សាលា​បឋម​សិក្សា​គោក​ត្រប់​នៅ​ខេត្ត​សៀមរាប​កំពុង​ខ្វះ​ទឹក​សម្រាប់​សិស្ស​ប្រើប្រាស់

រដូវ​ប្រាំង​ដែល​អូស​បន្លាយ​មិន​ត្រឹម​តែ​គំរាម​កំហែង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស ឲ្យ​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​បច្ចុប្បន្ន អាកាសធាតុ​ក្ដៅ​ខ្លាំង​ក៏​កំពុង​គំរាម​កំហែង​ទៅ​លើ​សាលា​បឋម​សិក្សា​នៅ​ទី​ជនបទ​ដាច់ស្រយាល​ខ្លះ​ផង​ដែរ។

ការ​គំរាម​កំហែង​ទៅ​លើ​កន្លែង​សិក្សា​ទាំង​នោះ ដូចជា សិស្ស​ទៅ​រៀន​មិន​មាន​ទឹក​សម្រាប់​លាង​សម្អាត​ដៃ និង​ទឹក​សម្រាប់​ប្រើប្រាស់​នៅ​តាម​បង្គន់​អនាម័យ ជាដើម។

សាលា​បឋម​សិក្សា​គោក​ត្រប់ គឺ​ជា​សាលា​រៀន​ឧបសម្ពន្ធ​មួយ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​របស់​ភូមិ​ស្លាត ឃុំ​ស្រែខ្វាវ ស្រុក​អង្គរជុំ ចម្ងាយ​ជិត ៩០​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

សាលា​នោះ​មាន​កុមារ​ជាច្រើន កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​សុខភាព ព្រម​ទាំង​ខ្វះ​អនាម័យ ដោយសារ​តែ​ខ្វះ​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ពេល​ដែល​ភាព​រាំង​ស្ងួត​បាន​អូស​បន្លាយ ដោយ​គំរាម​កំហែង​នៅ​តាម​តំបន់​ជាច្រើន​ទៀត​ឲ្យ​ជួប​ប្រទះ​ការ​ខ្វះ​ទឹក​ដែរ​នោះ។

គ្រូបង្រៀន​ម្នាក់​របស់​សាលា​បឋម​សិក្សា​គោក​ត្រប់ ក្នុង​ចំណោម​គ្រូបង្រៀន ២​នាក់​ផ្សេង​ទៀត គឺ​លោក ភឹង ដៀត។ លោក​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​ឧសភា ថា​បច្ចុប្បន្ន​នេះ សាលា​ដែល​លោក​បង្រៀន គឺ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឲ្យ​កុមារ​តូចៗ​មិន​ចង់​ចូល​រៀន​ទេ។

គ្រូបង្រៀន​ដដែល​បញ្ជាក់​ថា នៅ​រដូវ​ប្រាំង​ហួតហែង​នេះ សាលា​របស់​លោក​មិន​មាន​ទឹក​ទុក​ឲ្យ​សិស្ស​លាង​ដៃ​មុន​ពេល​ចូល​រៀន ឬ​ក៏​ទឹក​ចាក់​បង្គន់​អនាម័យ​ឡើយ ដោយសារ​តែ​គ្មាន​អណ្ដូង។ ប្រសិន​បើ​ចង់​បាន​ទឹក​ខ្លះ​ដាក់​ក្នុង​សាលា គឺ​ទាល់​តែ​ប្រើ​សិស្ស​ឲ្យ​ទៅ​រែក ឬ​ក៏​សែង​ពី​កន្លែង​ផ្សេង​ចម្ងាយ​ប្រហែល ៣០០​ម៉ែត្រ៖ «រាល់​ថ្ងៃ​នេះ អត់​មាន​ទឹក​សម្រាប់​ទុក​លាង​ដៃ​នៅ​ក្នុង​សាលា​រៀន ហើយ​សាលា​នេះ​ក៏​អត់​ដែល​មាន​អាហារ​សម្រន់​សម្រាប់​កុមារ​ពេល​ព្រឹកៗ​ដូច​សាលា​បឋម​សិក្សា​ដទៃ​ទៀត​ទេ»

