ជំនួប​ពិភាក្សា​ជាមួយ​តំណាង​បេសកកម្ម​ការ​ទូត​ចំនួន​២៩​មិនបាន​លើកឡើង​ពី​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​បក្ស​ជំទាស់​ទេ

ជំនួប​ពិភាក្សា​ជាមួយ​តំណាង​បេសកកម្ម​ការ​ទូត​ចំនួន​២៩​មិនបាន​លើកឡើង​ពី​ការ​ចាប់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​បក្ស​ជំទាស់​ទេ



ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ ទី​០៥ ឧសភា ឆ្នាំ​២០១៦ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ស្ថាន​បេសកកម្ម​ការទូត​ទាំងអស់ ដែល​មាន​ទីតាំងនៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្នុង​ជំនួប​ពិភាក្សា​នោះ​មាន​ស្ថាន​បេសកកម្ម​ការទូត​ចំនួន​២៩ បាន​ចូលរួម ហើយ​នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ មិនបាន​លើកឡើង​ពី​បញ្ហា​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នោះ​ទេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅ​ក្នុង​ជំនួប​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​វាយតម្លៃ​ខ្ពស់ និង​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ស្ថាន​បេសកកម្ម​ការទូត​ទាំងអស់ ដែល​បាន​រួម​ចំណែក​ដ៏​សំខាន់​នៅក្នុង​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយនឹង​កម្ពុជា ហើយ​បាន​វាយតម្លៃ​ខ្ពស់​ចំ​ពពោះ​ការរួមចំណែក​របស់​ណ្តា​ប្រទេស​ជា​មិត្ត​តាមរយៈ​ស្ថាន​បេសកកម្ម​របស់ខ្លួន​ប្រចាំ​នៅ​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​ទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ការ​រួមចំណែក​នៅ​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា។

លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​គូស​បញ្ជាក់​ថា រាល់​កិច្ច​សហប្រតិបត្តិការ​ទាំងអស់​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ហើយ​លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​អង្គទូត​ទាំង​អស់ពី​ការ​ប្រកាន់​ភ្ជាប់​របស់​កម្ពុជា​នៅ​គោលនយោបាយ​ការបរទេស ពិសេស​ឯករាជ្យ​ភាព អ​ព្យា​ក្រឹត្យ​អចិន្ត្រៃយ៍ និង​មិន​ចូលបក្ស​សម្ព័ន្ធ និង​យកចិត្តទុកដាក់​នៅក្នុង​ការពង្រឹង​សន្តិភាព មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេសជិតខាង ហើយ​ការ​ប្រឈម​ថ្មីៗ នា​ពេល​បច្ចុប្បន្ន​នេះ ពិសេស​បញ្ហា​ភេរវកម្ម បញ្ហា​លទ្ធិ​ជ្រុលនិយម បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដូចជា ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស និង​ការប្រែប្រួល​អាកាសធាតុ ដែល​ជា​ការ​ប្រឈម​នា​ពេល​បច្ចុប្បន្ន និង​តម្រូវ​ឲ្យ​មានការ​គិតគូរ​ផ្លាស់​ប្តូរ​របៀបរបប​ធ្វើ​ការងារ របៀបរបប​ទំនាក់ទំនង​គ្នា​នៅលើ​ពិភពលោក។

តាម​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រី​នឹង​ខិតខំ​ក្នុង​ការ​កែលំអ​បន្ថែម​ទៀត​នៅ​ទំនាក់ទំនង​ការងារ និង​ការទាក់ទង​គ្នា​រវាង​ក្រសួងការបរទេស​កម្ពុ​ជា ជាមួយ​ស្ថាន​បេសកកម្ម​ការទូត​ទាំងអស់ ក៏ដូចជា​រូបលោក​ផ្ទាល់​ជាមួយ និង​ប្រធាន​បេ​ក​កម្ម​ការទូត​ទាំងអស់ ហើយ​លោក ជុំ សុន្ទរី បាន​បញ្ជាក់​ចុងក្រោយ​ថា នៅ​ក្នុង​ជំនួប​នោះ ស្ថាន​បេសកកម្ម​ការទូត​ទាំងអស់​មិនបាន​លើកឡើង​ពី​បញ្ហា​ចាប់ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល​ចំនួន​៤ រូប មន្ត្រី គ​.​ជ​.​ប មួយ​រូប និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ំ សំអាន កាលពី​ថ្មីៗ​នេះ​នោះ​ទេ​៕