អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ បង្ក្រាប​ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែនៅ​​ត្រឡោក​បែក

រាជធានី​ភ្នំពេញ ៖ ទីតាំង​បើក​ហ្គេ​ម​បាញ់​ត្រី​ដុះ​ស្លែ​មួយ​កន្លែង ស្ថិត​នៅតំបន់​ត្រឡោក​បែក ផ្ទះ​លេខ​៤៨ ផ្លូវ​លេខ​៥៩៨ ភូមិ​ភ្នំពេញ​ថ្មី  សង្កាត់​ភ្នំពេញ​ថ្មី ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ចុះ​បង្ក្រាប​ដោយ​ដកហូត​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ភ្លោះ​១​គ្រឿង និង​ឃាត់ខ្លួន​អ្នក​មើល​ការ​ព្រមទាំង​អ្នកលេង​១១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣​នាក់​ព្រមទាំង​កៅអី​មួយ​ចំនួន​។ ការ​បង្ក្រាប​ល្បែងស៊ីសង​ហ្គេ​ម​បាញ់​ត្រី​នេះ​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦​ដឹកនាំ​ដោយ​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ហ្គេ​ម​បាញ់​ត្រី​នេះ​មាន​ម្ចាស់ ជា​មន្ត្រី​នគរបាល​ដែល​បាន​បើក​លេង​ជា​យូរ​មក​ហើយ ពុំដែល​មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ឡើយ​ព្រោះ​មានការ​យោគយល់ តាំងពី​ជំនាន់​លោក​អភិបាល​ខណ្ឌ​មុន​មក​ម្ល៉េះ​។ តាម​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាលរង​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ប៉ិល កុសល អភិបាល​ខណ្ឌ​សែន​សុខ​ទើប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​មក​បង្ក្រាប​តែ​ម្តង​។

លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ទៀត​ថា​ហ្គេ​ម​បាញ់​ត្រី​ជា​ល្បែងស៊ីសង  ដែល​ពុំ​មានច្បាប់​អនុញ្ញាត​ឡើយ បាន​ពង្វក់​យុវជន​អោយ​គេច​សាលា​មិន​គិត​ពី​ការ​រៀន​បាន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ហ្គេ​ម ។ ដោយសារ​តែ​ហ្គេ​ម​នេះ​បាន​ធ្វើ​ឲ្យ​យុវជន​ខ្លះ​បាន​លួច​ប្រាក់​ឪពុក​ម្តាយ និង​លក់​របស់របរ​យក​ប្រាក់​ទៅ​លេង​ហ្គេ​ម និង​ខ្លះ​ទៀត បាន​ប្រព្រឹត្ត​បទល្មើស​លួច​ឆក់​ប្លន់​ដើម្បី​យក​ប្រាក់​មក​លេងល្បែង​ស៊ីសង​។ លោក​អភិបាលរង​បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព អាជ្ញាធរ​ខណ្ឌ​សែន​សុខ មិន​អនុញ្ញាត​ឲ្យ​មាន​ល្បែងស៊ីសង​ឡើយ​។​ទោះបីជា​យ៉ាង នៅ​ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​គេ​ដឹង​ថា​មាន​កន្លែង​កត់​ឆ្នោត យ៉ាង​ធំ​ជា​ច្រើន​កន្លែង​នៅ​តាម​ផ្សារ​នានា  គ្រាន់តែ​ផ្សារ​ចិន និង​ផ្សារ​ឈូក​មាន​ដូច​ផ្សារ​ត្រី​ដែល​គេ​នាំ​គ្នា​កត់​ជាប់​គ្នា​តែ​ម្តង​មិន​ទាន់​ត្រូវ​បាន​បង្ក្រាប​ឡើយ​៕