អតីត​គ្រូពេទ្យ​ព្យាបាល​អ្នកទោស​នៅ​គុក​ទួលស្លែង​ចូល​បំភ្លឺ​នៅក្នុង​សវនាការ​នៃ​អង្គជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម

អតីត​គ្រូពេទ្យ​ព្យាបាល​អ្នកទោស​នៅ​គុក​ទួលស្លែង​ចូល​បំភ្លឺ​នៅក្នុង​សវនាការ​នៃ​អង្គជំនុំជម្រះ​សាលាក្ដី​ខ្មែរក្រហម



ភ្នំពេញ ៖ អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ក​កម្ពុជា នៅក្នុង​សបា្តហ៍​នេះ បាន​បន្ត​បើកសវនាការ​សួរដេញដោល​លើ​អង្គហេតុ​មន្ទីរ​សន្តិសុខ​ស​-២១​ក្នុងការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​០០២ វគ្គ​០២ នេះ​បើតាម​មន្ត្រី​អ្នកនាំពាក្យ​។​

លោក នេត្រ ភក្ត្រា មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​បានលើកឡើង​ថា សាក្សី​សំខាន់ៗ​ចំនួន​ពីររូប​ត្រូវបាន​កោះហៅ​មក​ផ្តល់​សក្ខីកម្ម​ក្នុងនោះ​មាន​ម្នាក់​ជា​អតីត​គ្រូពេទ្យ​ព្យាបាល​អ្នកទោស និង​ម្នាក់ទៀត​ជា​អតីត​ឆ្មាំ​គុក​ទួលស្លែង​។ សាក្សី​ទាំង​ពីររូប​បាន​រៀបរាប់​យ៉ាង​លម្អិត​ពី​ដំណើរការ​របស់​មន្ទីរ​សន្តិសុខ​ដែល គ្រប់គ្រង​ដោយ​កាំ​ង ហ្គេ​ច​អ៊ា​វ ហៅ​ឌុ​ច នៅក្នុង​អំឡុងរ​បបក​ម្ពុ​ជា​ប្រជាធិបតេយ្យ។​

​លោក ម៉ក ធី​ម ជា​អតីត​គ្រូពេទ្យ​ព្យាបាល​អ្នកទោស​នៅ​គុក​ទួលស្លែង​បាន​ជម្រាប​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម​ថា លោក​បាន​ប្រើ​ទឹកអំបិល​ដើម្បី​លាង​របួស​អ្នកទោស​ដែល​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​នៅក្នុង​មន្ទីរ​ស​-២១​។ លោក ម៉ក់ ធី​ម បាន​ជម្រាប អង្គជំនុំជម្រះ​ថា នៅក្នុង​របប​កម្ពុជា​ប្រជា​ប្រជាធិបតេយ្យ លោក​ទទួលបាន​ការបណ្ដុះ​បណ្ដាល​វិជ្ជាពេទ្យ​នៅ​តាខ្មៅ​។ ក្រោយមក លោក​ត្រូវបាន​គេ​បញ្ជូន​ឲ្យ​ទៅធ្វើ​ការ​នៅ​មន្ទីរ​ស​២១ ឬ​គុក​ទួលស្លែង មាន​តួនាទី​ជា​អ្នក​លាង​របួស​ឲ្យ​អ្នកទោស​។ សាក្សី​អាយុ ៥៤ ឆ្នាំ​រូបនេះ បាន​ជម្រាប​បន្ថែមទៀតថា ក្នុងអំឡុងពេល​លោក​ធ្វើការ​នៅ​គុក​ទួលស្លែង​នោះ ជា​រៀងរាល់ថ្ងៃ លោក​ថា មាន​អ្នកទោស មាន​របួស​បែក​ខ្នង នឹង​អ្នកទោស​ដែល​ត្រូវបាន​គេ​ដក​ក្រចក​ដៃជើង​ជាច្រើន​ដែល​ត្រូវបាន​គេ​បញ្ជូន​ចេញពី​បន្ទប់​សួរចម្លើយ​ដើម្បី​ឲ្យ​លោក​ព្យាបាល​។​

