លោក ប្រាក់ សុខុន ជួប​មន្ត្រី​ទូត ដើម្បី​ណែនាំ​ខ្លួន​ប៉ុណ្ណោះ​

ទូត​បរទេស​ទាំងអស់ ប្រចាំ​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នៅ​រសៀល​ថ្ងៃទី​៥ ឧសភា​នេះ​។ គោលបំណង​ក្នុងការ​ជំនួប​ជាមួយ​ឯកអគ្គរាជទូត​និង​ឯកអគ្គរដ្ឋទូត​នេះ គឺ​លោក ប្រាក់ សុខុន គ្រាន់តែ​មានបំណង​ណែនាំ​ខ្លួន​ឲ្យ​មន្ត្រី​ទូត​ទាំង​នោះបាន​ស្គាល់​ប៉ុណ្ណោះ​។​

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ក្នុងជំនួប​ជាង​មួយ​ម៉ោង​នោះ​លោក ប្រាក់ សុខុន មានបំណង​ចង់​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ភាពជិតស្និទ្ធ​ជាមួយ​ឯកអគ្គរាជទូត​និង​ឯកអគ្គរដ្ឋទូត​ចំនួន​២៩​នេះ ក្នុងនាម​លោក​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី​។​

លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​ជា​ទម្លាប់ នៅពេលដែល​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ថ្មី ឡើងកាន់ដំណែង គេ​តែងតែ​ធ្វើ​ពិធី​មួយ ដើម្បី​រដ្ឋមន្ត្រី​បាន​ជួបជុំ​និង​បង្ហាញមុខ ក្នុងចំណោម​ប្រធាន​ទូត​បរទេស​ទាំងអស់​នៅ​កម្ពុជា​»​។​

ឆ្លើយ​នឹង​សំណួរ​អ្នកកាសែត អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ក្នុងជំនួប​រវាង​លោក ប្រាក់ សុខុន និង​បណ្ដា​អង្គទូត​ទាំងនេះ មិន​មានបាន​លើកយក​ពី​បញ្ហា​លិ​ទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​ការចាប់ខ្លួន​សកម្មជន និង​អ្នកនយោបាយ យកមក​ពិភាក្សាគ្នា​ឡើយ​៕