អង្គការ​សង្គម​ស៊ីវិល​៤​ចាប់​ដៃ​គ្នា​ជួយ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ

អង្គការ​សង្គម​ស៊ីវិល​៤​ចាប់​ដៃ​គ្នា​ជួយ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ



ភ្នំពេញ ៖ អង្គការ​សង្គម​ស៊ីវិល​៤​បាន​ចាប់​ដៃ​គ្នា​ដើម្បី​ជួយ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ចំនួន​៥​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​កែប្រែ​ស្ថានភាព​ពួកគេ​អោយ​បាន​រស់នៅ​ក្នុង​សង្គម​កាន់​មាន​ជីវភាព​ប្រសើរឡើង​។​

ការប្រកាស​ជួយ​សហគមន៍​ក្រីក្រ​ទាំងនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​ទទួលបាន​ជំនួយ​ជាង​១​លាន​៣​សែន​ដុល្លា ពី​សហគមន៍​អឺរ៉ុប និង​ទី​ភ្នាក់ងារ​អភិ​វ​ឌ្ឍៃ​ន៍​សាធារណៈ​ឆែក ដោយ​អនុវត្ត​គម្រោង​ចំនួន ៣៦​ខែ ចាប់ពី​ខែមេសា​ឆ្នាំ​២០១៦​នេះ​ទៅ​។

ក្នុង​ពិធី​បង្ហាញ​គម្រោង​អភិវឌ្ឍ​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ដល់​ថ្នាក់ដឹកនាំ​រាជធានី​ភ្នំពេញ​ពិសេស​លោកប៉ា សុជាតិ​វង្ស កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា​នេះ តំណាង​សមាគម​ធាងត្នោត​បាន​អះអាង​ថា ការសម្រេច​ជួយ​ដល់​ប្រជា​ពល​ក្រីក្រ​ទាំង​៥ សហគមន៍​ស្ថិត​ក្នុង​សង្កាត់​ច្រាំង​ចំរេះ ខណ្ឌ​ឫស្សី​កែវ និង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ ដោយសារ​តែ​ពួកគេ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ទាមទារ​ឲ្យមាន​ការ​ដោះ ស្រាយ​ជាបន្ទាន់។

លោក​សៅ កុសល តំណាង​សមាគម​ធាងត្នោត​បាន​ឲ្យ​ដឹង​ថា គម្រោង​នេះ​មាន​បេសកកម្ម​កាត់បន្ថយ​ភាព​ក្រីក្រ ការ​ផ្តល់​ជំនួយ​អាជីវកម្ម​ខ្នាត​តូច ការ​ជួយ​សាងសង់​លំនៅដ្ឋាន និង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ឲ្យ​មាន​របៀបរៀបរយ។

លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​គាំទ្រ​ចំពោះ​គម្រោង​នេះ ថា​នឹង​បាន​ជួយ​កាត់ គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ និង​តំបន់​រៀបរយ​និង​តំបន់​មិន​រៀបរយ ពិសេស​ការ​កែប្រែ​ជីវភាព បងប្អូន​ក្នុង​សហគមន៍​វិល​ទៅ​រក​ស្ថានភាព​ល្អ​ប្រសើរ​។ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ ថា អាជ្ញាធរ​បាន​ត្រៀម​ទុន​មួយ​ចំនួន​ក្នុង​កិច្ចសហការ​ជាមួយ​អង្គការ​ដើម្បី​ដោះស្រាយ​បញ្ហា​មិន​រៀបរយ​សម្រាប់​សហគមន៍​ក្រីក្រ​ទាំងនោះ ដូចជា​ការ​ជួយ​ធ្វើ​ប្លង់​កម្ម​សិទ្ធ កា​រត​បណ្តាញ​ទឹក​ភ្លើង ប្រព័ន្ធ​ផ្លូវ​ជាដើម។

លោក​បាន​អំពាវនាវ​ដល់​អង្គការ​សង្គម​ស៊ីវិល​ដទៃទៀត​បន្ត​ចូលរួម​ជាមួយ​អាជ្ញាធរ​ទៅតាម​ធនធាន ដែល​មាន ដើម្បី​ឈាន​ទៅ​អភិវឌ្ឍន៍​សហគមន៍​ក្រីក្រ​ប្រមាណ​ជាង​២៥២​សហគមន៍​ដែល​ចំនួន មនុស្ស​ជាង​៣០​ម៉ឺន​នាក់​។ លោក​បាន​បន្ត​ថា ការដោះស្រាយ​បញ្ហា​សហគមន៍​ក្រីក្រ​គឺជា​គម្រោង អាទិភាព​របស់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើយ៉ាង​ណា​លើកកម្ពស់​សិទ្ធិ​ទទួលបាន​ការរស់នៅ បាន​កាន់តែ​ល្អ​ដែលជា​បំណង​ប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល។

សូម​បញ្ជាក់​ថា គម្រោង​ជួយ​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​អង្គការ​សង្គម​ស៊ីវិល នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សាលា​រាជធានី​ភ្នំពេញ​បានប្រកាស​កៀរគរ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ឯកជន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​សហគមន៍​ក្រីក្រ​កាលពី​ឆ្នាំ​២០១៣​កន្លងទៅ​៕