មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​បើក​សេវា​ព្យាបាល​ជំងឺ​គ្មាន​ច្បាប់​អនុញ្ញាត​

មន្ទីរ​សុខាភិបាល​ខេត្ត​ចុះ​បង្ក្រាប​ទីតាំង​បើក​សេវា​ព្យាបាល​ជំងឺ​គ្មាន​ច្បាប់​អនុញ្ញាត​



កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​របស់​មន្ទីរ​សុខាភិបាល​ឃាត់ខ្លួន​ ខ​ណៈដែ​ល​គេ​រកឃើញ​ថា ​ការព្យាបាល​មាន​លក្ខ​ណៈ​ខុស​បច្ចេកទេស​ដោយ​នៅក្នុង​ព្រៃ​និង​ការប្រើប្រាស់​ថ្នាំ​មិនមាន​វេជ្ជបញ្ជា​ត្រឹមត្រូវ។

ករណី​ចុះ​ធ្វើការ​បង្ក្រាប​ខាងលើ​នេះ​ដឹកនាំ​ធ្វើឡើង​ដោយ​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក ម៉ម ​ម៉ា​ល័យ និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​លោក ​ឡុង​ ស៊ីថា​ និង​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្ត​និង​មន្ត្រី​នគរ​បាល​ស្រុក។

ការ​បង្ក្រាប​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ២០១៦​ នៅ​នឹង​ទីតាំង​ផ្ទះ​របស់​ជនស​ង្ស័យ​ខាងលើ​ដែល​ស្ថិត​ក្នុង ភូមិ​អូ​លយ ឃុំ​ជើង​គ្រៀវ ស្រុក​រលាប្អៀ​រ​ខេត្តកំពង់ឆ្នាំង។ ជ​នស​ង្ស័យ​ដែល​បាន​អះអាង​ថា ​ជា​គ្រូពេទ្យ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ថា តេះ​សារី ​អាយុ​៥៣​ឆ្នាំ ​រស់នៅ​ក្នុង​ភូមិ ឃុំ ស្រុក​ខាងលើ​មាន​ប្រពន្ធ​ និង​ កូន​៣​នាក់​ មាន​មុខរបរ​លួច​បើក​ព្យាបាល​អ្នក​ជំងឺ​ដោយ​ខុសច្បាប់​នៅក្នុង​ព្រៃ។

អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក ម៉ម​ ម៉ា​ល័​យ​ ​ដែល​ស្ថិតក្នុង​ការបង្ក្រាប​និយាយ​អោយ​ដឹង​ថា ​ជន​ស​ង្ស័​យ​ដែល​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ខាងលើ​នេះ​លួច​បើក​សេវា​ព្យាបាល​អ្នក​ជំងឺ​គ្មាន​ការ​អនុញ្ញាត​ហើយ​ក៏​គ្មាន​ការ​សិក្សា​ផ្នែក​ជំនាញ​ខាង​សុខាភិបាល​នោះ​ឡើយ ​ខ​ណៈ​ដែល​គេ​ចេះ​បន្តិចបន្តួច​ព្យាបាល​ឱសថ​សម័យ ​និង ​ឱសថ​បុរាណ​រួមផ្សំ​ដែល​បង្ក​អោយ​អ្នក​ជំងឺ​ប្រឈម​បញ្ហា​សុខភាព​និង​គ្រោះថ្នាក់​រហូតដល់​ស្លាប់​ដែល​គេ​មិន​មាន​ជំនាញ​ច្បាស់លាស់។ នៅ​ក្នុង​ការបង្ក្រាប​ខាងលើនេះ​សមត្ថកិច្ច​រក​ឃើញ​អ្នក​ជំងឺ​ដែល​បាន​មក​ដេក​ព្យាបាល​មាន​ចំនួន​១០​នាក់ ​ក្នុង​នោះ​២នាក់​មក​ព្យាបាល​យូរ​និង​ខ្ទម​សម្រាប់​អ្នក​ជំងឺ​៣​កន្លែង​និង​គ្រែ​សម្រាប់​អ្នក​ជំងឺ​ដេក​១៦​និង​រណ្តៅ​១៨​កន្លែង​សម្រាប់​ដុត​កប់​សំបក​ថ្នាំ​សា​រ៉ាង​ម្ជុលចាក់​ថ្នាំ​គ្រប់​ប្រភេទ​ដែល​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ប្រើ​ប្រាស់​នោះឡើយ​រួម​នឹង​សំបក​វិទ្យុ​ជាច្រើន​ដែល​បានធ្វើ​ការចែក​អោយ​ប្រជាពលរដ្ឋ។

នៅ​ចំពោះមុខ​មន្ត្រី​ជំនាញ​ជន​ស​ង្ស័​យ​ដែល​អះអាង​ថា ​ជា​គ្រូពេទ្យ​បញ្ជាក់​សារភាព​ថា ​ខ្លួន​គេ​ជា​គ្រួ​ពេទ្យ​របស់​ទាហាន​ ប៉ុល ពត ​កាលពី​សម័យ​សង្គ្រាម​ក្នុងស្រុក​និង​មិនមាន​ការ​សិ​ក្សា​ជំនាញ​ពេទ្យ​ណាមួយ​នោះ​ឡើយ​គេ​ព្យាបាល​ឱសថ​សម័​យ​ និង​ឱសថ​បូរាណ​លាយ​គ្នា​ហើយ​ក៏​ជា​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ​ និង ​ជា​បណ្តាញ​អោយ​វិទ្យុ​ក្រៅ​ស្រុក​មួយ​ផ្សេងទៀត​ផង​ដែរ។ ប្រភព​មួយ​ដោយឡែក​ផ្សេងទៀត​បាន​បង្ហើប​អោយ​ដឹង​ផង​ដែរ​ថា ​គ្រូពេទ្យ​ត្បែង​អាយ​ខាង​លើ​នេះ​ធ្លាប់បាន​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​និង​មានការ​ប្តឹង​ផ្តល់​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ជា​ច្រើនដង​មក​ហើយ​ និង ​ធ្លាប់​បាន​ចាក់​ថ្នាំ​ធ្វើការ​រំលូត​កូន​អោយ​ប្រពន្ធ​៧​ដង​ដែល​ផ្ទុយ​ពី​ច្បាប់​ស្តីពី​ការ​រុំលូតកូន​។ ពាក់​ព័ន្ធ​នឹង​ករណី​ព្យាបាល​មិន​មាន​ភាព​ប្រក្រតី​ខាងលើ​នេះ​មន្ត្រី​ជំនាញ​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ធ្វើ​ការ​អប់រំ​ណែនាំ​ដល់​បងប្អូន​ជា​អ្នក​ជំងឺ​ទាំងអស់​សូម​កុំចាញ់បោក​ក្រុម​នេះ​អោយសោះ​ហើយ​ត្រូវ​ទៅ​រក​សេវា​ព្យាបាល​របស់​រដ្ឋ​ដែល​មាន​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​និង​មន្ត្រី​ពេទ្យ​ខេត្ត ខ​ណៈ​គ្រូពេទ្យ​ដែល​មាន​ឯកទេស​ត្រឹមត្រូវ​ច្បាស់លាស់​ជៀសវាង​ការ​ព្យាបាល​មិន​មាន​ឯកទេស​មិន​ច្បាស់លាស់​អាច​កើតមាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដល់​អាយុ​ជី​វិត។

ក្នុង​នោះ​អ្នក​ជំងឺ​ទន់ដៃទន់ជើង​ម្នាក់​ឈ្មោះ ហង្ស​ សាវឿន​ អាយុ​៤៨​ឆ្នាំ​ដែល​បានមក​សម្រាក​ព្យាបាល​គ្រូពេទ្យ​ត្បាញ​អាយ​រយៈ​ពេល​៣​ខែ​មក​ហើយ​នោះ​ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ដឹក​តាម​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​ខេត្ត​យកមក​ធ្វើការ​ព្យាបាល​ដោយ​មិន​គិតថ្លៃ​ហើយ​ត្រូវបាន​ក្រុមការងារ​គ្រូពេទ្យ​ខេត្ត​ផ្តល់​ថវិកា​១២​ម៉ឺន​រៀល​សម្រាប់​ផ្គត់​ផ្គង​នៅ​ក្នុង​រយៈ​ពេល​ព្យាបាល​នៅ​ក្នុង​មន្ទី​ពេទ្យ​បណ្តោះ​អាស​ន្ន។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​វេជ្ជបណ្ឌិត​ ប្រាក់​ វ៉ុ​ន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ ករណី​ខាងលើ​នេះ​វា​ខុស​នឹង​ច្បាប់​របស់​ក្រសួងសុខាភិបាល ១ រំលោភ​ស្តី​ពី​ច្បាប់​គ្រប់គ្រង​លើ​ការ​ប្រកប​របរ​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិ​ស័យ​វេជ្ជសាស្ត្រ អម​វិ​ជ្ជ​សាស្ត្រ និង​ជំនួយ​វេជ្ជសាស្ត្រ​(​បើក​កន្លែង​ព្យាបាល​ជំងឺ​) ២​រំលោភ​លើ​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ឱសថ​(​ប្រើប្រាស់​ឱសថ​សម័យ​ និង ​ឱសថ​បូរាណ​លាយឡំ​គ្នា )​និង​ព្យាបាល​នៅ​ក្នុង​ខ្ទម​ក្នុង​ព្រៃ​។

ក្រោយ​ការ​បង្ក្រាប​ជ​នស​ង្ស័យ​រួម​នឹង​វត្ថុ​តាង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នាំ​យក​មក​ធ្វើការ​សាកសួរ​ និង ​កសាង​ឯកសារ​គ្រោង​និង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​នៅថ្ងៃនេះ​ផងដែរ