ហានិភ័យ​សត្វពាហនៈ​និង​សត្វព្រៃ​នៅ​ស្ទឹង​ត្រែង​ គោក្របី​ងាប់​ដោយសារ​កម្តៅ​និង​គ្មាន​ទឹក សត្វព្រៃ​អស់​ព្រៃ​រស់នៅ

ហានិភ័យ​សត្វពាហនៈ​និង​សត្វព្រៃ​នៅ​ស្ទឹង​ត្រែង​ គោក្របី​ងាប់​ដោយសារ​កម្តៅ​និង​គ្មាន​ទឹក សត្វព្រៃ​អស់​ព្រៃ​រស់នៅ



ខេត្តស្ទឹងត្រែង ៖ តាម​របាយការណ៍​របស់​នគរបាល និង​អាជ្ញាធរ​ស្រុក​សៀម​ប៉ា​ង​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ដើម​ខែមេសា​រហូត​ដល់​ថ្ងៃ​ទី​២៧ មេ​សា ២០១៦ គោក្របី​របស់​អ្នកស្រុក​នៅ​ស្រុក​សៀម​ប៉ា​ង បាន​ងាប់​ចំនួន​៣០១​ក្បាល និង​គិត​ត្រឹម​ថ្ងៃ​ទី​២៨ មេ​សា ឬ​ដំណាច់​ខែមេសា​មានការ​កើនឡើង​ដល់​ទៅ​៣៥៥​ក្បាល​ហើយ ។

តាម​ការ​អះអាង​នេះ​ខុស​គ្នា​ពី​របាយការណ៍​របស់​ក្រសួងកសិកម្ម​ដែល​ថា ងាប់​តែ​៦០​ក្បាល​ប៉ុណ្ណោះ សម្រាប់​ខែមេសា ចំពោះ​តួលេខ​ងាប់​ជាង​៣០០​ក្បាល​នេះ គឺ​ងាប់​តាំងពី​ខែមករា​មក​។

តាម​របាយការណ៍​របស់​អធិការ​ស្រុក​សៀម​ប៉ា​ង លោក វ៉ា សុ​ផា​ន់ បាន​ឲ្យ​ដឹង​ថា គោក្របី​បាន​ងាប់​ជា​បន្តបន្ទាប់​សម្រាប់​ឃុំ​ចំនួន​៥​ទូ​ទាំង​ស្រុក​សៀម​ប៉ា​ង ចំណែក​អ្នក​ភូមិ​នៅ​ឃុំ​ព្រែក​មាស​ចំនួន​២៧២​គ្រួសារ​ក៏​កំពុង​ជួប​គ្រោះ​រាំង​ស្ងួត ដោយ​ពុំ​មានទឹក​ស្អាត​ប្រើប្រាស់ និង​នៅ​ឃុំ​ចំនួន​ពីរ​ទៀត​ដែល​ត្រូវ​ផ្តល់​ទឹក​ក្នុង​នោះ​មាន​ឃុំ​ស្រែ​សំបូរ និង​ឃុំ​សន្តិភាព ។

តាម​ការ​អះអាង​ពី​លោក​អភិបាលស្រុក​សៀម​ប៉ា​ង​បាន​បញ្ជាក់​ថា ការ​ដែល​បង្ក​ឱ្យ​កើត​មាន​គោក្របី​ងាប់​ជា​ច្រើន​នោះ ដោយសារ​តាម​ធម្មតា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​នោះ ពួក​គាត់​នៅ​តែ​ប្រកាន់​ទំនៀមទម្លាប់​លែងគោ​ក្របី​តាម​ព្រៃ ហើយ​លោក​ក៏​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងនោះ លែងគោ​ក្របី​ទៅ​រក​ទន្លេ​ជា​ញឹកញាប់​ដែរ តែ​គេ​មិន​ធ្វើ​តាម ។ ប្រភព​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ស្រុក​សៀម​ប៉ា​ង​ភាគច្រើន​ជា​ជាតិ​ដើម​ភាគតិច ។ ពួក​គាត់​តែង​ធ្វើស្រែ​ចំការ​វិល​ជុំ និង​ជីវភាព​ចិញ្ចឹម​គោក្របី​របស់​ពួក​គេ​តាម​បែប​ពនេចរ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​កំណើន​នៃ​ការ​ងាប់​សត្វ​គោក្របី​មានការ​កើនឡើង​យ៉ាងច្រើន​បែប​នេះ​ដោយសារ​ខ្វះ​ស្មៅ និង​អត់​ទឹក​ផឹក ។

