រដ្ឋមន្ត្រីក្រសួងការបរទេស ជួបជាមួយបណ្តាឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា 

ភ្នំពេញ:

នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាជាមួយបណ្តាឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា ចំនួន២៨ និងតំណាងអង្គការសហប្រជាជាតិ គឺមិនបាននិយាយអំពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ននៅកម្ពុជា និងមិនបានលើកឡើងអំពីការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល ការចាប់ខ្លួនតំណាងរាស្ត្រ និងការកោះហៅមេដឹកនាំគណបក្សប្រឆាំងនោះទេ។
 លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយប្រធានបេសកកម្មការទូត និងតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស។ ការជួបនេះ គឺបន្ទាប់ពីលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សារវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយប្រធានស្ថានបេសកកម្មការទូតណាមួយលើកឡើងអំពីសភាពការណ៍ និងនយោបាយបច្ចុប្បន្ននៅកម្ពុជាទេ។ ហើយក៏មិនបាននិយាយអំពីការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិល និងការចាប់ខ្លួនតំណាងរាស្ត្រទេ។ ដោយស្ថានបេសកកម្មការទួត បានគោរពចំពោះអធិបតេយ្យភាពរបស់កម្ពុជា ដោយមិនបានលើកឡើងអំពីបញ្ហាណាមួយដែលមានលក្ខណៈជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទេ៕
រដ្ឋមន្ត្រីក្រសួងការបរទេស ជួបជាមួយបណ្តាឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតទាំងអស់ប្រចាំនៅកម្ពុជា