សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​ទទួល​ថវិកា​ពី​សប្បុរសជន​កើន​លើស​ឆ្នាំ​២០១៥​ជិត៥០%

សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​ទទួល​ថវិកា​ពី​សប្បុរសជន​កើន​លើស​ឆ្នាំ​២០១៥​ជិត៥០%



ស្ទឹងត្រែង ៖ ក្នុង​ខួប​ទី​១៥៣​ទិវា​ពិភពលោក កាកបាទក្រហម​អឌ្ឍ​ច័ន្ទ​ក្រហម ៨​ឧសភា ឆ្នាំ២០១៦​នៅ​ខេត្តស្ទឹងត្រែង​ថ្ងៃទី​០៥ ​ឧសភា​ នេះ ទ​ទួល​បាន​ថវិកា​ពី​សប្បុរសជន​នានា លើ​ឆ្នាំ២០១៥​ ជិត​៥០%​ចំណូល​ថវិកា​ដ៏​ច្រើន​នេះ​នឹង​អាច​បម្រើ​ការងារ​មនុស្សធម៌​បាន​ល្អ​ប្រសើរ ក្នុងពេលដែល​ឆ្នាំនេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​ជួប​គ្រោះមហន្តរាយ ខ្យល់​កន្ត្រាក់ និង​គ្រោះ​រាំងស្ងួត​ខ្វះ​ទឹកជា​ដើម។

លោក​ឈាង​ ឡាក់ ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​មាន​ប្រសា​ស​ន៍​ថា ឆ្នាំ​២០១៦​នេះ​ ការ​លើក​កម្ពស់​គោល​ការ​គ្រឹះ​ និង ​តម្លៃ​មនុស្សធម៌​សាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​បានរួម​គ្នា​អនុវត្ត​ការងារ​ការ​ត្រៀម​បង្ការ​ និង ​ឆ្លើយតប​គ្រោះ​មហន្តរាយ ការ​លើក​កម្ពស់​សុខភាព​សហគមន៍ ការ​អភិវឌ្ឍ​ន៍​ស្ថាប័ន និង​កិច្ចការ​ងារ​រដ្ឋបាល​មាន​តម្លាភាព​ល្អ។

លោក​ប្រធាន​គណៈកម្មាធិការ​សាខា​បន្ថែម​ថា ​នៅ​ឆ្នាំ​ថ្មី​នេះ​គណៈកម្មការ​សាខា​និង​បន្ត​ប្រឹងប្រែង​បន្ត​អនុវត្ត​ការងារ​មនុស្សធម៌ ឲ្យ​មាន​ប្រសិទ្ធភាព​ឆ្លើ​ត​តប​ទៅ​និង គ្រោះមហន្តរាយ​ផ្សេងៗ​ដូចជា ខ្យល់​កន្ត្រាក់ ភ្លើង​ឆេះ​ផ្ទះ រន្ទះបាញ់ ជនពិការ ជន​ទីទ័លក្រ ចាស់ជរា​គ្មាន​ទីពឹង និង​ការស្លាប់​ជាដើម។

លោក​ឡូយ​ សូផាត ​អ្នកតំណាងរាស្ត្រ​ខេត្ត​ស្ទឹងត្រែង​មាន​ប្រសា​ស​ន៍​ថា កិច្ច​ការងារ​ទាំងនេះ​គ្រប់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​សប្បុរសជន​នានា​ពិតជា​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូលរួម​ដើម្បី​បម្រើ​ឲ្យ​ការងារ​មនុស្សធម៌​រួម​ជា​មួយ​កាកបាទក្រហម​កម្ពុជា​ក្រោម​ប្រធានបទ (​កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទីកន្លែង )​សម្រាប់​គ្រប់ៗ​គ្នា​មិន​ថា​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក ខែក្រោយ​ឬ​ឆ្នាំក្រោយ ជានិច្ចកាល​គឺ​យើង​ត្រូវតែមាន​ទឹកចិត្ត ដែលជា​បំណង​របស់​យើង​រួមចំណែក​ជាមួយ​កាកបាទក្រហម ជាមួយ​រាជរដ្ឋាភិបាល​យើង។

លោក​ម៉ុម ​សារឿន ​អភិបាលខេត្ត​មាន​ប្រសា​ស​ន៍​ទទួល​ស្គាល់​ថា​ការងា​មនុស្សធម៌​ពិតជា​មិនអាច​កាត់ផ្តាច់​បាន​ពី​ទឹកចិត្ត​ដ៏​ស្មោះសរ​ក្នុង​ការ​ចូលរួម​បរិច្ចាគ នូវ​ធនធាន​ជួយ​ដល់​ការងារ​មនុស្សធម៌​តាមរយៈ​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​។

លោក​អភិបាលខេត្ត​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០១៦​នេះ ​សាខា​កាកបាទក្រហម​ខេត្ត​ទទួល​បាន​ថវិកា​ពី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន​នានា​បាន​ជាង​១០០​លាន​រៀល ​និង​ ប្រាក់​ដុល្លារ​ជាង២ម៉ឺន​ដុល្លារ​កើន​លើស​ឆ្នាំ​២០១៥​ជិត​៥០%​។

សូម​បញ្ជាក់​ថា ឆ្នាំ​២១០៥​ការងារ​មនុស្សធម៌​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត​បាន​ចំណាយ​ថវិកា​បម្រើ​ឲ្យ​វិស័យ​នេះ​សរុប​ទឹកប្រាក់​អស់​ជាង​៦៤​លាន​រៀល​និង​ប្រាក់​ដុល្លារ​ជាង​២៥០០០​ដុល្លារ៕