ស្នេហា​បែប​យុវវ័យ «មាន់ថ្មីរបស់ខ្ញុំ»

«អ៊ូយ! ស្អី​ហ្នឹង!!»
«អូយ​!! អ្នកណា​ហ្នឹង ​ម៉េច​រត់​មិន​មើល​សោះ​អ៊ីចឹង​?!»

ពុទ្ធោ​អើយ! ​ខ្ញុំ​រត់​ទៅ​លឿន​ពេក​ចាប់​ហ្វ្រ័ង​មិន​ទាន់​ក៏​ទៅ​បុក​នឹង​នាយ​ឆ្កួត​ម្នាក់​ពេញ​មួយ​ទំហឹង​ដួល​ទាំង​ពីរ​ ធ្វើ​ឱ្យ​ខ្ញុំ​ដួល​បះ​ជើង​តែម្ដង​។ នាយ​ឆ្កួត​នោះ​ក្រោក​យ៉ាង​លឿន ចំណែក​ខ្ញុំ​ម៉េច​ក៏​ងើប​មិន​រួច​អ៊ីចឹង​នៀក?
«ហើយ​នាង​រត់​ប្រញាប់​ទៅ​ឋាន​ណា​ដែរ? មិន​ចេះ​មើល​គេ​ឯង​ទេ​អ្ហី? គិត​ថា​ផ្លូវ​នេះ​មាន​តែ​នាង​ម្នាក់​ឯង​ទេ​អ្ហី?!»
​ទៅ​ឋាន​ណា​អ៊ីចឹង​អ្ហី? ដួច​ជា​ហួសហេតុ​ពេក​ហើយ​ ចង់​និយាយ​ថា​ខ្ញុំ​រត់​ទៅ​ងាប់​ណា​មែន​ទេ?។

«នែ៎​! លោក​ឯង​និយាយ​ថា​ម៉េច​មិញ​? ខ្ញុំ​រត់​តែ​ខ្ញុំ ហើយ​លោក​ឯង​ម៉េច​មិន​គេច​ទៅ ​បើ​ដឹង​ថា​ខ្ញុំ​ប្រញាប់​ហើយ!!»

​គេ​ពិត​ជា​អត់​ចិត្ត​ណាស់​ ឃើញ​ខ្ញុំ​ដួល​ងើប​មិន​រួច​ហើយ​ក៏​មិន​ជួយ​លើក​ខ្ញុំ​ទៀត។ ខ្ញុំ​គិត​ក្នុង​ចិត្ត​​មិន​ទាន់​​ចប់​ផង ​នាយ​ម្នាក់​នោះ​ក៏​មក​ជួយ​លើក​ខ្ញុំ តែ​នាយ​នោះ​មក​កញ្ឆក់​ដៃ​ខ្ញុំ​ម្ខាង​សឹងតែ​របូត រួច​គេ​ក៏​យក​ដៃ​ម្ខាង​ទៀត​របស់​គេ​មក​ចាប់​ស្មា​របស់ខ្ញុំ​ទាំង​សងខាង​ ហើយ​ក៏​កញ្ឆក់​ខ្ញុំ​ឱ្យ​ងើបឡើង​ស្ទើរ​តែ​ផុតពី​ដី​។ យី​! អាង​តែ​ខ្លួន​ខ្ពស់​ឬ​អី? លើក​ខ្ញុំ​បែបនេះ។ នេះ​មនុស្ស​ណា៎​ មិនមែន​សំឡី​នោះទេ! ដៃ​ថ្នម​បន្តិច​ទៅ​។

​បន្ទាប់ពី​គេ​លើក​ខ្ញុំ​យ៉ាង​ប៉ផាប់ពភីង​រួច គេ​ក៏​ដើរចេញ​ទៅ​ដោយ​គ្មាន​លា​មួយ​មាត់។ បើ​ទាយ​មិន​ខុស​​នាយ​នេះ​ក៏​មក​រៀន​យឺត​ដូច​ខ្ញុំ​ដែរ។ មនុស្ស​ស្អី​មុខ​មាត់​ស្អាតបាត​ដែរ ​តែ​គ្មាន​ចិត្ត​។ សូម​កុំឱ្យ​ជួប​នាយ​ម្នាក់នេះ​ទៀត​អី​លោក​អើយ​។​