បច្ចុប្បន្ន កុមារ​ប្រមាណ ៦០​នាក់ តែង​នាំ​គ្នា​ទៅ​រៀន​នៅ​ក្នុង​សាលា​បឋម​សិក្សា​គោក​ត្រប់។ យូរៗ​ម្ដង គឺ​មាន​សប្បុរសជន​ខ្លះ​ទៅ​ដល់​សាលា​បឋម​សិក្សា​នោះ ហើយ​ផ្ដល់​ជំនួយ​ជា​ទឹក​សុទ្ធ ឬ​ក៏​សម្លៀកបំពាក់​ខ្លះ​សម្រាប់​សិស្ស ក៏ប៉ុន្តែ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ បាន​ធ្វើ​ឲ្យ​កុមារ​ជាច្រើន​មិន​ចង់​ចូល​រៀន​ទេ។

មេ​ភូមិ​ស្លាត លោក ធឿង ស្រស់ ទទួល​ស្គាល់​ថា បច្ចុប្បន្ន​សាលា​បឋម​សិក្សា​គោក​ត្រប់ ពិត​ជា​គ្មាន​ទឹក​សម្រាប់​សិស្ស​ប្រើប្រាស់​នៅ​ក្នុង​ម៉ោង​រៀន​ទេ។ មេ​ភូមិ​ដដែល​បញ្ជាក់​ថា លោក​មិន​មាន​លទ្ធភាព​ជួយ​ដោះស្រាយ​ចំពោះ​ការ​ខ្វះ​ទឹក​នៅ​ក្នុង​សាលា​រៀន​នេះ​ឡើយ ដោយសារ​តែ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​សាលា​ប្រមាណ ៦០​គ្រួសារ ក៏​គ្មាន​ទឹក​ប្រើប្រាស់​ដែរ។ ជាច្រើន​ខែ​មក​ហើយ មេ​ភូមិ​ស្លាត ធ្លាប់​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សប្បុរសជន​មួយ​ចំនួន ដែល​បាន​ទៅ​ដល់​ទីនោះ ឲ្យ​ជួយ​ផ្ដល់​អណ្ដូងទឹក​ខ្លះ​សម្រាប់​សាលា និង​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​ការ​អំពាវនាវ​នោះ មិន​ទាន់​មាន​ការ​ឆ្លើយ​តប​អ្វី​ទាំងអស់៖ «វា​លំបាក​ច្រើន​យ៉ាង​ណាស់ ពីព្រោះ​ទឹក​ហូប​ក៏​វា​ខ្វះ ទឹក​សាលា​ទឹក​អី​ក៏​វា​ខ្វះ។ នៅ​ក្នុង​បង្គន់​ក៏​មិន​មាន​ទឹក​ដែរ គឺ​ក្មេងៗ​ដើរ​បន្ទោបង់​ពាសវាលពាសកាល»

សាលា​បឋម​សិក្សា​គោក​ត្រប់ គឺ​ជា​សាលា​ឧបសម្ពន្ធ​ដែល​កសាង​ឡើង​ដោយ​សប្បុរសជន​មក​ពី​ប្រទេស​ស្វីស កាល​ពី​ជាង ៣​ឆ្នាំ​មុន សម្រាប់​ជួយ​ឲ្យ​កុមារ​នៅ​ទី​ជនបទ​ដាច់​ស្រយាល​បាន​ចូល​រៀន​សូត្រ បន្ទាប់​ពី​សាលា​បឋម​សិក្សា​មួយ​ទៀត ដែល​សាងសង់​ដោយ​រដ្ឋ​នៅ​ឆ្ងាយ​ពី​ភូមិ។

