អត្អៀគ្មានអ្នកលាង

ទឹកភ្នែកសារក្រោយខ្លាចដីផ្អៀង ឈប់តាមហើយលាងស្នេហាចោល ។

១២៨. នាយមិនព្រមស្ងប់ទប់ចិន្តា នៅតែស្រវាឱបស្រមោល

ស្រវាឱបកាយទាំងកម្រោល មិនព្រមបង់ចោលរឿងកន្លង ។

១២៩. នាងខឹងប្រឹងចៀសគ្រវាសចេញ ទាំងទុក្ខទោម្នេញសោកសៅហ្មង

តែចិត្តចង់ចៀសមិនដូចប៉ង ឯខ្ញុំសៅហ្មងនៅមិនសុខ ។

១៣០. ខ្ញុំប៉ះស្មានាយទាំងកំហឹង នាយបែរងាកវឹងសម្លឹងមុខ

រួចហើយពោលពាក្យគួរផ្សាចុក រំអុកដាក់ទោសឱ្យយុវតី ។

១៣១. នាយថាព្រោះខ្ញុំទើបដាច់ចិត្ត ការពិតនាងផិតទៅមានថ្មី

ដាក់ទោសឱ្យនាយគ្មានដឹងអ្វី ម្តេចក៏អប្រិយឬស្យាម៉្លេះ ។

១៣២. នួននាងវង្វេងស្តីលែងចេញ បេះដូងឈឺពេញស្ទើរបែកប្រេះ

ម្តេចក៏វាសនាជាបែបនេះ ឱ ! ស្នេហ៍រលេះរលួយហើយ ។

១៣៣. មនុស្សធ្លាប់ស្រលាញ់ពេញឱរា ម្តេចស្តីវាចាថោកឥតត្រើយ

នាងស្ទុះទាញខ្ញុំត្រឡប់ក្រោយ ដើរយ៉ាងព្រងើយលែងមើលនាយ ។ 

១៣៤. នាយមិនអស់ចិត្តស្ទុះឃាំងផ្លូវ ចិត្តដាច់ម៉្លេះពៅស្រស់ឆោមឆាយ

នាងថាចប់ចុះអស់បរិយាយ ទុក្ខទោសនាងស្ពាយទទួលយក ។

១៣៥. តែនាងប្រាប់ថានាងមិនខុស អ្នកសាងកំហុសរួចពួនជ្រក

មិនមែនជានាងជារូបលោក នាងឈប់សោយសោកពួនជីវិត ។

១៣៦. ខ្ញុំនិងរូបនាងមកដល់ផ្ទះ ទឹកភ្នែកមានះគំរាមចិត្ត

នាងទ្រហោយំក្រំជីវិត ទឹកភ្នែកស្ទើរលិចបាត់ធរណី ។

១៣៧. ម៉ែអើយនេះហើយឬស្នេហា ? បើចិត្តត្រូវការម្តេចជីវី

ដាច់ចិត្តបែងផ្លូវបែកជាពីរ ឱ្យទុក្ខញាំញី បែបនេះឬ ។

១៣៨. នាងមានឱកាសជាងរូបកូន តែសុខចិត្តសូន្យឱ្យចិត្តឈឺ

