ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​មោទនភាព​ចំពោះ​សុខដុម​បនិ​យ​កម្ម ជនជាតិ​និង​សាសនា​នៅ​កម្ពុជា

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បង្ហាញ​មោទនភាព​ចំពោះ​សុខដុម​បនិ​យ​កម្ម ជនជាតិ​និង​សាសនា​នៅ​កម្ពុជា



កំពង់ចាម ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញ​នូវ​មោទនភាព​ចំពោះ​សុខដុម​បនិ​យ​កម្ម​រវាង​ជនជាតិ និង សាសនា​នៅ​កម្ពុជា ស្រប​ពេល​ដែល​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​កំពុង​ប្រឈម​ជាមួយ​ការ​បែកបាក់​នៅក្នុង​បញ្ហា​សាសនា។

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ​វត្ត​កែវ​មុនី​(​ហៅ​វត្ត​ថ្មី​)​នៅ​ក្នុង​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់​ចាម​នា​ព្រឹក​ថ្ងៃ​ទី ០៥ ខែឧសភា ឆ្នាំ​២០១៦។ សម្តេច​មានប្រសាសន៍ថា សម្តេច​ពិតជា​មានការ​រីករាយ​ខ្លាំង​ណាស់​នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​មកកាន់​ពិធី​នេះ​ហើយ​បាន​ជួប​ជាមួយ​បងប្អូន​សាសនិក​ឥស្លាម​កម្ពុជា បាន​មក​ចូលរួម​ផង​ដែរ​ដែល​នេះ​ជា​ការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចំណុច​ដ៏​សំខាន់​នៃ​សុខដុម​ប​នីយកម្ម​រវាង​ជនជាតិ និង សាសនា​នៅ​កម្ពុជា។ សម្តេច​បាន​បន្ត​ថា ​បច្ចុប្បន្ន​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក​កំពុង​ប្រឈម​ជាមួយ​ការ​បែកបាក់​នៅ​ក្នុង​បញ្ហា​សាសនា ជាពិសេស​សាសនា​គ្រឹះ​ជាមួយ​មូស្លីម​ឬ​សាសនាព្រះពុទ្ធ ជាមួយ​មូស្លីម។ សម្រាប់​យើង​នៅ​ទី​នេះ ថ្ងៃនេះ​មិនមែន​គ្រាន់តែ​ជា​បញ្ហា​ដាច់ដោយឡែក​របស់​ពុទ្ធបរិស័ទ​ដែល​គោរព​បូជា ចំពោះ​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ​ទេ។ ក៏​ប៉ុន្តែ​មាន​បងប្អូន​ខ្មែរឥស្លាម​មក​ចូលរួម​នៅ​ទី​នេះ​បង្ហាញ​អំពី​សាមគ្គី​ភាព​រួបរួម​គ្នា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា “​វត្តមាន​របស់ខ្ញុំ​ព្រះករុណា​ខ្ញុំ​ក៏បាន​នាំមក​នូវ​ការចូលរួម​របស់​សាសនិក​ឥស្លាម​នៅ​ទី​នេះ​ផង​ដែរ​”។ សម្តេច​តេ​ជោ​បាន​បន្ត​ថា បងប្អូន​កាន់សាសនា​ឥស្លាម តែ​ការ​ចូល​ទី​អារ៉ាម​នេះ​មិនមែន​ជា​ឧបសគ្គ​សម្រាប់​ការ​ចូល​រួម​របស់​បង​ប្អូន​ឥស្លាម​នោះ​ទេ ហើយ​ទី​អា​រ៉ា​ម​របស់​ព្រះពុទ្ធ​ក៏​មិនបាន​ហាមឃាត់​នូវ​សាសនិក​ឥស្លាម​មិន​ឲ្យ​ចូល​មក​ក្នុង​ទី​អា​រ៉ា​ម​នេះ​ផង​ដែរ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា “ នេះ​ជា​ការ​សប្បាយ​រីករាយ​ដែល​ខ្ញុំព្រះករុណា​មើល​ឃើញ​ថា ​ជា​ទិដ្ឋភាព​សង្គម​មួយ​ដែល​យើង​ត្រូវតែ​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​បញ្ហា​ជាតិ​សាសន៍ និង សាសនា ដែល​ទាមទារ​នូវ​ការ​រួបរួម​គ្នា ព្រោះ​សាសនា​ទាំងអស់​មិនបាន​ប្រដៅ​មនុស្ស​ឲ្យ​ធ្វើអំពើ​អាក្រក់​នោះ​ទេ ហើយ​ម្យ៉ាងទៀត ការ​ខុស​គ្នា​អំពី​ជាតិ​សាសន៍ ការខុស​គ្នា​អំពី​សាសនា​មិនមែនជា​ឧបសគ្គ​រារាំង​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ​នោះទេ​” ។ សម្តេច​តេ​ជោ​បាន​បន្តថា​៖ “​សង្ឃឹមថា​ប្រទេស​នានា​នៅលើ​ពិភពលោក​នេះ​នឹងមាន​ការរួបរួម​បែក​កម្ពុជា យើង​មិន​ប្រដៅ​អ្នកណា​ទេ ក៏ប៉ុន្តែ​យើង​មានបទពិសោធន៍​ដ៏​ល្អ​តាំងពី​អតិ​ត​កាល និង រហូតមក ហើយ​ទំនាក់ទំនង​នេះ​គួរ​ត្រូវបាន​បន្ត​”។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បង្ហាញថា​ នៅ​ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០១៦ ខាងមុខ​សម្តេច​និង​ចូលរួម​ក្នុង​ពិធី​ស្រាយ​បួស​ថ្នាក់​ជាតិ​ជាមួយ​សាសនិក​ឥស្លាម​កម្ពុជា និង ទៅ​ស្រាយ​បួស​នៅ​ព្រះវិហារ​មួយ ទៀត​នៅ​ក្នុង​ព្រះវិហារ​តែ​ម្តង។ ជា​មួយ​នេះ​ស​ម្តេចក៏​និង​អាច​ចូលរួម​ជាមួយ​គ្រឹះ​សាសនា​ផង​ដែរ។ ពាក់ព័ន្ធ​វិស័យ​ពុទ្ធចក្រ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា នៅពេលដែល​វិស័យ​អាណាចក្រ​ច្របូកច្របល់ ពុទ្ធចក្រ​ក៏​ច្របូកច្របល់ ហើយ​មិន​ចាំ​បាច់​តែ​ពុទ្ធសាសនា​តែឯង​ទេ​វិស័យ​សាសនា​ទាំងអស់​សុទ្ធតែ​ទទួលរង​នូវ​ផល​លំបាក​ដូចគ្នា​។ ដូច្នេះ​សន្តិភាព​គឺ​មាន​តម្លៃ​ធំ​ណាស់​មិន​គ្រាន់តែ​សម្រាប់ បញ្ហា​ទាក់ទង​នឹង​វិស័យ​អាណាចក្រ​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​វា​មានតម្លៃ​របស់​វា​សម្រាប់​វិស័យ​សាសនា​ផងដែរ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ​យើង​ត្រូវ​រួមគ្នា​ដើម្បី​ការពារ​នូវ​សន្តិភាព​ដែល​យើង​រក​បាន​ដោយ​ការ​លំបាក​ខ្លាំង​ណាស់​ទម្រាំ​មាន​សន្តិភាព​មកដល់​សព្វ​ថ្ងៃនេះ។ តាមរយៈ​សន្តិភាព​នេះ​ប្រជាពលរដ្ឋ​មានឱកាស​អភិវឌ្ឍ ដូចនេះ​បើ​មិន​មាន​សន្តិភាព​ទេ​កុំ​និយាយ​ដល់​ការអភិវឌ្ឍ កុំ​និយាយ​ដល់​លទ្ធិប្រជាធិបតេយ្យ និង សិទ្ធិមនុស្ស។ សម្តេច​បាន​បន្ត​ថា សូម​ក្រឡេក​ទៅ​មើល​ប្រទេស​មួយ​ចំនួន​ផ្សេងទៀត​ដែល​កំពុង​មាន​សង្គ្រាម។ ម៉ោង​នេះ​ពេលនេះ ប្រទេស​ទាំងនោះ​កំពុង​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ជាពិសេស នៅ​មជ្ឈិមបូព៌ា ដូចជា អ៊ីរ៉ាក់ ស៊ី​រី យេ​មែន និង លី​ប៊ី (​នៅ​អាហ្វ្រិក​ខាងជើង ព្រមទាំង​) ប្រទេស​ខ្លះទៀត​កំពុង​ជួប​បញ្ហា រហូតដល់​គេ​ដាក់​គ្រាប់បែក​នៅតាម​ទី​អារាម​ព្រះវិហារ​នានា​ផងដែរ។ តាមរយៈ​សន្តិភាព​នេះ​ប្រជាពលរដ្ឋ​មានឱកាស​អភិវឌ្ឍ ។

គួរ​បញ្ជាក់​ថា ព្រះវិហារ វត្ត​កែវ​មុនី ជា​សមិទ្ធផល​ដែល​ប្រសូត្រ​ចេញពី​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជន​ជិត​ឆ្ងាយ សប្បុរសជន​នានា​ក្រោម​ការដឹកនាំ​របស់​ព្រះ​គ្រូ​ចៅអធិការ និង គណៈកម្មការ​វត្ត ដោយ​បាន​ចំណាយ​ថវិកា​សាងសង់​ជាង​២៤១.៧១៩​ដុល្លារ។ វត្ត​កែវ​មុនី​ហៅ​វត្ត​ថ្មី​មាន​ប្រវត្តិ​កើត​ឡើង​ក្នុង ព​.​ស ២៤៨៩ ក្នុង​ឆ្នាំ ១៩៤៦ មាន​ទីតាំង​ស្ថិតនៅ​ខាងជើង​ទន្លេមេគង្គ ត្រង់​ព្រំប្រទល់​ភូមិ​អង្គ​របា​នទី​៨ ទី​៩ នៅ​ក្នុង​ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្ត កំពង់ចាម៕