រដ្ឋ​ក្មេងខ្ចី​ទី​ម័​រ​ខាងកើត អាចមាន​ព្រំដែន​អចិន្ត្រៃយ៍​ជាមួយ​រដ្ឋ​ជិតខាង​បាន​ឬទេ​?

គឺ​រយៈពេល​១៤​ឆ្នាំ​មកហើយ​ក្រោយ​ទទួលបាន​ឯករាជ្យ​ពេញលេញ រដ្ឋ​កោះ​ដ៏​តូច​ទី​ម័​រ​ខាងកើត មិនទាន់ មាន​ព្រំដែន​អចិន្ត្រៃយ៍​មួយ​ពិតប្រាកដ​ជាមួយនឹងរ​ដ្ឋ​ជិតខាង ជាពិសេស អូស្ត្រាលី​នៅឡើយ​នោះទេ​។ ភាពមិន​ដាច់ស្រេច​នេះ បាន​បង្ក​ឲ្យ​មាន​ចម្រូងចម្រាស​ជាច្រើន​ក្នុងការ​បែងចែក​តំបន់​ត្រូវ​អភិវឌ្ឍន៍ និង ផលប្រយោជន៍​លើ​តំបន់​ត្រួតស៊ីគ្នា​ដែល​សំបូរ​ទៅដោយ​ប្រេង​នោះ​។ ចុងក្រោយ​នេះ ទី​ម័​រ​ខាងកើត បានប្រកាស​សុំ​ជំនួយ​ពី​អង្គការសហប្រជាជាតិ​ដើម្បី​ជា​អាជ្ញាកណ្តាល​សម្របសម្រួល តែ​វា នៅតែ​ជា​បញ្ហា​ថា​តើ​អង្គការ​កំពូល​មួយ​នេះ អាច​យុត្តាធិការ​ឬ​អត់ ដ្បិត​អូស្ត្រាលី​បាន​បដិសេធ​រួចទៅហើយ​នោះ​?

រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត កាលពី​ខែមេសា​កន្លងទៅ បាន​ដង្ហោយ​រក​អង្គការសហប្រជាជាតិ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ និង​កំណត់ព្រំដែន​អចិន្ត្រៃយ៍​ពិត​ប្រាក​មួយ​របស់ខ្លួន​នៅក្នុង​តំបន់​សមុទ្រ​ទី​ម័​រ (Timor Sea)​។ រដ្ឋាភិបាល​ដែល​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​ពី​ប្រេង​រូបនោះ ក៏បាន​ជូនដំណឹង​ទៅកាន់ អូស្ត្រាលី​ដែលជា​ភាគី​ជម្លោះ​អំពី​ដំណើរ​នៃ​ការធ្វើ​
សន្ធានកម្ម​នោះ​នឹង​ត្រូវបាន​ប្រព្រឹត្តឡើង​ក្រោម​អំណាច​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​(UNCLOS)​។

គិត​ចាប់ពី​ទទួលបាន​ឯករាជ្យ ទី​ម័​រ​ខាងកើត និង​អូស្ត្រាលី ធា្ល​ប់​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​លើ បញ្ហា​ព្រំដែន​មួយចំនួន​ផងដែរ តែ​កិច្ចព្រមព្រៀង​ទាំងនោះ មិនបាន​កំណត់​ពី​ព្រំដែន​អចិន្ត្រៃយ៍​នោះទេ ។ ក្នុង​ឆ្នាំ​២០០២ ទី​ម័​រ​ខាងកើត បាន​ចុះហត្ថលេខា​ជាមួយនឹង​អូស្ត្រាលី​លើ​សន្ធិសញ្ញា​សមុទ្រ​ទី​ម័​រ ដែល​ក្នុង​កិច្ចព្រមព្រៀង​នោះ ភាគី​ទាំងពីរ ក៏បាន​កំណត់​ពី​តំបន់​មួយចំនួន​ដែលជា​តំបន់​អភិវឌ្ឍន៍​រួម​ដើម្បី​រុករក​ប្រេង​ផងដែរ​។

ដោយសារតែ​កិច្ចព្រមព្រៀង​ដែល​ធ្វើ​កន្លងមក​គ្រាន់តែ​ជាការ​កំណត់ព្រំដែន​បណ្តោះ​អាសន្ន រួមជាមួយ ការតវ៉ា​របស់​ប្រជាជន​ទី​ម័​រ​ខាងកើត​ដែល​បាន​ចោទ​អូស្ត្រាលី​ថា​បាន​ចូលទៅ​កាន់​សមុទ្រ​ទី​ម័​រ​ដើម្បី​បូម​យក​ប្រេង​នោះ ទី​ម័​រ​ខាងកើត បានចេញ​ចំណាត់ការ​កាន់​អង្គការសហប្រជាជាតិ​ដើម្បី​អន្តរ​គម​ន៍​។ ជាពិសេស​នោះ ការបោះបង់​ការចរចា​ទ្វេភាគី និង​ដោះស្រាយ​តាមច្បាប់​អន្តរជាតិ អាចធ្វើ​ឲ្យ​ទី​ម័​រ ខាងកើត​ចំណេញ​បាន​ច្រើន​នៅក្នុង​តំបន់​សមុទ្រ​ទី​ម័​រ​នោះ​។​