ម៉ែអើយធ្វើឱ្យកូននេះព្រឺ ខ្លាចណាស់តែឈឺព្រោះស្នេហ៍ទៀត ។

១៣៩. ទឹកភ្នែកដូចព្យុះភ្លៀងរលឹម ស្រាប់តែប៉ប្រឹមលែងចង្អៀត

ទុកបាត់ទៅណាលែងស៊កសៀត នាងជូតយ៉ាងស្អាតហើយញញឹម ។

១៤០. នាងថាអស់ហើយសេចក្តីទុក្ខ ទ្រូងនាងលែងចុកអស់សង្ឃឹម

តទៅរស់នៅត្រូវញញឹម លែងអស់សង្ឃឹមដូចមុនហើយ ។

១៤១. លាហើយគ្មានថ្ងៃវិលត្រឡប់ គ្រប់យ៉ាងត្រូវចប់គ្មានបកក្រោយ

ម៉ែអើយនាងក៏លាកូនហើយ នាងទៅរកត្រើយជីវិតថ្មី ។

១៤២. ម៉ែគិតឱ្យកូនធ្វើយ៉ាងណា ធំណាស់ស្នេហាលើលោកិយ

ឬត្រូវសារភាពស្នេហាស្រី តែខ្លាចបរាជ័យ ដូចពេលមុន ។

១៤៣. តែបើមិនស្តីស្រីទៅបាត់ បេះដូង ប្រម៉ាត់ពិតជាគ្រុន

លើកនេះពិតជាធ្ងន់លើសមុន ខ្លាចណាស់ត្រូវគ្រុនមួយជីវិត ។

១៤៤. ខ្ញុំលើកដៃចាប់កាន់ហត្ថនាង ពោលពាក្យអះអាងក្នុងដួងចិត្ត

រៀបការនឹងខ្ញុំរួមជីវិត រស់នៅនែបនិត្យទីនេះទៅ ។

១៤៥. នាងសើចញញឹមដោយរាបសារ នាងពោលវាចាឥតសោកសៅ

ទើបតែលុបស្អាតស្នាមដំបៅ លែងចង់ចូលផ្លូវស្នេហ៍ទៀតហើយ ។

១៤៦. កូនថារឿងចាស់គួរផ្លាស់ថ្មី គួរតែស្រមៃយកកោះត្រើយ

និស្ស័យឱ្យយើងជួបគ្នាហើយ មិនគួរព្រងើយឆ្លើយថាទេ ។

១៤៧. នៅតែញញឹមតបតស្តី បើមាននិស្ស័យថ្ងៃនឹងវេរ

នាងនឹងមិនស្តីឆ្លើយថាទេ បើផលបុព្វេឱ្យជួបទៀត ។

១៤៨. ម៉ែអើយបាត់ហើយស្រមោលនាង បេះដូងស្រែកច្រៀងទាំងគ្រោតគ្រាត

ម្តេចមិនឱ្យកូនជួបនាងទៀត ទុក្ខដោតស៊កសៀតលើកូនហើយ ។

១៤៩. ពីមុនសៀមរាបប្រៀបដូចបឹង ចុះម្តេចពេលហ្នឹងធំល្ហឹងល្ហើយ ?

