EU៖ បើ​មានការ​នាំចេញ​អង្ករ​មិន​សុទ្ធ កម្ពុជា​អាច​បាត់បង់​ទីផ្សារ​របស់ខ្លួន​នៅ​អឺរ៉ុប​

ភាគី​ទិញ​អង្ករ​របស់​កម្ពុជា សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​៤​ខែឧសភា ប្រកាស​ដល់​ភាគី​កម្ពុជា ឲ្យ​យកចិត្តទុកដាក់​លើ​ការនាំចេញ​អង្ករ​ក្រអូប​ចូល​ទីផ្សារ​អឺរ៉ុប​។ ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ដ៏​សំខាន់​មួយ​នេះ បញ្ជាក់​ពី​ជំហរ​របស់ខ្លួន​ថា កម្ពុជា​នឹង​ជួប​ឧបសគ្គ​ក្នុងការ​ជ្រៀតចូល​ទីផ្សារ​អង្ករ​របស់​អឺរ៉ុប ប្រសិនបើ​កម្ពុជា​យក​អង្ករ​ក្រអូប​លាយ​ជាមួយ​អង្ករ​ផ្សេងទៀត បញ្ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​នោះ​។

លោក Peter Berz ប្រធាន​ផ្នែក​អាស៊ី​ខាងកើត​នៃ​សហភាព​អឺរ៉ុប ដែល​ត្រូវបាន​ដកស្រង់​សំដី​ដោយ​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹងថា កម្ពុជា​គួរ​ពិនិត្យ​ផលិតផល​អង្ករ​ក្រអូប​របស់ខ្លួន​ឲ្យ​បាន​ម៉ត់ចត់ មុននឹង​បញ្ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​។

តែ​ទោះជា​យ៉ាងណា លោក Peter Berz  ដែល​ថ្លែង​ក្នុង​កិច្ចប្រជុំ​អំពី​វិស័យ​ពាណិជ្ជកម្ម​នៃ​គណៈកម្មការ​រួម​កម្ពុជា​-​អឺរ៉ុប នៅ​ថ្ងៃទី​៤​ខែឧសភា ជំរុញ​ឲ្យ​ភាគី​កម្ពុជា​នាំ​អង្ករ​ក្រអូប​បន្ថែមទៀត​ទៅ​ទីផ្សារ​អឺរ៉ុប ដែល​កម្ពុជា​អាច​កាន់កាប់​ទីផ្សារ​អង្ករ​ចំនួន​១​ភាគ​៣​នៅ​ទីនោះ​។

តំណាង​ជាន់ខ្ពស់​សហភាព​អឺរ៉ុប​រូបនេះ បន្ថែមទៀតថា កម្ពុជា​គួរ​ទាញយក​ប្រយោជន៍​ពី​គោលនយោបាយ​អនុគ្រោះ​ពន្ធគយ​របស់​សហភាព​អឺរ៉ុប (EBA)​។
​គួររម្លឹកថា ការ​លាយ​បន្លំ​អង្ករ ដើម្បី​នាំចេញ​ទៅ​ក្រៅប្រទេស ដែល​ទំនងជា​កើតមាន​ក្នុងពេល​កន្លងមក ត្រូវបាន​លោក ស៊ុន ចាន់ថុល អតីតរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អំពាវនាវ​ម្តង​រួចមកហើយ​ក្នុង​វេទិកា​ស្រូវ​អង្ករ​អំពី​បញ្ហា​នេះ​។ លោក​បញ្ជាក់ថា បើ​ពាណិជ្ជករ​នាំចេញ​អង្ករ ដែល​លាយ​ជាមួយ​អង្ករ​បរទេស បញ្ចូល​ទៅ​ទីផ្សារ​អឺរ៉ុប នោះ​សហភាព​អឺរ៉ុប​អាច​នឹង​ដក EBA ចេញពី​កម្ពុជា​វិញ​។ លោក​សង្កត់ធ្ងន់ថា វា​គឺជា​មុខមាត់​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ ដែល​គេ​ត្រូវ​គិតដល់​ចំណុច​នេះ​៕