ចោរប្លន់​កាបូប​លុយ​១មុឺនដុល្លារយ៉ាងស្រួល​

ខេត្តតាកែវ ៖ ស្ដ្រី​ម្នាក់​ត្រូវ​ចោរ​ប្រដាប់​អាវុធ​ចូល​ភ្ជង់​ប្លន់​យក​កាបូប​លុយ រួច​រត់ឡើង​ម៉ូតូ​បក្សពួក​ដែល​កំពុង​បញ្ឆេះ​គេចខ្លួន​បាត់​ស្រមោល ដោយ​សុវត្ថិភាព​ទាំង​កណ្ដាលថ្ងៃត្រង់ ខណៈ​ពេល​ដែល​ស្ដ្រី​រង​គ្រោះ​កំពុង​អង្គុយ កាន់​កាបូប​លុយ​លើ​កៅអី នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​លក់​ឱសថ​បុរាណ​មួយ​ឈ្មោះ​ខេ​លីង ។

អំពើ​ប្លន់​នេះ បាន​កើតឡើង​ថ្ងៃ​ទី​៥ ឧសភា វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ស្ថិត​ក្នុង​ក្រុមហ៊ុន​ខេ​លីង លក់​ឱសថ​បុរាណ​ធម្មជាតិ ក្នុងភូមិ​ប្រហួ​ត សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។

មន្ដ្រី​ប៉ូលិស​ក្រុង​ដូន​កែវ បានឱ្យ​ដឹង​ថា ស្ដ្រី​ដែល​ត្រូវ​ចោរប្លន់​ភ្ជង់​យក​កាបូប​លុយ​ទៅ​បាត់​នោះ ឈ្មោះ មាន វ​ណ្ណះ អាយុ​២៩​ឆ្នាំ បាន​យក​ប្រាក់​មក​បង់​ឱ្យ​ក្រុមហ៊ុន​ជាមួយ​ប្ដី ដោយ​ស្ដ្រី​រង​គ្រោះ​អង្គុយ​កៅអី​ចាំ​អ្នក​មក​ទទួល ។ រីឯ​ប្ដី​បាន​ចេញ​ទៅ​ក្រៅ​បន្ដិច គឺ​ពេល​នោះ​ហើយ​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​ហុងដា ធុន​សេ​១២៥​មួយ​គ្រឿង មក​ឈប់​មុខ​ក្រុមហ៊ុន ហើយ​បក្សពួក​ម្នាក់​ចុះ​ពីលើ​ម៉ូតូ​ដើរ​ចូល​មក​រក​ស្ដ្រី​រង​គ្រោះ ដោយ​ដក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល​ស្ដ្រី​រង​គ្រោះ​គំរាម​មិន​ឱ្យ​ស្រែក រួច​ឆក់​យក​កាបូប​លុយ​រត់ឡើង​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​ភ្លាម​ៗ​ផង​ដែរ ។

ជុំវិញ​អំពើ​ប្លន់​នេះ​បាន​ធ្វើ​ឱ្យ​មានការ​សង្ស័យ​ថា ក្រុម​ចោរប្លន់​នេះ​ហេតុ​អី​បានដឹង​ច្បាស់​ថា​ក្នុង​កាបូប​ស្ដ្រី​រង​គ្រោះ​មាន​លុយ​ច្រើន ហើយ​ប្លន់​ចំ​គោលដៅ​ថែម​ទៀត ។ ពិត​ណាស់​ការ​ប្លន់​នេះ មិនមែន​ដោយ​ចៃដន្យ​នោះ​ទេ ។ បើ​តាម​សម្ដី​លោក រ័​ត្ន នាង ត្រូវជា​ប្ដី​ស្ដ្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​ថា លុយ​នៅ​ក្នុង​កាបូប​ដែល​ប្រពន្ធ​កាន់ ហើយ​ត្រូវ​ចោរ​ភ្ជង់​ប្លន់​យក​ទៅ​នោះ មាន​ចំនួន​ជាង​១​មុ​ឺ​ន​ដុល្លារ គឺជា​លុយ​ខ្ចី​ក្រុមហ៊ុន ហើយ​ថ្ងៃនេះ​យក​មក​បង់​ឱ្យ​ក្រុមហ៊ុន​វិញ ក៏​ត្រូវ​ចោរប្លន់​យក​ទៅ​ទៀត ។

កោះសន្ដិភាព​បាន​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​វរសេនីយ៍ត្រី ឆាយ សា​វុ​ធ អធិការ​ក្រុង​ដូន​កែវ​បាន​នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ទី​៥ ឧសភា ដោយ​លោក​ប្រាប់​ថា ប៉ូលិស​កំពុងធ្វើការ​ងារ​នេះ ៕