ទោះបីប្រឹងស្រែកខំដង្ហោយ ក៏សំឡេងឆ្លើយមិនតបត ។

១៥០. មួយថ្ងៃ មួយខែចូលមួយឆ្នាំ ចិត្តកូនប្រេះស្រាំគ្មានអំណរ

បេះដូងខ្ទេចខ្ទាំរស់ត្រដរ ចិត្តល្អក់កករមិនស្បើយសោះ ។

១៥១. បម្រាសប្រះខ្លួនសម្លឹងជ្រឹង ចេះតែសញ្ជឹងឃើញថ្ងៃនោះ

នឹកឃើញសាលាសែនស្រណោះ តើសោខ្នោះស្នេហ៍នៅទីណា ?។

១៥២. ម៉ែអើយយប់នេះកុំចាំផ្លូវ កូនត្រូវវិលទៅជួបសាលា

កូនទៅមើលស្នាមអនុសារ ដែលទឹកនេត្រាកូនជួបស្រី ។

១៥៣. យប់ម៉ោងប្រាំបួនផ្ទួនក្តីទុក្ខ ព្រោះឃើញតែតុបាត់ចរណៃ

អស់សង្ឃឹមហើយចិត្តភក្តី ប្រហែលនិស្ស័យចប់ត្រឹមនេះ ។

១៥៤. ខ្ញុំចុះជណ្តើរទាំងស្ងប់ស្ងៀម ហាក់គ្មានវិញាណទ្រូងស្ទើរប្រេះ

ក្តោបចិត្តរលួយព្រួយរលេះ ស្តាយស្នេហ៍អ្វីម៉្លេះទេហឬទ័យ ។

១៥៥. ស្រាប់តែសាលា ណៀ លេចេតរិច ផែនភពងងឹតមិនយល់អ្វី

ខ្ញុំឮសំឡេងយុវតី ស្រដីស្តីព្រាវរាវរកមនុស្ស ។

១៥៦. ជណ្តើរងងឹតតែចិត្តឮ ម៉ែអើយកូនឮស្តាប់មិនខុស

សំឡេងមនុស្សស្រីមិនមែនប្រុស ម្ចាស់សំឡេងនោះដែលខ្ញុំចាំ ។

១៥៧. ខ្ញុំមិនតបស្តីសម្តីនាង តែខ្ញុំស្រែកច្រៀង ឱ ម្ចាស់កម្ម

តើអូនដឹងទេបងប្រេះស្រាំ ព្រោះតែរង់ចាំភ័ព្វបុព្វេ ។

១៥៨. នាងតបតស្តីសួររន្ធាប់ ស្រែកសួរយ៉ាងញាប់អ្នកណាគេ

ខ្ញុំលូកហោប៉ៅថាបុព្វេ ហេតុអ្វីមាសមេមិនចាំបង។

១៥៩. ពន្លឺទូរស័ព្ទចំភ័ក្ត្រា ពន្លឺនេត្រារត់ត្រសង

លាយស្នាមញញឹមជាមួយផង ចប់ហើយចំណងក្នុងចិត្តខ្ញុំ ។

១៦០. ស្រមោលអន្ធិកាខ្មៅងងឹត ក្រោមពន្លឺចិត្តឥតក្រៀមក្រំ

នឹកគុណស្នេហ៍ម៉ែដែលខិតខំ ទោះបីលួចយំក៏ផ្តាច់ប្តូរ ។

១៦១. ម៉ែអើយសូមម៉ែនៅឱ្យស្ងប់ កូនចេះសព្វគ្រប់ហើយតស៊ូ

យល់ពីជីវិតល្វីងចត់ជូរ យល់សម្តីគ្រូហើយនិងម៉ែ ។

១៦២. កូនដឹងទោះកូនខំធ្វើបុណ្យ ក៏រឿងពីមុនមិនវិលដែរ

ស្តាយរឿងអតីតចិត្តដូចឆ្កែ ជិះជាន់ស្នេហ៍ម៉ែឱ្យក្សិណក្ស័យ ។

១៦៣. នេះហើយជីវិតពិតនៃខ្ញុំ កំហុសមួយធំកប់ហឬទ័យ

ខុសនឹងខ្លួនឯងភពផែនដី ព្រោះតែប្រល័យស្នេហ៍ម៉ែខ្ញុំ ។

១៦៤. ស្នេហាយុវតីវ័យកំលោះ ច្រឡំដើរខុសលួចលាក់យំ

វេលាជួយបានច្រានទុក្ខធំ ពេលណាបានយំក៏ធូរស្បើយ ។

១៦៥. តែស្នេហ៍ម៉ែហួសរបួសធ្ងន់ ធ្វើបុណ្យលើសលន់រួចរាល់ហើយ

ក៏វេលានោះឥតថយក្រោយ វិបត្តិឆ្លងឆ្លើយរាល់វេលា ។

១៦៦. មួយជីវិតខ្ញុំខុសតែម៉្យាង គឺខុសមិនបានថែវេលា

ធ្វើឱ្យម៉ែខ្ញុំរស់វេទនា សូមអ្នកគ្រប់គ្នាកុំតាមខ្ញុំ ។

ចប់ដោយបរិបូណ៌ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload