តុលាការ​កោះ​ហៅ​ក្រុមហ៊ុន ៧ ឲ្យ​ចូល​បំភ្លឺ​រឿង​​ឈើ​ខុស​ច្បាប់

ព្រះរាជអាជ្ញានៅខេត្ត ក្រចេះ មណ្ឌលគិរី និង រតនគិរី កាលពីម្សិលមិញបានធ្វើការកោះហៅ ក្រុមហ៊ុនចំនួន ៧ និងបុគ្គលចំនួន ៩ រូប មកតុលាការខេត្តដើម្បីឆ្លើយបំភ្លឺជុំវិញឈើហ៊ុបខុសច្បាប់លើដីរបស់ពួកគេ ដែលត្រូវបានគេរកឃើញនៅក្នុងប្រតិបត្តិការចុះបង្ក្រាបការកាប់ឈើខុសច្បាប់នៅទូទាំងប្រទេសកម្ពុជា។

ការកោះហៅនេះត្រូវបានធ្វើឡើងកាលពី ២ សប្តាហ៍មុន។ ភាគច្រើននៃក្រុមហ៊ុនដែលត្រូវបានព្រះរាជអាជ្ញាកោះហៅ គឺជាក្រុមហ៊ុនរបស់ ចិននិងវៀតណាម ហើយក្រុមហ៊ុនទាំងនេះគ្រប់គ្រង់ដីសម្បទានសេដ្ឋកិច្ចរាប់ពាន់ហិកតាក្នុងប្រទេសកម្ពុជា។ ក្នុងនោះ មាន ២ ក្រុមហ៊ុននៅខេត្តក្រចេះ និង ៥ ក្រុមហ៊ុនទៀតនៅខេត្តមណ្ឌលគិរី។

មួយចំនួននៃក្រុមហ៊ុនទាំងនេះមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ មុនការចុះបង្ក្រាបទ្រង់ទ្រាយធំនៅក្នុងឆ្នាំនេះ។ ក្រោយពីការចុះបង្ក្រាប ដែលសកម្មជនបរិស្ថានមួយចំនួនបានទទូចថា គ្រាន់ជាការការសំញែងបំពេញភ្នែកសាធារណជន ហើយក្រុមហ៊ុនមួយចំនួនត្រូវបានគេចោទថា បានដុតឈើខុសច្បាប់របស់ពួកគេ ដើម្បីបំផ្លាញភស្តុតាង។

លោក មាស ប្រុស ប្រធានរដ្ឋបាលតុលាការខេត្តមណ្ឌលគិរីបាននិយាយថា៖ «ក្រុមហ៊ុនមួយចំនួនបានឆ្លើយរួចទៅហើយ ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតពុំទាន់បានឆ្លើយនោះឡើយ»។

តុលាការ​កោះ​ហៅ​ក្រុមហ៊ុន ៧ ឲ្យ​ចូល​បំភ្លឺ​រឿង​​ឈើ​ខុស​ច្បាប់

ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី លោក សូ សុវិជ្ជា បានឲ្យដឹងថា ក្រុមហ៊ុនដែលពុំទាន់ចូលខ្លួនឆ្លើយបំភ្លឺរួមមានក្រុមហ៊ុន Unigreen Resource ដែលជាសម្បទានិកមកពីប្រទេសចិន និង ក្រុមហ៊ុន Binh Phuoc ជាសាខារបស់ក្រុមហ៊ុនកៅស៊ូ Vietnam Rubber Group របស់វៀតណាម។ ពួកគេគ្រោងនឹងតុលាការនៅសប្តាហ៍នេះ។

សហគមន៍ដែលស្ថិតនៅជិតដីសម្បទានរបស់ក្រុមហ៊ុន Binh Phuoc បានចោទក្រុមហ៊ុននេះថា បានលក់ឈើដែលក្រុមហ៊ុនបានកាប់ដោយខុសច្បាប់នៅក្រៅតំបន់ដីសម្បទានរបស់ខ្លួន ព្រមទាំងបានលើកឡើងថា អ្នកទិញឈើធំបំផុតរបស់ក្រុមហ៊ុននេះគឺ លោក សឹង សំអុល ជាអ្នកជំនួញមួយរូប និងជាគោលដៅដំបូងគេបំផុតនៅក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្មីៗនេះ។

