ជំពាក់​ប្រាក់​៦​ម៉ឺន​ដុល្លា គេចខ្លួន​ជាង​១​ឆ្នាំ​ម្ចាស់បំណុល​ប្រទះ​ឃើញ​​ឃាត់ខ្លួន​នាំ​ឲ្យ​សមត្ថកិច្ច

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជំពាក់​លុយ​គេ​ចំនួន​៦​ម៉ឺន​ដុល្លា​គេចខ្លួន​ជាង​១​ឆ្នាំ មក​សម្ងំ​លក់​ភេសជ្ជៈ​នៅ​តាម​ផ្លូវ ត្រូវ​បាន​ម្ចាស់បំណុល​ប្រទះ​ឃើញ ក៏​ឃាត់ខ្លួន​ជូន​សមត្ថកិច្ច​តែ​ម្ដង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្លូវ​២៥៧​កែង​ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។ ជន​ជំពាក់​លុយ​គេ​មានឈ្មោះ ឃី សុភាព ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវលំ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​លក់​កាហ្វេ និង​ភេសជ្ជៈ​តាម​រទេះ​។

​ចំណែក​ម្ចាស់បំណុល​មានឈ្មោះ តាំង គី​ម​ពៀរ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ស្នាក់​នៅផ្ទះ​១១​អា ផ្លូវ​១១៨ សង្កាត់​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។ តាម​ម្ចាស់បំណុល​បាន​ឲ្យ​ដឹង​ថា​ជន​នោះ​បាន​ជំពាក់​ប្រាក់​របស់​គាត់​ចំនួន​៦​ម៉ឺន​ដុល្លា​ប្រមាណ​ជាង​១​ឆ្នាំ​ដោយ​រកស៊ី​និង​លេង​តុងទីន​ជាមួយ​គ្នា រួច​គេចខ្លួន​រហូត​ហើយ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​។ លុះ​នៅ​វេលា​ថ្ងៃ​ត្រង់នេះ​ក៏​ប្រទះ​ឃើញ​លក់​កាហ្វេ និង​ភេសជ្ជៈ​នៅ​តាម​ផ្លូវ ក៏​ដេញ​តាម​តាំងពី​ផ្លូវ​ទេព​ផ​ន​រហូត​ទៅ​ដល់​ចំណុច​ផ្លូវ​លេខ​២៥៧​កែង​ផ្លូវ​១៦០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ទើប​ចាប់​បាន​ប្រគល់​ជូន​សមត្ថកិច្ច​យក​មក​ប៉ុស្តិ៍​នរ​គ​បាល​ទឹកល្អក់​២​។ លុះ​ក្រោយមក​ម្ចាស់បំណុល និង​ក្រុម​គ្រួសារ​ត្រូវ​បាន​បញ្ជូន​ទៅ​ដោះស្រាយ​នៅ​ក្រសួងមហាផ្ទៃ​៕