ក្នុង​ឆ្នាំ​២០១៣ ទី​ម័​រ​ខាងកើត បានចាប់ផ្តើម​ដាក់​បណ្តឹង​ទៅកាន់​ម​ជ្ឈ​ត្ត​ការ​នៃ​តុលាការអន្តរជាតិ ក្រុង ឡាអេ នៃ​ប្រទេស​ហូ​ឡង់​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​នោះ​។ ក្នុង​បណ្តឹង​នោះ បាន​អះអាងថា សន្ធិសញ្ញា ដែល​បាន​បែងចែក​តំបន់​អភិវឌ្ឍន៍​រវាង​អូស្ត្រាលី និង​ទី​ម័​រ​ខាងកើត លែងមាន​សុពលភាព​ទៀតហើយ ដ្បិត​ការចរចា​រវាង​ភាគី​ទាំងពីរ​ក្នុង​ឆ្នាំ​២០០៤ មិនបាន​បង្ហាញ​ពី​ភាពស្មោះត្រង់​នោះទេ​។ ក្នុង​ឆ្នាំ​២០០៤ អូស្ត្រាលី បានធ្វើ​ចារកម្ម​ទៅលើ​មន្ត្រី​រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត​ខណៈ​កំពុងតែ​ដំណើរការ​ការចរចា​។

ក្រោយមក​នៅ​ឆ្នាំ​២០១៤ ទី​ម័​រ​ខាងកើត បាន​យល់ព្រម​ទទួល​សំណើ​របស់​អូស្ត្រាលី​ដើម្បី​ផ្អាក​ដំណើរ ការ​នោះ​សិន និង​បន្ត​ការចរចា​បន្ថែម​ឡើងវិញ​។ ជុំវិញ​ការព្រមព្រៀង​នេះ លោក Xanana Gusmao អតីត​មេដឹកនាំ​កំពូល​ទី​ម័​រ​ខាងកើត និង​ជា​ភាគី​ចរចា​កិច្ចព្រមព្រៀង​សមុទ្រ​ទី​ម័​រ បាន​ពន្យល់ថា ការពន្យារពេល​វិធានការ​ផ្នែក​ច្បាប់ ក្នុង​ឆ្នាំ​២០១៤ ក៏​ព្រោះតែ​ទី​ម័​រ​ខាងកើត គិតថា វា​នឹង​អាច​ខិត​ទៅរក​ការចរចា​លើ​ព្រំដែន​សមុទ្រ​។ លោក Gusmao បាន​បន្ថែមថា គិត​ចាប់ពីពេលនោះ​មក ការចរចា​ប្រៀបប្រដូច​ប្រដូច​ទៅនឹង «​ហៅ​ទី​ម័​រ​ខាងកើត​ស្តាប់ តែ​មិនអាច​និយាយ​អ្វី​បាន​ទាំងអស់​»​។​

ចុងក្រោយ​នេះ បន្ទាប់ពី​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដែលមាន​ការចូលរួម​ពី​ប្រជាជន​ទី​ម័​រ​ខាងកើត​រាប់ពាន់នាក់ រដ្ឋាភិបាល​ទី​ម័​រ​ខាងកើត បានប្រកាស​ជាថ្មី​នៅ​ថ្ងៃទី​១១ ខែមេសា ដើម្បី​សុំ​អន្តរាគមន៍​ពី អង្គការសហប្រជាជាតិ​ក្នុង​ការកោះហៅ​អូស្ត្រាលី​ដើម្បី​ចរចា​និង​ដោះស្រាយ​ជម្លោះព្រំដែន​តាមច្បាប់ អន្តរជាតិ​។

យ៉ាងណាក៏ដោយ ក្តីសង្ឃឹម​នៃ​ការដោះស្រាយ​តាមច្បាប់​អន្តរជាតិ​របស់​ទី​ម័​រ​ខាងកើត ហាក់ដូចជា មានលទ្ធភាព​តិចតួច​ណាស់​។ ក្នុងនោះ រដ្ឋាភិបាល​អូស្ត្រាលី បាន​បដិសេធ​មិន​ចូលរួម​តាម​សំណើ ដោយបាន​លើកឡើងថា អូស្ត្រាលី បាន​ដកចេញ​បទបញ្ញត្តិ​ទាក់ទង​នឹង​ការដោះស្រាយ​ជម្លោះ​អធិបតេយ្យ​តាមរយៈ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្នុង​ឆ្នាំ​២០០២​រួចហើយ​។ ហើយ​នេះ មានន័យថា ម​ជ្ឈ​ត្ត​ការ​នៃ តុលាការអន្តរជាតិ មិនមាន​យុត្តាធិការ​ដើម្បី​ចាប់បង្ខំ​ទៅលើ​អូស្ត្រាលី​ដើម្បី​ដោះស្រាយ​ជម្លោះ​នោះទេ​៕