ផ្ទះ​៥៥​ខ្នង​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ត្រូវ​បាន​ស្នងការ​ខេត្ត​បញ្ជា និង​ដឹកនាំ​កម្លាំង​ជាង​១០០​នាក់​ចុះ​ជួយ​ជួសជុល​ឡើងវិញ

ផ្ទះ​៥៥​ខ្នង​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ត្រូវ​បាន​ស្នងការ​ខេត្ត​បញ្ជា និង​ដឹកនាំ​កម្លាំង​ជាង​១០០​នាក់​ចុះ​ជួយ​ជួសជុល​ឡើងវិញ



បន្ទាយមានជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ​តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បញ្ជា និង​ដឹកនាំ​កម្លាំង​ប្រមាណ​ជាង​១០០​នាក់ ចុះជួយ​ជួសជុលផ្ទះ​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​ចំនួន​៥៥​ខ្នង ក្នុងស្រុក​អូរជ្រៅ និង​ស្រុក​ថ្មពួក កាលពី​ថ្ងៃទី​០៥ ឧសភា ២០១៦ ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹងថា ដោយមាន​ការណែនាំ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន លោក​បាន បញ្ជា និង​ដឹកនាំ​នគរបាល​ដែល​រួមមាន នគរបាល​ស្រុក​អូរជ្រៅ នគរបាល​វរៈ​ការពារ​ព្រំដែន នគរ​បា​ស្រុក​ថ្មពួក សរុប​ប្រមាណ​ជាង​១០០​នាក់ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ និង​មន្ត្រី​មួយចំនួន​ផងដែរ បាន​ចុះ​ធ្វើ​ប្រតិបត្តិការ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​ដើមខែ​ឧសភា នេះ ២០១៦ ដែលមាន​ចំនួន​សរុប​៥៥​ខ្នង ។

​ ​លោក​បាន​បន្តទៀតថា មិនមែន​មានផ្ទះ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ​ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះទេ ពោលគឺ​វត្ត​អារាម​ក៏ត្រូវ​បាន​ខ្យល់​កន្ត្រាក់​ធ្វើអោយ​ប៉ើង​ដំបូល​សាលា​ឆ័​ន្ទ និង​កុ​ដ​មួយចំនួន ។ ហើយ​ជាមួយនឹង​ការ​ចុះជួយ​នេះដែរ លោក​ក៏បាន​ឧបត្ថម​នូវ​ស័ង្ក​សី និង​ដែកគោល​មួយចំនួន​ដល់​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ផងដែរ។ ជា​លទ្ធផល​មួយចំនួន​នៃ​ផ្ទះ​រង​ការខូចខាត​ត្រូវបាន​ជួសជុល​រួចរាល់ ដោយឡែក​មួយ​ចំនួនទៀត​កំពុង​រងចាំ​ផំ​ភារៈ​ដើម្បី​ធ្វើការ​ជួសជុល៕