វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិ​វិធី​អនុវត្ត​ថវិកា​កម្មវិធី​សម្រាប់​អង្គភាព​ថវិកា

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិ​វិធី​អនុវត្ត​ថវិកា​កម្មវិធី​សម្រាប់​អង្គភាព​ថវិកា



សៀមរាប​ ៖ ​នៅ​សណ្ឋាគារ​អ៊ី​ម​ផ្រេ​ស​អង្គរ​ខេត្ត​សៀមរាប វិទ្យាស្ថាន​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​មន្ទីរ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ខេត្ត​សៀមរាប​ បាន​សហការ​​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី​នីតិ​វិធី​អនុវត្ត​ថវិកា​កម្មវិធី​សម្រាប់​អង្គភាព​ថវិកា រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​៥ ​ខែ​ឧសភា ​ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​ថ្លែង​សុន្ទរកថា​បើក​ពី​សំណាក់ លោក​បណ្ឌិត ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​បណ្ឌិត​អូន​ព័ន្ធ​មុនី​រ័ត្ន ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ និង​លោក​ បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប។

វគ្គ​បណ្តុះបណ្តាល​នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​បទពិសោធន៍​នៃ​ការងារ​ថវិកា​កម្មវិធី​ និង​លើកកម្ពស់​ការយល់ដឹង​របស់​រជ្ជទេយ្យ​ករ រជ្ជទេយ្យ​ករ​រង​ និង​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នៃ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ​ និង​ខេត្តព្រះវិហារ​សម្រាប់​ចូលរួម​អនុវត្ត​ការកែទម្រង់ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្នុង​ដំណាក់កាល​ទី​៣ ជាពិសេស​សម្រាប់​ការអនុវត្ត​សាកល្បង​ថវិកា​កម្មវិធី​ពេញលេញ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ឲ្យ​សម្រេច​បាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព ភាព​គ្រប់​ជ្រុងជ្រោយ​ និង​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ លោក​បណ្ឌិត​ហ៊ាន​សា​ហ៊ី​ប​ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ប្រសាសន៍​ថា ​៖ ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​តែងតែ​ផ្តល់​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​បណ្ដុះបណ្ដាល ​និង​កសាង​សមត្ថភាព​ជូន​មន្ត្រីរាជការ ដែល​ជា​កត្តា​គ​ន្លឺះ​ដើម្បី​សម្រេច​ជោគជ័យ​ក្នុងការ​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល​។​ជាក់ស្តែង​នៅ​ឆ្នាំ​២០១៥​កន្លងមក ក្នុង​គោលដៅ​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ថវិកា​កម្មវិធី​និងអង្គភាព​ថវិកា​មាន​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​និង​ជា​បន្តបន្ទាប់​ពាក់​ព័ន្ធ​ទៅនឹង​វិធីសាស្ត្រ​នីតិ​វិធី​និង​គោលការណ៍​ណែនាំ​សម្រាប់​អនុវត្តន៍​ថវិកា​កម្មវិធី​។​លើសពីនេះ​នៅ​ត្រីមាស​ទី​១​​ដើម​២០១៦​មាន​វគ្គ​បណ្តុះបណ្តាល​ចំនួន​៧​វគ្គ​រួចមកហើយ ជូន​ដល់​មន្ត្រីរាជការ​ថ្នាក់ដឹកនាំ​ជំនាញ​នៃ​អង្គភាព​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​និង​អង្គភាព​ក្រោម​ឱវាទ ដែល​ត្រូវ​ចូលរួម​អនុវត្ត​សាកល្បង​ថវិកា​កម្មវិធី​ពេញលេញ​នៅ​ឆ្នាំ​២០១៦ ដែលមាន​សិក្ខាកាម​សរុប​838​នាក់​បាន​ចូលរួម។

ពាក់​ព័ន្ធ​ទៅនឹង​ការបណ្តុះបណ្តាល​នេះ លោក​បានបញ្ជាក់​ដែរ​ថា ​៖​​ គោលដៅ​ចម្បង​នៃ​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​គឺ​ដើម្បី​ផ្លាស់ប្ដូរ​ជា​បណ្តើរៗ​ពី​ប្រពន្ធ​គ្រប់គ្រង​ថវិកា​ផ្អែកលើ​ធាតុ​ចូល​និង​មជ្ជ​ការ​ឆ្ពោះទៅ​ប្រពន្ធ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្ម ​និង​វិមជ្ឈការ​ព្រមទាំង​ធ្វើឲ្យ​ថវិកា​ក្លាយទៅជា ឧបករណ៍​គោលនយោបាយ ដ៏​ពិតប្រាកដ​ក្នុងការ​វិភាជន៍​និង​ប្រើប្រាស់ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​និង​ភាព​សក្ដិសិទ្ធិ ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ សំណូមពរ​និង​បំណងប្រាថ្នា​របស់​ប្រជាជន​។​

លោក​រដ្ឋលេខាធិការ​​បញ្ជាក់ថា ​៖ ​ដូច្នេះ​ដើម្បី​ឲ្យ​ការអនុវត្ត​កម្មវិធី​ថវិកា​ និង​អង្គភាព​ថវិកា​ប្រព្រឹត្ត​ទៅបាន​ដោយ​រលូន​សមស្រប​តាម​នីតិ​វិធី​ និង​មាន​ប្រសិទ្ធភាព ការ​បណ្តុះបណ្តាល​ និង​ការ​កសាង​សមត្ថភាព​ជូន​មន្ត្រីរាជការ​ពាក់ព័ន្ធ​ទៅ​នឹង​វិធាន​នីតិ​វិធី​ និង​បទបញ្ញត្តិ​ស្តីពី​ថវិកា​កម្មវិធី​គឺជា​ការងារ​ចាំបាច់ ជាពិសេស​ចំពោះ​មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ រជ្ជទេយ្យ​រជ្ជទេយ្យ​ករ និង​រជ្ជទេយ្យ​ករ​រង របស់​អង្គភាព​ថវិកា​នៃ​ក្រសួង​ស្ថាប័ន​និង​មន្ទីរ​អង្គភាព​ក្រោម​ឱវាទ ដែល​ត្រូវ​ចូលរួម​អនុវត្តន៍​សាកល្បង​ថវិកា​កម្មវិធី​ពេញលេញ​នៅ​ឆ្នាំ​២០១៦។

លោក​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ទាំងអស់​យកចិត្តទុកដាក់​ស្តាប់​នូវ​គ្រប់​បទ​ឧទ្ទេស​ និង​ត្រូវ​ចេះ​ឆ្ងល់ សួរ​ឆ្លើយ​ឲ្យ​បាន​ផុលផុស​ដើម្បី​ស្វែងយល់ ​និង​ចាប់​យក​ចំណុច​គន្លឹះ​នៃ​មេរៀន​សម្រាប់​យក​ទៅ​អនុវត្ត​​​ក្នុង​ការងារ និង​បាន​ស្នើសុំ​ដល់​ក្រសួង​ស្ថាប័ន​និង​អង្គភាព​​ពាក់ព័ន្ធ​សូម​ត្រៀម​សហការ ​និង​ចាត់​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ឲ្យ​សមស្រប​កម្មវិធី​ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល ជា​សេរី​កម្រិត​វិញ្ញាបនបត្រ​ ដែល​នឹង​បើក​ជា​បន្តបន្ទាប់៕