ទាហាន​ថៃ​ព័ទ្ធ​ព្រៃ​ចាប់​ពលករ​ខ្មែរ​កាប់​ឈើ​គ្រញូង​ជិត​៣០​នាក់

ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ខេត្ត​ប្រា​ជី​ន​បុរី​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា ពលករ​ខ្មែរ រួម​ទាំង​អ្នកបើកបរ​រថយន្ត​ថៃ​សរុប​២៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ព័ទ្ធ​ចាប់​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​មួយ ក្នុងស្រុក​ណា​ឌី ខេត្ត​ប្រា​ជី​ន​បុរី ខណៈ​ពួក​គេ​ទៅ​ស៊ីឈ្នួល​កាប់ និង​ជញ្ជូន​ឈើ​គ្រញូង ហើយ​អ្នកបើកបរ​ស៊ីឈ្នួល​ទៅ​ដឹក​ជញ្ជូន​ពលករ​ត្រឡប់ ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៤ ឧសភា ឆ្នាំ​២០១៦ ក្រុម​ពលករ​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឱ្យ​ដេក​ក្រាប​ផ្ទាល់​ដី​ព្រោះ​ខ្លាច​កើត​មានការ​តដៃ​ជាមួយ​សមត្ថកិច្ច ព្រោះ​មុន​កើតហេតុ​មាន​ប្រភព​ថា មានការ​បាញ់​តដៃ​គ្នា​ពី​ខ្មាន់កាំភ្លើង ដែល​ការពារ​ពលករ​កាប់​ឈើ​គ្រញូង​ទាំងនោះ ។

ប្រភព​ថា ពលករ​ទាំងនេះ មាន​ម្នាក់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ គឺ​ឈ្មោះ​ណា វ​ណ្ណា ភេទ​ប្រុស បាន​សារភាព​ថា គ្នា​គេ​សរុប​មាន​៦០​នាក់ ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​តាម​បន្ទាត់​ព្រំដែន ក្នុងស្រុក​អារញ្ញ ដោយ​មាន​រថយន្ត​ចាំ​ដឹក​ជញ្ជូន​ទៅ​មក ។

មិនតែប៉ុណ្ណោះ បុរស​ម្នាក់​នេះ​ប្រាប់​ថា គ្នា​ពួក​គេ​ត្រូវ​បែងចែក​ជា​២​ក្រុម ដោយ​មួយ​ក្រុម​កាប់​មួយ​ក្រុម​ទៀត ជញ្ជូន​ចេញពី​ព្រៃ ហើយ​ថា​ពួក​គេ ស្ថិត​នៅ​ក្នុង​ព្រៃ​ចំនួន​១៤​ថ្ងៃ​មក​ហើយ ហើយ​បាន​ជញ្ជូន​ឈើ​គ្រញូង​ដាក់​រថយន្ត​ដឹក​ចេញ​បាន​៣​រថយន្ត​រួច​ទៅ​ហើយ​ដែរ ។

អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​ម្នាក់ វ័យ​៣៩​ឆ្នាំ ជា​អ្នក​ខេត្ត​ស្រះ​កែវ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​ពេល​នេះ​ទាំង​ក្រុម​ពលករ​ទាំង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​នោះ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សាកសួរ ។ យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​នេះ​កោះសន្តិភាព ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ​ចុច​មិន​ចូល ។