ថៃ​បង្ក្រាប​អ្នក​ឆ្លង​ដែនពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​ត្រូវ​ឡោម​ព័ទ្ធ​ចាប់​បង្ក្រាប​រាប​ដល់​ដី

ថៃ​បង្ក្រាប​អ្នក​ឆ្លង​ដែនពលរដ្ឋ​ខ្មែរ​លួច​ចូល​កាប់​ឈើ​គ្រញូង​ត្រូវ​ឡោម​ព័ទ្ធ​ចាប់​បង្ក្រាប​រាប​ដល់​ដី



ខេត្តបន្ទាយមានជ័យ ៖ ប្រភព​ពី​ខេត្ត​ប្រា​ជី​ន​បូ​រី ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​រួម​ទាំង​អ្នកបើកបរ​រថយន្ត​ជនជាតិ​ថៃ​សរុប​២៩​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ឡោម​ព័ទ្ធ​ចាប់​ក្នុង​ព្រៃ​ឧទ្យាន​ជាតិ​មួយ​ក្នុងស្រុក​ណា​ឌី ខេត្ត​ប្រា​ជី​ន​បូ​រី ខណៈ​ពួក​គេ​ទៅ​ស៊ីឈ្នួល​កាប់​និង​ជញ្ជូន​ឈើ​គ្រញូង ។ ចំណែក​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ជា​អ្នកស៊ីឈ្នួល​ដឹក​ជញ្ជូន​ពលករ ទាំង​ទៅ​និង​ទាំង​ត្រឡប់​មក​វិញ ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​៤ ឧសភា ២០១៦ នេះ ។

ក្រុម​ពលករ​ខ្មែរ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ថៃ​បញ្ជា​ឱ្យ​ដេក​ក្រាប​ផ្កាប់មុខ​រាប​ផ្ទាល់​ដី ព្រោះ​ខ្លាច​កើត​មានការ​តដៃ​មក​លើ​ពួក​គេ ព្រោះ​មុន​កើតហេតុ​មាន​ព័ត៌មាន​ថា មានការ​បាញ់​តដៃ​គ្នា​ពី​ខ្មាន់កាំភ្លើង​ដែល​ការពារ​ពលករ​កាប់​ឈើ​គ្រញូង​ទាំងនោះ​ផង ។ ប្រភព​ព័ត៌មាន​នេះ​បន្ត​ថា ពលករ​ទាំងនេះ​មាន​ម្នាក់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ គឺ​ឈ្មោះ ណា វ​ណ្ណា ភេទ​ប្រុស​បាន​សារភាព​ថា ពួក​គេ​សរុប​មាន​៦០​នាក់​ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រករបៀង​ក្នុងស្រុក​អារញ្ញ ដោយ​មាន​រថយន្ត​ថៃ​ស៊ីឈ្នួល​ចាំ​ដឹក​ជញ្ជូន​ទៅ​និង​មក ដែល​ជា​រឿង​ឃុបឃិត​គ្នា​រវាង​ចោរ​ក្នុង និង​ចោរ​ក្រៅ​ផ្ទះ ។

មិនតែប៉ុណ្ណោះ បុរស​ម្នាក់​នេះ​បាន​ប្រាប់​ថា​ពួក​គេ​ត្រូវ​បាន​បែងចែក​ជា​២​ក្រុម ដោយ​មួយ​ក្រុម​កាប់​ឈើ​គ្រញូង​មួយ​ក្រុម​ទៀត​ជញ្ជូន​ចេញពី​ព្រៃ ហើយ​និយាយ​ថា ពួក​គេ​ស្ថិត​នៅ​ក្នុង​ព្រៃ​ចំនួន​១៤​ថ្ងៃ​មក​ហើយ ។ ពួក​គេ​ក៏​បាន​ជញ្ជូន​ឈើ​គ្រញូង​ដាក់​រថយន្ត​ដឹក​ចេញ​៣​រថយន្ត​រួច​ទៅ​ហើយ​ដែរ ។

អ្នកបើកបរ​រថយន្ត​ជា​ជនជាតិ​ថៃ​ម្នាក់ វ័យ​៣៩​ឆ្នាំ ជា​អ្នក​ខេត្ត​ស្រះ​កែវ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​ពេល​នេះ​ទាំង​ក្រុម​ពលករ​ខ្មែរ​ទាំង​អ្នកបើកបរ​ជា​ជនជាតិ​ថៃ​ម្នាក់​នោះ កំពុង​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​សាកសួរ ។

