ធី សុវណ្ណថា ប្រកាស​​រក​​អ្នក​គាំទ្រ​ដើម្បីទម្លាក់ កឹម សុខា តែ ខឹម វាសនា ឆ្លើយជំនួស

តើមាននរណាខ្លះ ដែលចូលរួមគាំទ្រកញ្ញា ធី សុវណ្ណថា ដើម្បីទម្លាក់លោក កឹម សុខា (ចេញទីតំណែង? តំណែង​អ្វី?)? មាន​តែ​លោក ខឹម វាសនា ប្រធានគណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ដែលបានទាយ​ពី​សំនួរ​នេះ​ជា​មុន ហើយ​បាន​ឆ្លើយ​តប​ទៅ​តារា​ហ្វេសប៊ុកវិញ​ យ៉ាងជូរចត់។
ធី សុវណ្ណថា ប្រកាស​​រក​​អ្នក​គាំទ្រ​ដើម្បីទម្លាក់ កឹម សុខា តែ ខឹម វាសនា ឆ្លើយជំនួស

ពីឆ្វេងមកស្ដាំ៖ លោក ខឹម វាសនា និងកញ្ញា ធី សុវណ្ណថា។ (រូបថតហ្វេសប៊ុក)

បន្ទាប់ពីប្រកាស ថាខ្លួននឹងបើកយុទ្ធនាការ ដើម្បីទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី) កាល​ពីថ្ងៃ​ទី៣ ខែ​ឧសភាកន្លងមក កញ្ញា ធី សុវណ្ណថា បានប្រកាសសារជាថ្មី នៅថ្ងៃទី៤ ខែឧសភានេះថា នាង​នឹង​ដឹកនាំ «បាតុកម្ម​ដើម្បី​ទម្លាក់​លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)»។ នាងបានសួរទៅកាន់​ប្រិយមិត្ត នៅ​លើគណនី រួម​នឹង​ទំព័រ​ហ្វេសប៊ុករបស់នាងថា៖ «បងប្អូនណាខ្លះ គាំទ្រនាងខ្ញុំ?»។

ក្រៅពីក្រុមអ្នកបញ្ចេញយោបល់ (Comment) ដែលសម្បូរទៅដោយ ពាក្យជេរប្រទេចផ្ដាសារ ទៅ​កាន់​នាង​នោះ គេ​ឃើញ​លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានឆ្លើយទៅតារា​ហ្វេសប៊ុក ដោយ​ចម្លើយ​មួយ​យ៉ាងជូរចត់។

តាមពិតទៅ លោក ខឹម វាសនា បានដឹងថានាងចង់ធ្វើអ្វី តាំងពីសាររបស់នាង ត្រូវបានបង្ហោះ​​ជា​លើក​ទីមួយ (នៅ​ថ្ងៃ​ទី៣ ខែឧសភា) មកម្លេះ។ លោកបានសរសេរចម្លើយ តបទៅវិញភ្លាមៗថា៖ «តើនាង​ទៅ​រក​អ្នក​គាំទ្រពីណា​បាន មក​ធ្វើ​បាតុកម្ម​នោះ បើអ្នកគាំទ្រនាងកន្លងមក សុទ្ធតែសង្គ្រោះជាតិហ្នឹង?»។

រីឯចម្លើយរបស់លោក ខឹម វាសនា ដែលបង្កើតភាពជូរចត់ខ្លាំងជាងគេ ឲ្យកញ្ញា ធី សុវណ្ណថា នោះ គឺ​នៅ​ត្រង់​ឃ្លាបន្ទាប់ ដូច្នេះ​ថា៖ «បើ​នាងអាចធ្វើបានមែន អត់សង្ស័យទេ(ថា) មានតែអ្នកគាំទ្របក្ស CPP ជួយចូលរួម»។ សារ​ចម្លើយ​របស់លោក ខឹម វាសនា មានអ្នកយកទៅចែករំលែកបន្ត ប្រមាណជិត ៥០០នាក់ នៅលើគណនី (ហ្វេសប៊ុក) ក៏​ដូចជា​នៅ​លើ​ទំព័រ (ហ្វេសប៊ុក) ផ្លូវការរបស់លោក៕