រយៈពេល​៤​ខែ មនុស្ស​ស្លាប់​១២​នាក់ រងរបួស​៦០​នាក់ ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​និង​រន្ទះ​

គិត​ត្រឹម​រយៈពេល​៤​ខែ ដើមឆ្នាំ​២០១៦​នេះ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ស្លាប់​១២​នាក់ និង​អ្នករងរបួស​៦០​នាក់ ដោយសារតែ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះបាញ់ ខណៈដែល​កម្ពុជា​កំពុង​រង​ឥទ្ធិពល​ឡើង​កំដៅ​ខ្លាំង​។​

នាយខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លោក កែវ វី បាន​ឲ្យ​ដឹង ថា ក្នុង​រយៈពេល​៤​ខែ​នេះ មាន​ករណី​ខ្យល់ក​ន្ទ្រា​ក់កើតឡើង​ចំនួន​១៤៦​លើក ដែល​បណ្ដាល​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១​ពាន់​ខ្នង បាន​រង​ការខូចខាត ដោយ​ក្នុងនោះ​ផ្ទះ​២៣៣​ខ្នង​រង​ការខូចខាត​ទាំងស្រុង និង​ផ្ទះ ១២២២​ខ្នង​ទៀត រង​ខូចខាត​ទ្រង់ទ្រាយ ហើយ​ក៏មាន​ខូចខាត​ដំបូល​អាគារ​តាម​សាលារៀន​ដែរ​។​

លោក កែវ វី បន្ថែមថា បាតុភូតធម្មជាតិ​នេះ ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១២​នាក់ និង​រងរបួស​៦០​នាក់ ដោយ​ក្នុងនោះ​ស្លាប់​ដោយសារ​ខ្យល់ក​ន្ទ្រា​ក់​៤​នាក់ រងរបួស​៤៧​នាក់ និង​ស្លាប់​ដោយសារ​រន្ទះបាញ់ ៨​នាក់ និង​រងរបួស​១៣​នាក់ ហើយ​គោ និង​ក្របី​ងាប់​១​ក្បាល និង​ផ្ទះ​២​ខ្នង​រង​ខូចខាត​។ លោក កែវ វី ចាត់ទុក​បាតុភូត​ឆ្នាំនេះ ហាក់​មាន​ភាពអាក្រក់​ជាង​ឆ្នាំមុន​។

ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយខុទ្ទកាល័យ​រូបនេះ បញ្ជាក់​ដូច្នេះ​ថា​៖«​បាតុភូត​ឆ្នាំនេះ​ហាក់​មាន​ភាពកាចសាហាវ​ជាង​ឆ្នាំមុន ព្រោះ​ចាប់ពី​ពាក់កណ្ដាល​ខែមីនា​មក មាន​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ជាប​ន្ត​ប​បន្ទាប់ ហើយ​របាយការណ៍​យើង​ធ្វើ​គិត​ត្រឹម​ថ្ងៃទី​២៨ មេសា ឃើញថា​ចំនួន​ខូចខាត​មានការ​កើនឡើង​ច្រើនជាង​មុន​ក្នុងអំឡុង​រយៈពេល​៤​ខែ​នេះ ដោយ​របាយការណ៍​នេះ​យើង​មិនទាន់បាន​រាប់បញ្ចូល​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់​៥​ឬ ៦​ថ្ងៃ​ក្រោយនេះ ដែល​ធ្វើ​ឲ្យ​ខូចខាត​ផ្ទះ​ពលរដ្ឋ​បន្ថែម​ទៀតផង​។ តែបើ​ឈាន​ចូលដល់​ខែមិថុនា និង​ខែកក្កដា ដែលជា​ខែ​ផ្លាស់ប្ដូរ​ពី​រដូវប្រាំង ទៅ​រដូវវស្សា វា​ជា​រឿង​ធម្មតា​វិញ ព្រោះ​វា​ជា​រដូវ​កើតឡើង​នៅ​បាតុភូតធម្មជាតិ​ច្រើន​»​។​

បើតាម​លោក កែវ វី បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​រន្ទះ ដែល​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​ស្លាប់ រងរបួស និង​ខូចខាត​ផ្ទះសម្បែង​នេះ បាន​កើតឡើង​នៅតាម​បណ្ដា​ខេត្ត​ចំនួន​១៦ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ កំពង់ធំ រតនគីរី មណ្ឌល​គី​រី និង​កំពង់ចាម​ជាដើម​។​

កាលពី​ឆ្នាំ​២០១៥ មាន​បាតុភូត​ខ្យល់ព្យុះ​ចំនួន​១៤២​លើក បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ៥ នាក់ និង​រងរបួស​៩​នាក់ ។ អ្នកស្លាប់​ដោយសារ​រន្ទះ ១០​នាក់ និង​រងរបួស​៨​នាក់ ហើយ​ផ្ទះ​ខូចខាត​ទាំងស្រុង​៤៤២​ខ្នង និង​ខូចខាត​ទ្រង់ទ្រាយ​១៨៤២​ខ្នង​។​

​បើតាម​នាយក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​លោក ចាន់ យុ​ត្ថា កម្ពុជា​នឹងមាន​ភ្លៀង​ធ្លាក់​ចំនួន​មួយ​សប្ដាហ៍ ហើយ​មាន​លាយ​ជាមួយ​បាតុភូត​ខ្យល់ក​ន្ទ្រា​ក់ និង​ផ្គរ​ន្ទៈ មកជា​មួយ​ដែរ ដោយ​លោក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ​នេះ​៕