កម្ពុជា​សឹង​តែ​ជាប់​លេខ​ ១​នៅ​អាស៊ាន​លើ​ល្បឿន​រីក​ចម្រើន​ក្នុង​វិស័យ​ដី​ធ្លី​

បើ​និយាយ​ពី​ចរន្ត​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​នៅ​អាស៊ាន​កម្ពុជា​មិន​មែន​ជា​ប្រទេស​ខ្លាំង​លើ​ផ្នែក​នេះ​ឡើយ​ ហើយ​បើ​និយាយ​ពី​ចរន្ត​ដី​ធ្លី​ខ្លាំង​ជាង​គេ ក៏​រឹត​​មិន​មែន​កម្ពុជា​ដែរ។ តែ​បើ​និយាយ​ពី​ល្បឿន​រីក​ចម្រើន​ក្នុង​វិស័យ​ដី​ធ្លី​នៅ​អាស៊ាន កម្ពុជា​សឹង​តែ​ជាប់​លេខ​១​ទៅ​វិញ។ នេះ​បើ​តាម​ការ​អះ​អាង​ពី​លោក គឹម ហ៊ាង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា (CVEA) ។

 

កម្ពុជា​សឹង​តែ​ជាប់​លេខ​ ១​នៅ​អាស៊ាន​លើ​ល្បឿន​រីក​ចម្រើន​ក្នុង​វិស័យ​ដី​ធ្លី​

 

 

ក្នុង​ពិធី​បើក​អង្គ​សា​មាជ​លើក​ទី​១៩ របស់​សមាគម​អ្នក​វាយ​តម្លៃ​អាស៊ាន ​និង​សិក្ខាសាលា​ស្ដី​ពី “អាស៊ាន​តែ​មួយ ស្តង់​ដា​នៃ​ការ​វាយ​តម្លៃ​តែ​មួយ” លោក​បញ្ជាក់​ថា ចំពោះ​រឿង​នេះ អាស្រ័យ​លើ​កត្តា​ច្រើន​យ៉ាង​ ដូច​ជា​ភូមិសាស្ត្រ ប្រជាសាស្ត្រ ល្បឿន​សេដ្ឋកិច្ច។

 

 

ចំពោះ​ផ្នែក​ភូមិ​សាស្ត្រ កម្ពុជា​មាន​អំណោយ​ផល​ល្អ ​គឺ​ប្រទេស​​​គ្មាន​គ្រោះ​ធម្មជាតិ។ រី​ឯ​កត្តា​ប្រជាសាស្ត្រ បើ​និយាយ​ពី​ប្រជាជន​ក្នុង​ទីក្រុង​ភ្នំពេញ​មាន​ចំនួន​ច្រើន​ គឺ​ប្រមាណ​ជិត​ ៣​លាន​នាក់ ដែល​សំបូរ​វ័យ​មនុស្ស​ពេញ​កម្លាំង​ ៧០% ទៀត​ផង។ កត្តា​សំខាន់​មួយ​ទៀត គឺ​ល្បឿន​សេដ្ឋកិច្ច​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ​ដែល GDP រយៈពេល​ ២​ទសវត្ស​ចុង​ក្រោយ​នេះ ក្នុង​រង្វង់​ជា​មធ្យម​ពី ៧%-៨% ។

 

 

អ្នក​ជំនាញ​លើ​វិស័យ​អចលនទ្រព្យ​ច្រើន​ឆ្នាំ​រូប​នេះ​បន្ត​ថា ទំហំ​សេដ្ឋកិច្ច​កម្ពុជា​មិន​ធំ​ដូច​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី​ទេ រី​ឯ​តម្លៃ​ដី​ធ្លី​ក៏​មិន​ដល់​គេ​ដែរ ប៉ុន្តែ​ល្បឿន​នៃ​ការ​រីក​ចម្រើន គឺ​ខ្លាំង។ លើស​ពី​នេះ គេ​សង្កេត​ឃើញ​ថា ​បើ​និយាយ​ពី​ចំនួន​អ្នក​ទិញ​និង​ចំណូល​អ្នក​មាន​ព្រម​ទាំង​អ្នក​មធ្យម​មាន​ការ​កើន​ឡើង​ច្រើន​ដែល​ពួក​គេ​​ចូល​ចិត្ត​លើ​សម្ភារៈ​ពេញ​និយម​ច្រើន ។ កត្តា​ទាំង​អស់​នេះ​ហើយ​ដែល​ជំរុញ​ឲ្យ​វិនិយោគិន​បរទេស​សម្លឹង​ឃើញ​កម្ពុជា និង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ល្បឿន​រីក​ចម្រើន​ក្នុង​វិស័យ​ដី​ធ្លី​នៅ​អាស៊ាន៕

 

កម្ពុជា​សឹង​តែ​ជាប់​លេខ​ ១​នៅ​អាស៊ាន​លើ​ល្បឿន​រីក​ចម្រើន​ក្នុង​វិស័យ​ដី​ធ្លី​

 
អត្ថបទ៖ លឹម សុ​នា​​