តំណាង​គណបក្ស​ប្រជាជន​ចូល​បំភ្លឺ​ការពារ​បណ្តឹង​ប្តឹង​លោក​អ៊ូ វីរៈ

តំណាង​គណបក្ស​ប្រជាជន​ចូល​បំភ្លឺ​ការពារ​បណ្តឹង​ប្តឹង​លោក​អ៊ូ វីរៈ



ភ្នំពេញ ៖ លោក សុខ ឥសាន សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នឹង​ចូលខ្លួន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​បណ្តឹង​ប្តឹង​លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត និង​ជា​អ្នកវិភាគ​នយោបាយ ពី​បទ​បរិហារកេរ្តិ៍ ដោយមាន​លោក​ព្រះរាជអាជ្ញារង សៀង សុខ ជា​អ្នក​កាន់​សំណុំរឿង។

ដោយឡែក លោក អ៊ូ វីរៈ ប្រធាន​អង្គការ​វេទិកា​អនាគត នឹង​ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ ក្នុងនាម​ជា​ជនសង្ស័យ។

លោក អ៊ូ វីរៈ ត្រូវបាន​គណបក្ស​ប្រជាជន ដាក់ពាក្យ​បណ្ដឹង​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​ជា​សាធារណៈ តាមរយៈ​ការវិភាគ​តាមរយៈ​វិទ្យុ​អាស៊ីសេរី។

ក្នុង​ពាក្យបណ្ដឹង​ចុះ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ បញ្ជាក់​ថា កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៦ តាមរយៈ​វិទ្យុ​អាស៊ីសេរី ឈ្មោះ អ៊ូ វីរៈ បាន​អះអាង​បរិហារកេរ្តិ៍​ជា​សាធារណៈ ថា ” យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច នៅពេលនេះ​គឺ​ព្យាយាម​គាបសង្កត់ លោក កឹម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​។ …..​ឈ្មោះ​នេះ​ក៏បាន​លើកឡើងថា ការដែល​គណបក្ស​ប្រជាជន​កម្ពុជា​រវល់​គិតគូរ​បំបាត់ គូប្រកួត​ប្រជែង​នយោបាយ​តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាពខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះ​ដែរ​»។

គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា អំពើ​របស់​លោក អ៊ូ វីរៈ ដែល​បាន​ធ្វើតាម​មធ្យោបាយ​ទូរគមនាគមន៍ សោតទស្សន៍​គឺជា​ការ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​បាន​បំពាន​ទៅ​នឹង​មាត្រា ៣០៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ក្នុង​ពាក្យបណ្ដឹង បាន​សំណូមពរ​ឲ្យ​តុលាការ​ចោទប្រកាន់​និង​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់ ព្រមទាំង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤០០​លាន​រៀល។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ លោក អ៊ូ វីរៈ បានលើកឡើង​តាមរយៈ​វិទ្យុ​អាស៊ីសេរី​ថា «​យុទ្ធសាស្ត្រ​របស់​គណបក្ស​កាន់អំណាច​នៅពេលនេះ គឺ​ព្យាយាម​គាបសង្កត់ លោក កឹម សុខា និង ហិរញ្ញវត្ថុ​របស់​លោក​។ ទោះបីជា​យ៉ាងណា តុលាការ​ប្រហែលជា​មិនទាន់​អាច​ចាប់ខ្លួន​ភ្លាមៗ​ទេ ដោយ​រង់ចាំ​ស៊ើប អង្កេត​បន្ថែម “​គឺជា​ការគាបសង្កត់​ខ្លាំង​មែនទែន ហើយ​អាច​មាន​ប្រសិទ្ធភាព និង​អាច​រុញ​ឲ្យ​បក្ស​ប្រឆាំង​ទាល់ច្រក ហើយ​បើ​ទាល់ ច្រក នឹងធ្វើ​ឲ្យ​មាន​អស្ថិរភាព​នយោបាយ​”»។

លោក អ៊ូ វីរៈ លើកឡើង​តាមរយៈ​វិទ្យុ​នេះ​ទៀត​ថា «​ការដែល​គណបក្ស​ប្រជាជន​កម្ពុជា រវល់​គិតគូរ​បំបាក់​គូប្រកួត​ប្រជែង​នយោបាយ តាមរបៀប​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​បាត់បង់​ប្រជាប្រិយ​ភាព​ខ្លាំង ហើយ​មន្ត្រី​នៅក្នុង​បក្ស​នេះ​មួយ​ចំនួន ក៏​មិន​ពេញចិត្ត​ចំពោះ​យន្តការ​នេះ​ដែរ៕