ប៉ូលិស​ចាប់ខ្លួន​ខ្មែរឥស្លាម​ដើរ​លក់​ថ្នាំញៀន​ក្នុង​ភូមិ​ម្នាក់

ប៉ូលិស​ចាប់ខ្លួន​ខ្មែរឥស្លាម​ដើរ​លក់​ថ្នាំញៀន​ក្នុង​ភូមិ​ម្នាក់



ភ្នំ​ពេ​ញ ៖ ប៉ូលិស​ប៉ុស្តិ៍​ព្រែកប្រា​បាន​ចាប់ខ្លួន​ជនជាតិ​ខ្មែរ​ឥស្លាម​ម្នាក់​ខ​ណៈ​ដែល​រូបគេ​កំពុង​ជិះ​ម៉ូតូ​លក់​គ្រឿងញៀន​ក្នុង​ភូមិ​អូរអណ្តូង សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិ​ការ​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ខែឧសភា ឆ្នាំ​២០១៦​ហើយ​ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​៨​កញ្ចប់​ និង ​ឧបករណ៍​សម្រាប់​ជក់​ថ្នាំញៀន​ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម។

ប៉ូលិស​បាន​និយាយ​ថា​ ជនសង្ស័យ​ឈ្មោះ​ហាំ សា​គី​រី​ន​ ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ ​ជា​ជនជាតិ​
ខ្មែរ-ឥស្លាម​មាន​ទីលំនៅ​ក្នុង​ភូមិ​ដែល​ចាប់ខ្លួន​។ ប៉ូលិស​បាន​បន្ត​ថា ​នៅ​រសៀល​ថ្ងៃ​ទី​៥ ខែឧសភា​នេះ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ​ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​1BX-1080 ដោយមាន​ជាប់​ថ្នាំញៀន​ចំនួន​២​កញ្ចប់​យក​ទៅ​លក់​ឲ្យ​ម៉ូយ​ស្រប​ពេលនោះ​ប៉ូលិស​ប៉ុស្តិ៍​សង្ស័យ​ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឃើញ​មាន​ថ្នាំញៀន​រួច​ឃាត់ខ្លួន​យកទៅ​សាកសួរ​ ហើយ​វា​សារភាព​ថា​ នៅផ្ទះ​មាន​រក្សា​ទុក​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​ទើប​ប៉ូលិស​សុំ​ការ​អនុញ្ញាត​ពី​លោក​សេង ហៀ​ង ធ្វើការ​ត្រួតពិនិត្យ​នៅផ្ទះ​របស់​វា​រក​ឃើញ​ថ្នាំញៀន​ពិតប្រាកដ​មែន​។

ប៉ូលិស​បញ្ជាក់​ថា ​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ក្នុងភូមិ​ តែ​កន្លងមក​សមត្ថកិច្ច​មិន​ទាន់​មាន​ភស្តុតាង​ទើប​ពុំទាន់​បាន​ចាប់ខ្លួន៕