ជាមួយ​គ្នា​នេះ​ដែរ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​រួម​ជាមួយ​អាជ្ញាធរ​ស្រុកក្រោម​បទបញ្ជា​ពី​អាជ្ញាធរ​ខេត្ត បាន​ចុះ​ជួយ​ដឹក​ទឹក​ស្អា​តទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ប្រើប្រាស់​បណ្តោះអាសន្ន តែ​ក៏​នៅ​មាន​ឃុំ​មួយ​ចំនួន​តាម​បណ្តា​ស្រុក​នៅ​មិន​ទាន់​មានការ​ចុះ​ជួយ​នៅឡើយ​ទេ ដូច​ជា​នៅ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាដើម ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ស្រុក​សៀម​ប៉ា​ង ដែល​ជា​ស្រុក​មួយ​កំពុង​រង​គ្រោះ​ជាងគេ​នោះ នៅ​មានស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដែល​ជា​ស្រុក​ទី​២ កំពុង​ជួប​គ្រោះ​រាំង​ស្ងួត​ដោយ​ការ​កង្វះ​ទឹក​ស្អាត​ប្រើប្រាស់ ។ ប្រភព​បាន​បន្ត​ទៀត​ថា ឃុំ​ស្រែ​ឫស្សី​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់ ដោយសារ​អណ្តូង​ជា​ច្រើន​បាន​រីង​។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក​អភិបាលស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ចុះ​ស្រង់​ទិន្នន័យ និង​រិះរក​ទីតាំង​ដែល​ជា​ប្រភព​ទឹក​ដើម្បី​ជីក​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ឫស្សី​នោះ ។

ទាក់ទង​នឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នៅ​ស្រុក​ថា​ឡា​បរិ​វ៉​ត់​នោះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​ការ​ដឹកនាំ​ដោយ​លោក​មេបញ្ជាការ​ខេត្ត បាន​បញ្ជា​ឲ្យ​កងកម្លាំង​ដឹក​ជញ្ជូន​ទឹក​ស្អា​តទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​តំបន់​មួយ​ចំនួន​ទៀត​ដើម្បី​សង្គ្រោះ​បន្ទាន់ ។

តាម​ប្រភព​ព័ត៌មាន​ថ្មី​ថា ជាមួយនឹង​ការ​ងាប់​សត្វពាហនៈ សត្វព្រៃ​ដទៃ​ទៀត​ក៏​ប្រឈម​នឹង​ហានិភ័យ​ដែរ ។ អ្នក​តាមដាន​ពី​បញ្ហា​នេះ​និយាយ​ថា តាម​ពិត​ទៅ​សត្វព្រៃ​ដែល​មិន​ងាប់​អាច​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ព្រៃ​ប្រទេស​ឡាវ​ដោយសារ​តែ​ភូមិសាស្ត្រ​ព្រៃ​នៅ​ក្នុង​កម្ពុជា​ត្រូវ​បាន​កាប់​ទន្ទ្រាន​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជម្រក​សត្វព្រៃ ពិសេស​គឺ​ការ​កសាង​វ៉ា​រី​អគ្គិសនី​ដ៏​ធំ​បំផុត​នៅ​ទន្លេសេសាន​ក្រោម​២ ៕