​សាក្សី​រូបនេះ​បន្ដថា ថ្នាំ​ដែល​លោក​យកទៅ​លាង​របួស​អ្នកទោស​ទាំងនោះ គឺ​ទឹកអំបិល និង​ថ្នាំង​ក្រហម​លាង​លើ​របួស​។ សាក្សី​បន្ថែមទៀតថា ក្រៅពី​ប្រើប្រាស់​ទឹកអំបិល លោក​ក៏បាន​ប្រើប្រាស់​ថ្នាំ​គ្រាប់ បេ​ឌូ និង​បេ​អង ដែល​លោក​ថា​ជា​ថ្នាំ​គ្រាប់​ផលិតឡើង​ដោយ​កម្មាភិបាល​ខ្មែរក្រហម​ខ្លួនឯង​នៅ​តាខ្មៅ សម្រាប​ព្យាបាល​អ្នកជំងឺ​ដែលមាន​អាកា​រៈ​ហើម ស្ពឹក​។ សាក្សី​រូបនេះ​បាន​កត់សម្គាល់ថា ក្នុង​រយៈពេល​ជាង​មួយឆ្នាំ​ដែល​លោក​បាន​ធ្វើជា​គ្រូពេទ្យ​នៅ​មន្ទីរ​ស​-២១​នោះ លោក​បាន​លាង​របួស​ឲ្យ​អ្នកទោស​បាន​ប្រមាណ​១០០ នាក់​។​

​បន្ទាប់ពី​ស្ដាប់​សក្ខីកម្ម​សាក្សី​នេះ​រូបនេះ​ចប់ នៅ​រសៀល​ថ្ងៃ​អង្គារ និង​បន្ដ​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍ អង្គជំនុំជម្រះ​សាលាដំបូង​បាន​បន្ដ​ស្ដាប់​សក្ខីកម្ម​សាក្សី​ថ្មី​មួយរូប​ទៀត ឈ្មោះ ហ៊ីម ហ៊ុយ ជា​អ្នកយាម​នៅ​មន្ទីរ​សន្តិសុខ​ស​-២១​។ ក្នុង​សក្ខីកម្ម​នៅមុខ​អង្គជំនុំជម្រះ​សាលាដំបូង សាក្សី​អាយុ​៦១ ឆ្នាំ​រូបនោះ បាន​ជម្រាប​អង្គជំនុំជម្រះ​ថា កាលពី​ដំបូង​ឡើយ អ្នកទោស​នៅ​មន្ទីរ​ស​២១ ត្រូវបាន​កម្មាភិបាល​ខ្មែរ​យកទៅ​សម្លាប់ និង​កប់​នៅក្នុង​ដី​ទំនេរ​នៃ​អគារ ជុំវិញ​បរិវេណ មន្ទីរ​ស​-២១​។ លោក​បន្ថែមថា ក្រោយមក កម្មាភិបាល​ខ្មែរក្រហម ក៏​នាំយក​អ្នកទោស​ទាំង​នៅ​ទីនោះ ទៅ​សម្លាប់​នៅ​វាលពិឃាត​បឹង​ជើងឯក​។ សាក្សី​រូបនេះ​បញ្ជាក់ថា ការសម្លាប់​អ្នកទោស​ទាំងអស់​គឺ ឌុ​ច ប្រធាន​គុក​ទួលស្លែង​ជា​អ្នកបញ្ជា​។​

សាក្សី​បានឱ្យដឹងថា ឌុ​ច​ជា​អ្នក​បង្រៀន​កម្មាភិបាល​ថ្នាក់ក្រោម​របស់ខ្លួន នៅ​មន្ទីរ​ស​-២១ ឬ​គុក​ទួលស្លែង ដោយផ្ទាល់​ពី​របៀប​នៃ​ការសួរចម្លើយ ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស ដោយ​ការ​វាយ និង​អា​រក នឹង​កាំបិត​ត្នោត សម្លាប់ចោល ក្រោយពី​វាយ​ឱ្យ​សន្លប់​រួចមក ហើយ​ត្រូវ​វះ​ពោះ មុននឹង​ទម្លាក់​ចូល​រណ្តៅ​។ នេះ​គឺជា​ការលើក ឡើង របស់​សាក្សី ហ៊ឹម ហ៊ុយ នៅ​អំឡុងពេល​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ ២០១៦ នេះ​ពាក់ព័ន្ធ ទៅនឹង​សំណុំ រឿង ០០២/០២ ពាក់ព័ន្ធ​នឹង​អង្គហេតុ​មន្ទីរ​សន្តិសុខ ស​-២១​។​

