អតីត​ឆ្មាំ​គុក​ទួល​ស្លែង​រៀបរាប់​អំពី​របៀប​ចាប់​ខ្លួន​គ្រប់គ្រង​និង​សម្លាប់​អ្នក​ទោស​សំខាន់ៗ

សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​៥ ឧសភា បាន​បញ្ចប់​សវនាការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ហ៊ីម ហ៊ុយ ដែល​ជា​អតីត​មេ​ក្រុម​ចាប់​ចង និង​ដឹក​ជញ្ជូន​អ្នក​ទោស​ចូល និង​ចេញ​ពី​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង ទៅ​សម្លាប់​នៅ​ជើង​ឯក។

មុន​នឹង​បញ្ចប់​សក្ខីកម្ម​របស់​ខ្លួន សាក្សី ហ៊ីម ហ៊ុយ ជម្រាប​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម អំពី​របៀប​ចាប់​ខ្លួន គ្រប់គ្រង និង​ការ​សម្លាប់​អ្នក​ទោស​សំខាន់ៗ​នៅ​គុក​ទួល​ស្លែង។

លោក​រំឭក​អំពី​ការ​ចូលរួម​របស់​លោក នៅ​ក្នុង​ការ​ចាប់​ខ្លួន​កម្មាភិបាល​ជាន់​ខ្ពស់​ភូមិ​ភាគ​ឧត្ដរ​មួយ​រូប ឈ្មោះ កុយ ធួន ដែល​ត្រូវ​បាន​អង្គការ​ចោទ​ថា​ក្បត់​ប្រុង​ធ្វើ​រដ្ឋ​ប្រហារ៖ «»

លោក ហ៊ីម ហ៊ុយ ឲ្យ​ដឹង​ថា លោក​ជា​អ្នក​នៅ​ចាំ​ទទួល​ឡាន​ដឹក​អ្នក​ទោស​ពី​ខាង​ក្រៅ ហើយ​បញ្ជូន​បន្ត​ទៅ​ដល់​ទ្វារ​គុក​ទួល​ស្លែង។ លោក​ថា អ្នក​ទោស​ដែល​មាន​ឋានៈ​ខ្ពស់ និង​សំខាន់ៗ ដូចជា​លោក កុយ ធួន ត្រូវ​គេ​ឃុំ​ឃាំង​នៅ​អគារ "" នៃ​គុក​ទួល​ស្លែង ហើយ​ក្រោយ​មក ត្រូវ​កង​សន្តិសុខ​យក​ទៅ​សម្លាប់​នៅ​ខាង​ក្រោយ​គុក​នោះ៖ «តា ហ៊ ថា គេ​អត់​ឲ្យ​យក​ទៅ​ទេ​អ្នក​សំខាន់ៗ គឺ​គេ​សម្លាប់​នៅ​ក្រោយ​គុក​ហ្នឹង​ហើយ អត់​ឲ្យ​ទៅ​ជើង​ឯក​ជើង​អី​ទេ ព្រោះ​អង្គការ​មិន​ទុក​ចិត្ត​អ្នក​ទៅ មួយ​ទៀត ច្បាប់​គេ​អត់​ឲ្យ​ទៅ​ឆ្ងាយ​ទេ។ ពួក​ហ្នឹង​គឺ​ទុក​នៅ​ខាង​ក្រោយ​គុក​ហ្នឹង​ហើយ»

លោក​បន្ត​ថា កង​សម្លាប់​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ចុង​ក្រោយ​បំផុត​ក៏​ត្រូវ​គេ​ចាប់​សម្លាប់​នៅ​ក្បែរៗ​ទីនោះ​ដែរ ក្រោយ​ពេល​ដែល​មាន​អ្នក​ទោស​ឆ្លើយ​ដាក់​ថា ជាប់​ខ្សែ​ក្បត់​នឹង​អង្គការ ហើយ​ការ​បែង​ចែក​បក្ខពួក​រវាង​ប្រធាន​គុក ឈ្មោះ ឌុច និង​អនុប្រធាន​ឈ្មោះ ហ៊។ លោក​ថា ស្ថានការណ៍​មិន​ទុក​ចិត្ត​គ្នា កាន់​តែ​តឹង​តែង​នៅ​ចុង​ឆ្នាំ​១៩៧៧ ហើយ​នៅ​ឆ្នាំ​១៩៧៨ ការ​ចាប់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​នោះ កាន់​តែ​ច្រើន​ឡើង៖ «ពេល​ដែល​គេ​ចាប់​អ្នក​ធ្វើ​ការ​នៅ​ក្នុង​ហ្នុង គេ​លែង​ឲ្យ​ទំនាក់ទំនង​លេង​សើច​អី​ទៀត​ហើយគេ​ឲ្យ​ម្នាក់​តាម​ដាន​ម្នាក់។ យុទ្ធជន​តាម​ដាន​កម្មាភិបាល កម្មាភិបាល​តាម​ដាន​យុទ្ធជន ហើយ​មាន​សិទ្ធិ​រាយការណ៍​ដូច​គ្នា។ អ៊ីចឹង​ម្នាក់ៗ​ដើរ​ធ្វើ​ទីងមោង​ដូច​គ្នា អត់​ហ៊ាន​ទំនាក់ទំនង​ជាមួយ​អ្នក​ណា​ទេ ស៊ី​បាយ​ហើយ​ទៅ​សម្រាក ស៊ី​បាយ​ហើយ​ទៅ​ធ្វើ​ការ»

លោក​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៧៨ នោះ លោក​ត្រូវ ឌុច ដក​ឲ្យ​ទៅ​ធ្វើ​ស្រែ​នៅ​ខាង​ត្បូង​ជើង​ឯក បន្ទាប់​ពី​អ្នក​ទោស​ឈ្មោះ ណុក នួន ឆ្លើយ​ដាក់​លោក​ថា ប្រុង​បះបោរ​នៅ​គុក​ទួល​ស្លែង។

បន្ទាប់​ពី​បាន​បញ្ចប់​សវនាការ​ស្ដាប់​សាក្សី ហ៊ីម ហ៊ុយ នៅ​ថ្ងៃ​ទី​៥ ឧសភា ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង លោក​ចៅក្រម និល ណុន ប្រកាស​ផ្អាក​សវនាការ​រយៈពេល ២​សប្ដាហ៍។ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង នឹង​ចាប់​ផ្ដើម​ធ្វើ​សវនាការ​ឡើង​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ ឧសភា ដែល​នឹង​ស្ដាប់​សាក្សី​ថ្មី​មួយ​រូប​ទៀត​មាន​លេខ​កូដ​ថា 2TCW-816 ទាក់ទង​នឹង​អង្គ​ហេតុ​មន្ទីរ​សន្តិសុខ «-២១» ឬ​គុក​ទួល​ស្លែង​ដដែល។ រហូត​មក​ដល់​ពេល​នេះ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង បាន​ស្ដាប់​សក្ខីកម្ម​ចំនួន​ប្រាំពីរ​ហើយ ក្នុង​រឿង​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​ឡើង​នៅ​គុក​ទួល​ស្លែង។ ក្នុង​ចំណោម​សក្ខីកម្ម​ទាំង​ប្រាំពីរ គឺ​មាន​អតីត​អ្នក​ទោស​មួយ​រូប និង​អតីត​អ្នក​ធ្វើ​ការ​នៅ​គុក​នេះ​ចំនួន​ប្រាំមួយ​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។