ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​ល្បាត​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រួម​គ្នា

ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីននឹងត្រូវចាប់ផ្ដើមល្បាតរួមគ្នានៅលើដែនទឹករបស់ពួកគេ បន្ទាប់ពីសកម្មភាពចាប់ជំរិតរបស់ក្រុមអ៊ីស្លាមជ្រុលនិយមបានកើនឡើងនាពេលថ្មីៗនេះ។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថាក្រុមឧទ្ទាម Abu Sayyaf បានរកលុយបានរាប់រយលានដុល្លារតាមរយៈការចាប់ជំរិតជនបរទេសនិងប្រជាជនក្នុងតំបន់គិតចាប់តាំងពីដើមទសវត្សរ៍១៩៩០មក។

កាលពីខែមីនាកន្លងមកនេះ ពួកឧទ្ទាម Abu Sayyaf បានចាប់ជំរិតនាវិកឥណ្ឌូណេស៊ី១០នាក់នៅភាគខាងត្បូងប្រទេសហ្វីលីពីន ហើយទើបតែដោះលែងពួកគេវិញកាលពីសប្ដាហ៍កន្លងមកនេះ។

ថ្លែងក្រោយជំនួបផ្ដួចផ្ដើមដោយប្រទេសឥណ្ឌូណេស៊ីនិងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនិងមេបញ្ជាការយោធាលោក Retno Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបាននិយាយថាប្រទេសទាំងបីនឹងធ្វើការល្បាតនៅតំបន់ដែនទឹករួម។

សមុទ្រ Sulu និង Celebes គឺជាច្រកដែលទំនិញ៥៥លានតោននិងមនុស្សជាង១៨លាននាក់ឆ្លងកាត់ក្នុងមួយឆ្នាំៗ។

ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន​គ្រោង​ល្បាត​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រួម​គ្នា

ប្រទេសទាំងបីក៏បានឯកភាពគ្នាផងដែរទៅលើការបង្កើតប្រព័ន្ធទូរស័ព្ទបន្ទាន់មួយសម្រាប់ទាក់ទងគ្នានៅក្នុងស្ថានការណ៍អាសន្ន ការកែលម្អការសម្របសម្រួលនៅពេលផ្ដល់ជំនួយដល់មនុស្ស និងនាវារងគ្រោះ និងពង្រឹងការចែករំលែកព័ត៌មានចារកម្ម។

លោក Marsudi បានបន្ថែមថា ប្រទេសទាំងបីបានទទួលស្គាល់ថាការគំរាមកំហែងពីពួកឧទ្ទាមប្រដាប់អាវុធទៅលើនាវា ការចាប់ជំរិត និងបទល្មើសអន្តរជាតិផ្សេងទៀត អាចនឹងបំផ្លាញទំនុកចិត្តផ្នែកពាណិជ្ជកម្មនិងជំនួញនៅក្នុងតំបន់ ប្រសិនបើបញ្ហានេះមិនត្រូវបានគេដោះស្រាយឲ្យបានសមរម្យទេនោះ។

ក្រុមអាជ្ញាធរនិយាយថា ពួកឧទ្ទាម Abu Sayyaf កំពុងចាប់ចំណាប់ខ្មាំងជាជនជាតិបរទេសចំនួន១១នាក់ក្នុងនោះមាននាវិកឥណ្ឌូណេស៊ី៤នាក់ ជនជាតិម៉ាឡេស៊ី៤នាក់ ភ្ញៀវទេសចរកាណាដាម្នាក់ ម្ចាស់រមណីយដ្ឋានជនជាតិណ័រវេម្នាក់ និងបុរសជនជាតិហូឡង់ម្នាក់។

គេជឿថាក្រុម Abu Sayyaf មានសមាជិកប្រដាប់អាវុធត្រឹមតែពីរបីរយនាក់ប៉ុណ្ណោះ ប៉ុន្តែពួកគេនៅតែអាចទប់ទល់ទៅនឹងប្រតិបត្តិការយោធាណាមួយដែលគាំទ្រដោយអាមេរិក ដោយសារពួកគេប្រើប្រាស់តំបន់ព្រៃភ្នំនៃកោះចូឡូនិងប្រជុំកោះនៅជិតៗនោះធ្វើជាខែលការពារខ្លួន។

បើទោះបីជាមេដឹកនាំក្រុមនេះអះអាងពីទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមក៏ដោយក៏ក្រុមអ្នកវិភាគនិយាយថា ពួកឧទ្ទាម Abu Sayyaf ផ្ដោតទៅលើការចាប់ជំរិតទារលុយច្រើនជាងការពង្រឹងជំហររបស់ពួកគេ៕

ប្រភពៈ VOD