ខឹង Starbucks ដាក់​កាហ្វេ​មិន​ពេញ​កែវ ស្ត្រី​ម្នាក់​ប្តឹង​ទា​ជំងឺ​ចិត្ត​៤,៣​លាន​ដុល្លារ​

 

​មិន​ត្រឹមតែ​ក្រុមហ៊ុន​រថយន្ត ឬ​ធនាគារ ប៉ុណ្ណោះ​ទេ ដែល​រង​ការប្តឹង​ពី​អតិថិជន នៅពេលនេះ ក្រុមហ៊ុន​កាហ្វេ​ដ៏​ធំ​របស់​អាមេរិក Starbucks ក៏ត្រូវ​អតិថិជន​របស់ខ្លួន​កើត​ទុក​មិន​សុខចិត្ត រហូតដល់​ប្តឹងទៅ​តុលាការ​ផងដែរ​។ ស្ត្រី​ម្នាក់​នៅ​រដ្ឋ​ស៊ីកា​ហ្គោ សហរដ្ឋអាមេរិក បានដាក់​ពាក្យ​ប្តឹងទៅ​តុលាការ​ពីបទ​ឆបោក ដោយសារតែ​គាត់​សង្កេតឃើញថា កាហ្វេ​មិនដែល​ត្រូវបាន​ដាក់​ពេញ​កែវ​នោះឡើយ​។​

​ក្នុង​ពាក្យបណ្តឹង​កាលពី​ថ្ងៃទី​២៧ ខែមេសា ស្ត្រី​ដែលជា​អតិថិជន បាន​រៀបរាប​ប្រាប់​តុលាការ​ថ្នាក់​តំបន់​អ៊ី​លីណ​យ ថា បុគ្គលិក Starbucks ដាក់​កាហ្វេ​តែ​៤១​សង់​ទី​លីត្រ​ប៉ុណ្ណោះ​សម្រាប់​កាហ្វេ Frappuccino មួយ​កែវ ដោយ​កម្រិត​ដែល​បាន​ផ្សព្វផ្សាយ​គឺ​៧០​សង់​ទី​លីត្រ​។​

​ស្ត្រី​ដើមបណ្តឹង​បាន​កត់សម្គាល់ថា បុគ្គលិក​ក្រុមហ៊ុន​កាហ្វេ​របស់​អាមេរិក​មួយ​នេះ តែងតែ​ព្យាយាម​ដាក់​ទឹកកក​បំពេញ​កែវ ដើម្បី​ឲ្យ​គេ​យល់​ច្រ​លំ​ថា កាហ្វេ​មាន​បរិមាណ​ត្រឹមត្រូវ​។ ចំពោះ​ពាក្យបណ្តឹង​នេះ គាត់​បាន​ទាម​ទារជំងឺចិត្ត ៤,៣​លាន​ដុល្លា​អាមេរិក​។​

​យោងតាម Daily Mail ក្រុមហ៊ុន Starburcks បាន​អះអាងថា ពួកគេ​បានដឹង​ពី​ការប្តឹង ប៉ុន្តែ​មិនបាន​ចាត់ទុកជា​រឿង​ធំ​ដំ​នោះឡើយ​។ «​អតិថិជន​របស់​យើង​ដឹង​ច្បាស់​ហើយ​ថា ទឹកកក​ជា​ផ្នែក​ដ៏​សំខាន់​នៅក្នុង​កាហ្វេ ប៉ុន្តែ​បើ​ពួកគាត់​មិន​ពេញចិត្ត ឬ​ឃើញ​ការខ្វះខាត​អ្វីមួយ យើង​អាចធ្វើ​ឡើងវិញ​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ដែលមាន​សាខា​ជាង​២៣០០០​នៅលើ​ពិភពលោក​។​

​កន្លងមក ជនជាតិ​អាមេរិក​ពីរ​នាក់​(
)​ដែល​រស់នៅ​រដ្ឋកា​លី​ហ្វ​នីញ៉ា សហរដ្ឋអាមេរិក បានដាក់​ឯកសារ​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ប្រឆាំង Starbucks ពីបទ​ឆបោក ផងដែរ​។ Siera Strumlauf និង Benjamin Robles បាន​ចោទប្រកាន់​ក្រុមហ៊ុន Starbucks ថា​បាន​អនុវត្ត​ខុសពី​តារាងបញ្ជី​របស់ខ្លួន​។ ពួកគេ​បាន​កត់សម្គាល់ថា កាហ្វេ​ឡា​ត់​តេ​ដែល​ពួកគេ​ផឹក​ទាំង​កែវ​តូច មធ្យម និង​ធំ សុទ្ធតែ​មិន​គ្រប់​ចំណុះ ពោលគឺ​ខ្វះ​២៥​ភាគរយ​ទាំងអស់​៕