​សាក្សី​បាន​ថ្លែងថា ​ឌុ​ច​រួម​នឹង​ថ្នាក់ដឹកនាំ គុក​ទួល ស្លែង​បានធ្វើ​ការបង្រៀន​ដល់​កម្មាភិបាល​ផ្សេងៗ​ក្នុង​គុក​នេះ​។ ​លោក​លើកឡើងថា នៅពេលដែល អ្នកទោស​ត្រូវបាន​ដឹកយក​ទៅ​សម្លាប់​បឹង​ជើងឯក ក្រុម​ឆ្មាំ​គុក​លោក​បាន​ប្រាប់​អ្នកទោស​ទាំងនោះ​ថា គឺ​គ្រាន់តែ​ប្តូរ​ទៅផ្ទះ​ថ្មី​តែប៉ុណ្ណោះ​។ ការ​ប្រាប់​នេះ​គឺ​ដើម្បី​កុំឱ្យ​អ្នកទោស​ទាំងនោះ​មានការ​ភ័យខ្លាច​។ សាក្សី​បាន​បន្ថែមថា​ចំពោះ ក្មេងៗ​ដែល​នៅជាប់​នឹង​ឪពុកម្តាយ​របស់គេ​ត្រូវបាន​គេ​យកទៅ​មុន និង​បាន​កុហកថា​យកទៅដាក់​កន្លែង​កុមារ ប៉ុន្តែ តាមពិត​គឺ​គេ​យកទៅ​សម្លាប់ចោល​មុន​។ សាក្សី​រូបនេះ​បន្ថែមថា ការសម្លាប់​មនុស្ស​នៅ​វាលពិឃាត​បឹង​ជើងឯក​នោះ ប្រព្រឹត្ត​ឡើង​ដោយ អ្នកទោស​ត្រូវបាន​គេ​វាយ​នឹង​ដែក​ផ្លូវ​រទេះ បន្ទាប់មក គេ​បាន​យក​កាំបិត​អាករ និង​វះ​ពោះ ការពារ​មិន​ឲ្យ​ហើម​ស្អុយ ហើយ​ក្រោយមក​ទើប​បោះ​ចូល​ក្នុង​រណ្ដៅ​។

បើ​តាម​ការ​លើក​ឡើង​របស់​សាក្សី ហ៊ឹម ហ៊ុយ ជនបរទេស​ដែលជា​អ្នកទោស​ត្រូវបាន​ចាប់ខ្លួន​មក​មន្ទីរ​សន្តិសុខ​ស​-២១ ក្រោយពី​សួរចម្លើយ​ហើយ​ត្រូវបាន​សម្លាប់ ចោល​។ តាម​សាក្សី ហ៊ឹម ហ៊ុយ ឌុ​ច​បាន​បញ្ជា​ឱ្យ​យក​សាកសព​ទៅ​ដុតចោល ដោយ​មិនឱ្យ​យកទៅ​កប់​ចោល​នោះទេ​។ អ្នកយាម​ដែលមាន​អាយុ​តិច​ជាង​គេ​នៅ គុក​ទួល ស្លែង​មាន​អាយុ ១៥ ឆ្នាំ​។

សូម​ជម្រាប​ផង​ដែរ​ថា ដោយសារ​តែមាន​ការស្នើ​សុំ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​របស់ នួន ជា អង្គជំនុំជម្រះ​សាលាដំបូង​នឹង​ផ្អាក​ដំណើរការ​សវនាការ​លើ​សំណុំរឿង ០០២/០២ ចាប់ពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ ហើយ​នឹង​ចាប់​ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០១៦៕