ព្រឹកនេះ តំណាង CPP លោក សុខ ឥ​សាន ចូល​បំភ្លឺ​តំណាង​អយ្យការ

រាជធានី​ភ្នំពេញ ៖​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​ជាដើម​បណ្តឹង លោក សុខ ឥ​សាន ដែល​ដាក់​ពាក្យ​ប្តឹង​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិ​ទ្ឋិ​មនុស្ស​កម្ពុជា លោក អ៊ូ វី​រៈ ពី​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ និង​ទារ​សំណង​៤០០​លាន​រៀល​នោះ នឹង​ត្រូវ​ចូល​ទៅ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកាកោះ​របស់​លោក​ព្រះរាជ​អាជ្ញា​រង សៀង សុខ ។

បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ថា ការ​ចូល​ទៅ​បំភ្លឺ​របស់​លោក សុខ ឥ​សាន សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អ្នកនាំ​ពាក្យ ​CPP នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ឧសភា ២០១៦ ក៏មាន​លោក គី តិច មេធាវី​អម​ផង​ដែរ ។

ជា​ការ​កត់សម្គាល់​ការ​ដែល CPP សម្រេច​ដាក់​ពាក្យ​ប្តឹង​លោក អ៊ូ វី​រៈ ប្រធាន​អង្គការ​វេទិកា​អនាគត​និង​ជា​អ្នកវិភាគ​នយោបាយ​និង​សង្គម​ផង​នោះ​ កាលពី​ថ្ងៃ​ទី​២៤ មេ​សា ​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​មជ្ឈមណ្ឌល​សិ​ទ្ធិមនុស្ស​កម្ពុជា​រូប​នេះ បាន​ធ្វើ​អត្ថាធិប្បាយ​ផ្សាយ​តាម​រលកធាតុអាកាស​វិទ្យុ​អាស៊ី​សេរី ​ដោយ​លើក​ឡើង​ថា «​យុ​ទ្ធ​សាស្ត្រ​របស់​​គណបក្សកាន់អំណាច​នា​ពេល​នេះ គឺ​ព្យាយាម​គាបសង្កត់​លោក កឹ​ម សុខា និង​ហិរញ្ញវត្ថុ​របស់​លោក​» ។ ការ​អត្ថាធិប្បាយ​របស់​លោក អ៊ូ វី​រៈ​នេះ បាន​ធ្វើ​ឲ្យ​លោក សុខ ឥ​សាន យល់​ថា​ ជា​ការ​មួល​បង្កាច់បង្ខូច​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្សកាន់អំណាច​ និង​សម្រេច​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង​៕