ខ្ញុំ​មក​ដល់​ក្នុង​ថ្នាក់​ក្រោយ​គេ​បង្អស់​ហើយ​ថ្ងៃនេះ​។ គ្រប់​គ្នា​សម្លឹង​មើល​ខ្ញុំ​ដើរ​ចូល​ក្នុង​ថ្នាក់​។ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដំបូង​ផង ខ្ញុំ​មក​យឺត​ខ្លាំង​បែប​នេះ បើ​គេ​មិន​មើល​ទើប​ចម្លែក។ គេ​សម្លឹង​មក​ខ្ញុំ ​តែ​ខ្ញុំ​ឱន​មុខ​ចុះ។ ខ្ញុំ​មិន​បាន​ខ្លាច​ពួកគេ​ទេ តែ​ខ្ញុំ​ខ្លាច​អ្នកគ្រូ​ទៅ​វិញ​ទេ។ អ្នក​គ្រូ​ម៉ោង​អង់គ្លេស​ហ្នឹង​កាច​ណាស់។ ខ្ញុំ​ធ្លាប់​រៀន​ជាមួយ​គាត់​កាល​ពី​ឆ្នាំ​មុន។ គឺ​កាច​ដូច​ខ្លា​អ៊ីចឹង សិស្ស​ដែល​រៀន​ជាមួយ​គាត់​គឺ​រាប​ដូច​កន្ទេល។ អ្នកគ្រូ​មិន​ចូល​ចិត្ត​ខ្ញុំ​ទេ ​ព្រោះ​ខ្ញុំ​រៀន​មិន​ពូកែ ថែម​ទាំង​មក​យឺត​សឹង​រាល់​ដង​ឱ្យ​តែ​ម៉ោង​គាត់។ ខ្ញុំ​រៀន​មិន​ពូកែ​មែន​ តែ​ខ្ញុំ​បាន​សម្ដី​យោង។ នេះ​ជា​ចំណុច​ខ្លាំង​របស់​ខ្ញុំ​។

​ខ្ញុំ​ដើរ​តម្រង់​ទៅ​តុ​ទំនេរ​មួយ​ក្បែរ​សិស្ស​ប្រុស​ម្នាក់។ ខ្ញុំ​មិន​បាន​ឃើញ​មុខ​គេ​ទេ​ ព្រោះ​មើល​តែ​មួយ​ក្រលេក​ ឱ្យ​តែ​ឃើញ​តុ​ទំនេរ​នឹង​អាល​ទៅ​អង្គុយ និង​ដើម្បី​ឱ្យ​ផុត​ពី​ក្រសែ​ភ្នែក​របស់​មនុស្ស​អាក្រក់​ដែល​កំពុង​សម្លឹង​មក​ខ្ញុំ។ ខ្ញុំ​ដើរ​ចូល​ទៅ​អង្គុយ​យ៉ាង​លឿន​ក្បែរ​សិស្ស​ប្រុស​ម្នាក់​នោះ​។ អេ៎! ខ្ញុំ​ធ្វើ​មុខ​ស្លឺ​ពេល​ឃើញ​នាយ​ស៊យ​ដែល​ទើប​តែ​បុក​គ្នា​មិញ​នេះ​រៀន​ជាមូយ​ខ្ញុំ​ដែរ។ ព្រឹក​នេះ​ខ្ញុំ​អី​ក៏​ស៊យ​យ៉ាង​នេះ បន់​មិន​ឱ្យ​ជួប​ទៀត​ តែ​បែរ​ជា​មក​រៀន​ជាមួយ​គ្នា​ ថែម​ទាំង​អង្គុយ​ជិត​គ្នា​ទៀត។

ស្លាប់​ហើយ​ខ្ញុំ! តើ​អាច​ទ្រាំ​រៀន​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទៅ?​ […]

 

ចុចអានសាច់រឿងទាំងស្រុង!

 

ស្នេហា​បែប​យុវវ័យ «មាន់ថ្មីរបស់ខ្ញុំ»

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