យ៉ាងណា​ក៏​ដោយ ជុំវិញ​ករណី​នេះ​កោះសន្តិភាព​ពុំ​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ ពី​មន្ត្រី​កម្ពុជា​ប្រចាំ
ប្រទេស​ថៃ​បាន​នៅឡើយ​ទេ ដោយ​ទូរស័ព្ទ​របស់​លោក ប៊ុ​ន សុខ​វិបុល អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះ​កែវ ទាក់ទង​មិន​បាន។

ស្ថានទូត​កំពុង​សម្របសម្រួល​បញ្ជូន​ពលករ​ខ្មែរ​៥៤​នាក់​ពី​ឥណ្ឌូ​ណេ​ស៊ី​មក​ប្រទេស​វិញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី បាន​ចាត់​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​កុងស៊ុល ឱ្យធ្វើ​ដំណើរ​ទៅ​កាន់​កោះ Pontianak ប្រទេស​ឥណ្ឌូ​ណេ​ស៊ី នៅ​ថ្ងៃ​ទី​២៩ មេ​សា ដើម្បី​ជួប​សួរសុខទុក្ខ និង​ពិនិត្យ​អំពី​ស្ថានភាព​របស់​ពលករ​ខ្មែរ​ចំនួន​៥៤​នាក់ ដែល​ត្រូវ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី រក្សា​ទុក​នៅ​ទីនោះ ហើយនឹង​រៀបចំ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំងនោះ​មក​កម្ពុជា​វិញ​ឱ្យ​បាន​ឆាប់រហ័ស ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​លោក​ជុំ សុន្ទរី  អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្ងៃ​៤ ឧសភា ។

សេចក្តី​ប្រកាស​ដដែល​បន្ត​ថា តាម​របាយការណ៍​ដែល​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទទួល​បាន​ពី​ស្ថានទូត នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៦ ឱ្យ​ដឹង​ថា ៖

-​ពលករ​ខ្មែរ​ទាំង​៥៤​នាក់​នោះ​បាន​ចាញ់បោក​គេ​ឲ្យ​ទៅ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​ចំនួន​៣​ផ្សេង​គ្នា ដោយ​សន្យា​ថា​នឹង​ទទួល​បាន​ប្រាក់បៀវត្ស​ច្រើន ហើយ​ទទួល​បាន​ប្រាក់​បន្ថែម (Bonus) ផង​ដែរ ក្នុង​ករណី​ទូក​ចាប់​បាន​ត្រី​ច្រើន ។ នៅ​លើ​ទូក​ពួក​គេ​ធ្វើការ​ស្ទើរតែ​គ្មាន​ពេល​សម្រាក និង​ក្នុង​ស្ថានភាព​ដែល​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។

-​ពលករ​ទាំង​៥៤​នាក់​នេះ ត្រូវ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី​ជួយ​សង្គ្រោះ​ចេញពី​ទូក​នេសាទ​ចំនួន​៣​ដែល​បាន​ចូល​ទៅ​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ឥណ្ឌូ​ណេ​ស៊ី ហើយ​ត្រូវ​ឥណ្ឌូ​ណេ​ស៊ី ឃាត់​ទុក​ក្នុង​អំឡុង​ពាក់កណ្ដាល​ខែមេសា​កន្លង​មក ។ សមត្ថកិច្ច​ឥណ្ឌូ​ណេ​ស៊ី បាន​ចាត់​ទុក​ពលករ​ទាំងអស់​ជា​ជន​រង​គ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស ពុំ​មែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ឡើយ ។

-​អ្នកនាំពាក្យ​បន្ត​ថា មន្ត្រី​ស្ថានទូត​បាន​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​ពលករ​ទាំង​៥៤​នាក់ ហើយ​ពិនិត្យ​ឃើញ​ថា​មាន​សុខភាព និង​ស្ថានភាព​ជា​ធម្មតា ពុំ​មាន​បញ្ហា​អ្វី​គួរ​ព្រួយបារម្ភ​ឡើយ ហើយ​បាន​ជម្រាប​ជូន​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​រៀបចំ​មាតុភូមិនិវត្តន៍ ឱ្យ​បាន​ឆាប់រហ័ស​ក្នុង​ពេល​ខាង​មុខ​នេះ ។

-​ស្ថានទូត​កំពុង​ជំរុញ​ការ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ឥណ្ឌូ​ណេ​ស៊ី និង​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) រៀបចំ​មាតុភូមិនិវត្តន៍​របស់​ពលករ​ទាំង​៥៤​នាក់​នោះ ៕