ព្រីម លីហ្សា មិន​​ឈឺ​​ក្បាល​​វិល​​មុខ នឹង​​សម្ដី​​ដៀម​​ដាម​ផ្លែ​ផ្កា របស់ Pey Pey Dy (Video Inside)

(ភ្នំពេញ)៖ តារាសម្ដែងស្រីដ៏ស្រស់សោភា និងត្រូវបានគេស្គាល់គ្រប់ៗគ្នាថា ចូលចិត្តសម្ងែងម៉ាកសម្លៀកបំពាក់ល្បីៗ លំដាប់ពិភពលោក កញ្ញា ព្រីម លីហ្សា ថ្មីៗនេះត្រូវបានគេដឹងថា នាងនៅតែមានស្ទីលថ្មីប្លែក ជាមួយនឹងសម្លៀកបំពាក់មានតម្លៃថ្លៃកប់ពពក។ គ្រាន់តែបញ្ចេញឈុតថ្មី មានតម្លៃប្រមាណជាង១ម៉ឺនដុល្លារភ្លាម តារាសម្ដែង ព្រីម លីហ្សា ត្រូវបានអ្នកលរងបណ្ដាញសង្គម Facebook ធ្វើការរិះគន់យ៉ាងចាស់ដៃ ជាពិសេសតារាហ្វេសប៊ុក និងជាតារាសម្ដែងដូចគ្នា គឺលោក Pey Pey Dy បាននិយាយដៀមដាមលក្ខណៈបញ្ឆិតបញ្ឆៀងឲ្យ តារាសម្ដែង ព្រីម លីហ្សា ក្នុងការពាក់អាវថ្លៃៗ ចូលរួមកម្មវិធីមិត្តភក្តិតែម្ដងគត់ ពោលមិនពាក់ដដែលៗ នោះទេ។

ព្រីម លីហ្សា ជាតារាសម្ដែងម្នាក់ ដែលតែងតែលេចមុខ ក្នុងកម្មវិធីផ្សេងៗ ក្នុងសម្លៀកបំពាក់ កាបូប និងស្បែកជើងថ្លៃៗ ក្នុងមួយឈុតៗ ពេលខ្លះលើស១ម៉ឺនដុល្លារក៏មាន ។ គេនៅចាំបានថា ពេល ព្រីម លីហ្សា ចូលរួមមង្គលការ លោក វីជេ រតនា នាងស្លៀកខោអាវមួយឈុត ជិត១ម៉ឺន ហើយត្រូវបានអ្នកលេងបណ្ដាញសង្គម នាំគ្នាត្រូល (Trol)នាង ព្រោងព្រាត ហើយគេឃើញមិនត្រឹមតែក្នុងទំព័រ ហ្វេសបុកមួយចំនួនទេ ដល់ថ្នាក់តារាហ្វេសប៊ុក ដ៏ល្បីល្បាញ លោក Peypey DY ក៏ឌឺដងផ្លែផ្កាឲ្យនាងដែរ ។

ក្នុងវីដេអូមួយ លោក Peypey DY បាននិយាយថា លោកប្រើប្រាស់សម្លៀកបំពាក់ថ្លៃៗ រាប់ម៉ឺនដុល្លារ ហើយលោកពាក់តែម្ដងៗទេ សូម្បីតែបន្ទប់ទឹកលោកក៏មានតម្លៃរាប់ម៉ឺនដុល្លា ហើយប្រើប្រាស់បានតែលោកម្នាក់គត់ ។ សម្ដីទាំងនេះ មិនខុសអីពីសម្ដី កញ្ញា ព្រីម លីហ្សា បាននិយាយប្រាប់បណ្ដាញព័ត៌មាន មួយចំនួនថា កញ្ញា ពាក់ខោអាវតែម្ដងៗ ហើយឈប់ពាក់ ព្រោះខោអាវថ្លៃពាក់ច្រើនដង នាំតែសាំភ្នែកអ្នកមើល ។

ថ្វីត្បិតតែមហាជនជាច្រើន បានដៀមដាមឲ្យតារាស្រីរូបនេះ ប៉ុន្តែក៏នៅមានអ្នកគាំទ្រ ព្រីម លីហ្សា ហាក់កើនឡើងផងដែរ ពួកអ្នកគាំទ្រ នាំគ្នានិយាយថា នាងមានគំនិតច្នៃប្រឌិតខ្ពស់ ចេះរកអ្វីដែលថ្មី មកឲ្យសង្គមសិល្បៈកម្ពុជា ហើយអ្នកខ្លះ ក៏និយាយថា លុយនាងសោះ ហេតុអ្វីចេះតែរិះគន់នាង ។

ដោយឡែកម្ចាស់សាមីខ្លួន នាង ព្រីម លីហ្សា បាននិយាយប្រាប់ Khmertalking ថា នាងបានឃើញវីដេអូ Peypey DY តែមិនបានចាប់អារម្មណ៍ ព្រោះមិននិយាយចំឈ្មោះនាងផង អ្វីដែលសំខាន់ មានអ្នកយល់ពីនាងកាន់តែច្រើន ហើយដឹងថា នាងជាមនុស្សបែបណា ។ ព្រីម លីហ្សា ពេញចិត្តជាមួយអ្វីដែលនាងធ្វើ ក្នុងពេលបច្ចុប្បន្ន។ ព្រីម លីហ្សា ថ្វីត្បិតតែរូបសម្រស់នាង មិនស្អាតលេចធ្លោ តែនាងជាតារាមានភាពទាក់ទាញខ្លាំង សូម្បីតែជនជាតិសឹង្ហបូរីម្នាក់ ធ្លាប់រួមការងារជាមួយនាង ក៏សរសើរថា នាងជាតារាមានមន្តស្នេហ៍មិនធម្មតា ហើយគួរឲ្យស្រឡាញ់ដែរ ៕

ប្រភព ៖
Freshnews

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload