គ​.​ជ​.​ប នៅតែ​រក្សា​ដំណែង និង​ប្រាក់ខែ ជូន​លោក នី ចរិយា

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​បញ្ជាក់ថា  ដរាបណា តុលាការ​មិនទាន់​ចេញ​សាលក្រម​ស្ថាពរ នោះ​ដំណែង​ជា​អគ្គលេខាធិការ​របស់លោក នី ចរិយា  មិន​ត្រូវបាន​ប៉ះពាល់​ជាដាច់ខាត​។ ជាងនេះទៀត លោក នី ចរិយា នៅតែ​ទទួលបាន​ប្រាក់ខែ​ជា​ប្រក្រតី​។

បើទោះបីជា​លោក នី ចរិយា កំពុងតែ​ជាប់​ខ្លួន​ក្នុង​ពន្ធនាគារ​ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​អាច​រក្សា​ដំណែង​ជា​អគ្គលេខាធិការរង​ក្នុង​គ​.​ជ​.​ប ដដែល​។ ដរាបណា​លោក នី ចរិយា មិនទាន់​ក្លាយជា​ទណ្ឌិត នោះ​គ​.​ជ​.​ប មិនមាន​សិទ្ធ​ដក​លោក នី ចរិយា ចេញពី​ដំណែង​ឡើង​។  នេះ​ជាការ​អះអាង​របស់លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​របស់​គ​.​ជ​.​ប ដែល​បាន​ថ្លែង​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃនេះ​។​

បើតាម​អ្នកនាំពាក្យ​រូបនេះ លោក នី ចរិយា មិន​ត្រឹមតែ​មិន​បាត់បង់​មុខងារ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​ទទួល​ប្រាក់ខែ​ជាធម្មតា​ទៀតផង បើទោះបីជា​លោក អវត្តមាន​ពី​ការងារ​ក៏ដោយ​។ «​គ​.​ជ​.​ប​នៅតែ​រក្សា​ដំណែង​ជូន​លោក នី ចរិយា​។ [……] ហើយ​ប្រាក់ខែ​ក៏​លោក នៅតែ​ទទួល​បានដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ហង្ស ពុទ្ធា​។​

លោក ហង្ស ពុទ្ធា បន្តទៀតថា គ​.​ជ​.​ប បាន​បង្កើត​ក្រុមអ្នកច្បាប់ ដើម្បី​សិក្សា​ឲ្យ​ស៊ីជម្រៅ​និង​ច្បាស់លាស់​ពី​ករណី​របស់លោក នី ចរិយា​។ ជាងនេះទៀត សំណើ​ដែល​ភរិយា​របស់លោក នី ចរិយា សុំ​ឲ្យ​គ​.​ជ​.​ប ជួយ​ដោះស្រាយ ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​តុល​ការ​ផងដែរ ដើម្បី​ឲ្យ​តុលាការ​ពិចារណា​ជាថ្មី​។ លើសពីនេះ គ​.​ជ​.​ប ថែមទាំង​បាន​ចាត់តាំង​ក្រុមការងារ ឲ្យ​សហការ​ជាមួយ​លោក សំ សុ​គង់ មេធាវី​ការពារ​ក្តី​លោក នី ចរិយា ដើម្បី​បាន​ទៅសួរសុខទុក្ខ អគ្គលេខាធិការរង​រូបនេះ​ទៀតផង​។

សូម​រំឭកថា កាលពី​ថ្ងៃទី​២ ឧសភា លោក នី ចរិយា ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ «​សមគំនិត​ក្នុង​រឿង​សូកប៉ាន់​សាក្សី​» ជុំវិញ​ករណី កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ​។ ចំណែកឯ មន្ត្រី​អាដហុក​៤​រូប​ទៀត រួមមាន លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វង់​ដា និង​លោកស្រី លឹម មុន្នី ត្រូវបាន​នាំខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​បទ​ចោទ «​សូកប៉ាន់​សាក្សី​» ក្នុង​សំណុំរឿង​ស្រុំ​មុំ ដូចគ្នា​៕