លោក អេង ហ៊ី មន្រ្តីនាំពាក្យរបស់គណកម្មាធិការទទួលបន្ទុកប្រតិបត្តិការចុះបង្ក្រាបនេះ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រុមរបស់លោកបានធ្វើការស៊ើបអង្កេតទៅលើកំណាត់ឈើឆេះខ្លោចនៅលើដីជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Binh Phuoc កាលពីខែមករាដើមឆ្នាំនេះ។ ក្រុមសិទ្ធិមនុស្សអាដហុកបានអះអាងថា ឈើទាំងនោះត្រូវបានដុតមុនពេលដែលក្រុមអាជ្ញាធរមកដល់។

លោក ព្រំ សុវណ្ណា អនុប្រធានរដ្ឋបាលព្រៃឈើ បាននិយាយថា កំណាត់ឈើហ៊ុបចំនួនចន្លោះពី ៦០០ ទៅ ១០០០ កំណាត់ ត្រូវបានដុតនៅក្នុងដីសម្បទានរបស់ក្រុមហ៊ុន Unigreen Resource។ ដោយឡែក លោក ទ្រី ភាព សេដ្ឋីជំនួញឈើ បានប្រកាសជាសាធារណៈកាលពីខែកុម្ភៈថា លោកពុំមានអ្វីពាក់ព័ន្ធជាមួយនឹងក្រុមហ៊ុននេះឡើយ ខណៈដែលមានពាក់ចចាមរាមជាច្រើនលើកឡើងពីការពាក់ព័ន្ធរបស់លោកក្នុងការកាប់ឈើរបស់ក្រុមហ៊ុននេះ។

នៅខេត្តក្រចេះឯណោះវិញ ក្រុមហ៊ុន China Dynamic Investments និង C & V Group ដែលមានម្ចាស់ភាគហ៊ុន ចិន និងកម្ពុជា រួមគ្នា ត្រូវបានតុលាការកោះហៅឲ្យចូលទៅបំភ្លឺពីកំណាត់ឈើហ៊ុបរាប់ពាន់កំណាត់ដែលត្រូវបានរកឃើញកាលពីខែមករាលើដីសម្បទានរបស់ក្រុមហ៊ុនទាំងនេះ។

ក្រុមហ៊ុនទាំងពីរបានបង្ហាញខ្លួននៅតុលាការកាលពីសប្តាហ៍មុន និងបានបដិសេធថា ឈើទាំងនោះពុំមែនជារបស់ខ្លួននោះឡើយ។ អង្គព្រះរាជអាជ្ញាមានគម្រោងកោះហៅសាក្សីឲ្យចូលមកបំភ្លឺនៅសប្តាហ៍ក្រោយ ក៏ប៉ុន្តែពុំបានឲ្យដឹងថាសាក្សីនោះគឺជានរណា ហើយមានប៉ុន្មាននាក់នោះឡើយ។

លោក ហាក ហន ព្រះរាជអាជ្ញារងខេត្តក្រចេះថ្លែងថា៖ «យើងមានបញ្ហាត្រង់ថា អាជ្ញាធរ និងអ្នកជំនាញការបានរាយការណ៍ថា ឈើទាំងនោះជារបស់ក្រុមហ៊ុន [China Dynamic Investments និង C & V Group]… ក៏ប៉ុន្តែក្រុមហ៊ុនបែរជាបដិសេធថា ពុំមែនជារបស់ខ្លួនទៅវិញ»។

នៅឯខេត្តរតនគិរី លោក មុំ វ៉ានឌី ព្រះរាជអាជ្ញារងខេត្តបានឲ្យដឹងថា បុគ្គលចំនួន ៩នាក់ត្រូវបានកោះហៅឲ្យបំភ្លឺពីការដឹក និងរក្សាទុកឈើខុសច្បាប់នៅក្នុងព្រៃ។

ក៏ប៉ុន្តែ លោកពុំបានប្រាប់ថា តើមានបុគ្គលណាមួយបានចូលមកបំភ្លឺតាមការកោះហៅដែលឬនៅនោះទេ។

ពុំអាចទាក់ទងក្រុមហ៊ុន Binh Phuoc, Unigreen, China Dynamic និង C & V ដើម្បីសុំការអត្ថធិប្បាយបានឡើយ កាលពីថ្ងៃម្សិលមិញ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