ប្រជាពលរដ្ឋ​ដែល​ជា​ឪពុក​ម្ដាយ​របស់​កុមារ​នៅ​ក្នុង​ភូមិ​ស្លាត ភាគ​ច្រើន​គឺ​ជា​កសិករ​ដែល​ក្រីក្រ​ខ្លាំង ហើយ​ដើរ​ស៊ី​ឈ្នួល​ទៅ​តាម​រដូវ​កាល​ដើម្បី​រក​ប្រាក់​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ ដូចជា​ទៅ​ស៊ី​ឈ្នួល​តាម​ចម្ការ​នៅ​រដូវ​ប្រាំង និង​ដើរ​ស៊ី​ឈ្នួល​តាម​ស្រែ​នៅ​រដូវ​ច្រូត​កាត់ ជាដើម។

អាជ្ញាធរ​មូលដ្ឋាន កំពុង​ព្រួយ​បារម្ភ​ចំពោះ​រឿង​កុមារ​ជាច្រើន អាច​បោះបង់​ចោល​ការ​សិក្សា​ត្រឹម​សាលា​បឋម​សិក្សា​នេះ ដោយសារ​តែ​ពួក​គេ​តែង​រស់នៅ​ចល័ត​ទៅ​តាម​ឪពុក​ម្ដាយ ប្រសិន​បើ​មិន​មាន​អ្វី​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មក​សាលា​រៀន​បាន​រៀង​រាល់​ថ្ងៃ​ទេ​នោះ។

មេ​ឃុំ​ស្រែខ្វាវ លោក លី សារៀន មាន​ប្រសាសន៍​ថា រូប​លោក​ក៏​កំពុង​មាន​កង្វល់​ជុំវិញ​រឿង​សាលា​បឋម​សិក្សា​គោក​ត្រប់ ខ្វះ​ទឹក​ឲ្យ​សិស្ស​ប្រើប្រាស់​នៅ​ក្នុង​ម៉ោង​រៀន​នេះ​ដែរ ហើយ​លោក​ក៏​បាន​ប្រឹងប្រែង​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ជីក​អណ្ដូង​នៅ​ជិត​សាលា​នោះ​ដែរ ប៉ុន្តែ​នៅ​តែ​មិន​មាន​ទឹក​ប្រើប្រាស់​ឲ្យ​គ្រប់គ្រាន់​ទេ៖ «ឲ្យ​គេ​ទៅ​ជីក ២​អណ្ដូង​ចម្ងាយ​ប្រហែល ៣០-៤០​ម៉ែត្រ​ពី​សាលា បាន​ចេញ​មួយ​អណ្ដូង ប៉ុន្តែ​ទឹក​ខែ​នេះ​វា​មិន​ដាច់​ប៉ិត​ទេ តែ​ចេញ​តិចៗ»

ទីតាំង​សាលា​បឋម​សិក្សា​គោក​ត្រប់ បច្ចុប្បន្ន​ក្រៅ​តែ​ពី​ស្ថិត​នៅ​ទី​ជនបទ​ដាច់​ស្រយាល វា​ក៏​បាន​សាងសង់​នៅ​លើ​អតីត​តំបន់​សមរភូមិ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ្នក​តស៊ូ​នៅ​តាម​ជាយដែន​ខ្មែរ-ថៃ ជាមួយ​នឹង​កងទ័ព​រដ្ឋ​កម្ពុជា ព្រម​ទាំង​រាជ​រដ្ឋាភិបាល​ពី​អំឡុង​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩៦។

ជាច្រើន​ខែ​មុន នៅ​ជុំវិញ​បរិវេណ​នៃ​សាលា​បឋម​សិក្សា​នោះ គេ​បាន​ប្រទះ​ឃើញ​ប្រភេទ​គ្រាប់​ផ្លោង​ដែល​នៅ​សេសសល់​លើ​ដី និង​ជាប់​តាម​ដើម​ឈើ​ជាច្រើន​គ្រាប់ ក៏ប៉ុន្តែ​កាល​ពី​សប្ដាហ៍​មុន ក្រុម​ដោះ​មីន​មនុស្សធម៌ ហាឡូ ត្រាស (Halo Trust) បាន​ទៅ​បំផ្លាញ​ចោល​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ទាំង​នោះ ព្រម​ទាំង​រាវ​រក​នៅ​ក្រោម​ដី​ដើម្បី​បោស​សម្អាត​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។