លោក​គង់ វិមាន​ ចុះ​ត្រួត​ពិនិត្យ​ការ​ត​បណ្ដាញ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អាចារ្យ​លាក់

លោក​គង់ វិមាន​ ចុះ​ត្រួត​ពិនិត្យ​ការ​ត​បណ្ដាញ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​អាចារ្យ​លាក់



កំពង់ធំ​ ៖​ ប្រជាពលរដ្ឋ​​ក្នុង​សង្កាត់ អាចារ្យ​លាក់​មានចិត្ត​សប្បាយរីករាយ ​ក្រោយ​ពី​​​​​​ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ បាន​យកចិត្តទុកដាក់ ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​អាចារ្យ​លាក់​ ក្នុង ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ កំពុង​ជួបប្រទះ​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់ ​ហើយ​មាន​ការ​ត​បណ្ដាញ​ទឹក​ស្អាត​ដល់​ផ្ទះ​ពួកគាត់​នោះ។

លោក​គង់ វិមាន ព្រមទាំង​ក្រុមការងារ​មន្ទីរ​រដ្ឋាករ​ទឹក​ បាន​ចុះ​ពិនិត្យ​ភូមិសាស្ត្រ​ទីតាំង សម្រាប់​ត​បណ្ដាញ​ទឹក​ស្អាត​ជូន​​​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ក្រចាប់ និង​ភូមិ​ព្រៃ​បន្លិច សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន​ សរុប​ជាង​២០០០​ម៉ែត្រ ដើម្បី​ជួយ​សម្រួល​ដល់​ការ ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ត្រូវការ​ប្រើប្រាស់​ទឹក​ស្អាត។

លោក​គង់ វិមាន​ បាន​បញ្ជាក់​ថា «ការ​ត​បណ្ដាញ​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ​នេះ ​គឺជា​ការ​យកចិត្តទុកដាក់​របស់​លោក​អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ និង​ជា​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ សហការ​គ្នា​ចុះ​ជួយ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ ដែល​បាន​ខ្វះខាត​ទឹក​ប្រើប្រាស់។ ដោយ​បាន​ពិនិត្យ​ឃើញ ទឹក​អណ្ដូង បឹង បួរ ស្រះ ​និង​ប្រឡាយ​ត្រូវ​រីងស្ងួត​ជា បណ្តើរ​ៗ​នោះ អាជ្ញាធរ​ខេត្ត​​ក៏​សម្រេច​ផ្តល់ ជូន​កា​រ​ត​បណ្ដាញ​ទឹក​ស្អាត ដើម្បី​ដោះស្រាយ​ជា​ជំហាន​ៗ តាម​លទ្ធភាព​ជាក់ស្ដែង ​ដែល​អាច​ដោះស្រាយបាន»។

លោក គង់ វិមាន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ទឹកស្អាត ត្រូវ​ចេះ​សន្សំសំចៃ និង​ត្រូវ​ចេះ​ជួយ​ថែរក្សា​សម្ភារៈ​សាធារណៈ ហើយ​អាជ្ញាធរ​សូម​ធ្វើការ​អភ័យទោស​ដល់​បងប្អូន មួយចំនួនទៀត ដែល​មិនទាន់​បាន​ទទួល​ការ​ឆ្លើយតប​ទាន់​ពេល​វេលា​ តែ​អាជ្ញាធរ​នឹង​ខិតខំ​ឲ្យ​អស់​លទ្ធភាព​ដោះស្រាយ​ជា​បន្តបន្ទាប់ តាមតែ​អាច​ធ្វើ​បាន។

ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ ចំពោះ​លោក​ អភិបាលខេត្ត និង​អភិបាលរង​ខេត្ត ជាពិសេស​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ ​​មិន​ថា​ប្រជាពលរដ្ឋ ជួប​នូវ​ភាព​ខ្វះខាត ឬ​គ្រោះធម្មជាតិ រួម​ទាំង​ប្រទេសជាតិ​ជួប​នូវ​វិបត្តិ​ផ្សេងៗ​នោះ​ទេ​ ក៏​តែងតែ​មាន​ក្រុម ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​មក​ជួយ​បាន​ទាន់​ពេល​វេលា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ​​ហើយ​​សុំ​ឲ្យ​សម្តេច​ជួប​តែ​អំពើ​ល្អ សុខភាព​ល្អ រហូត៕